ភ្នំពេញៈ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី​ ១២​ សីហា ឆ្នាំ ២០២២ បាន​បន្តបើក​សវនាការ​ ចោទ​សួរ​សាក្សី​មួយ​ចំនួន​ក្នុង​សំណុំ​រឿង ​«ក្បត់​ជាតិ» របស់​លោក​ កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្រោម​បទចោទ​ សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស ឬ​ឃុប​ឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួ​ល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

លោក​ ប្លង់ សុផល អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា សវនាការ​របស់​លោក​ កឹម ​សុខា លើក​នេះ ជាសវនាការ​នៃ​ការ​សាក​សួរ​សាក្សី​ដែល​ត្រូវ​បាន​កោះ​ហៅសាកសួរ​ក្នុង​សំណុំរឿង​លោក​ កឹម​ សុខា ដែល​បច្ចុប្បន្ន​កំពុ​ង​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ ​«សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស​» ក្រោម​មាត្រា​ ៤៤៣ នៃក្រ​មព្រហ្មទ​ណ្ឌ។

លោក ​ប្លង់ សុផល ​បញ្ជាក់​ថា៖​«សាក្សី​មាន​ច្រើន​នាក់ ហើយ​រសៀល​នេះ សវនាការ​បាន​ស្តាប់​ចម្លើយ​សាក្សី ៣​ នាក់ នឹង​បន្ត​សាក​សួរ​សាក្សី​ដែល​នៅសេសស​ល់ព្រឹក​ស្អែក​ទៀត»។​

លោក​ស្រី ចក់ សុភាព នាយិ​កា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​ថ្លែង​ថា សរុប​សាក្សី​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ១២​​ តុលា​ មាន​ ៦ នាក់ ខណៈ ៣ ​នាក់​នៅ​ភ្នំពេញ ដែល​តុលាការ​ខក​ខាន​មិន​បានសាកសួ​រកាល​ពីថ្ងៃទី ​៥ ខែតុលា​ ឆ្នាំ ២០២២​ និង ៣​ នាក់​ទៀត​មក​ពីខេត្ត។​ សាក្សី ១ រូប គឺ​លោក​ ឈឹម​ ផលវរុណ​ ត្រូវ​បាន​តុលាការ​ឱ្យចូល​ក្នុងសាល​ជំនុំ​ជម្រះ ដើ​​ម្បី​សាក​សួរ​មុន​គេនៅ​ពេល​ព្រឹ​ក​ថ្ងៃទី​ ១២ ​តុលា​។

លោក​ស្រីបន្ត​ថា សវនាការ​បាន​បន្ដ​នៅ​ពេល​រសៀល​មាន​សាក្សី ៤​ នាក់ រួម​មាន​ទាំង​លោក​ស្រីផង​ដែរ​។

លោក​ យឹម ស៊ីណន មនុស្ស​ស្និទ្ធ​នឹង​លោក​ កឹម សុខា ថ្លែង​ថា ការ​សួរ​ដេញ​ដោល​សាក្សី​ ហាក់​មានដំណើរ​ការ​យូរ​ ដោយ​សារ​តែ​តំណាង​អយ្យការ​អូស​បន្លាយ​ពេល​វេលា និង​មិន​បាន​សួរ​គ្រប់​គ្នានោះទេ។ លោក​ស្នើដល់​ចៅក្រម​ជំនុំ​ជម្រះ​ រៀបចំនី​តិវិធី ដើម្បី​ធ្វើ​ការ​សាក​សួរ​សាក្សី​ឱ្យ​បាន​ច្រើន​ ។

លោក​ថ្លែង​ថា៖ «ចៅ​ក្រមក៏ដូច​ជា​មេធាវី​ដើម​បណ្តឹង សួរ​ពីទំនាក់​ទំនាក់​លោក ឈឹម ​​​ផលរុន ជាមួយ​នឹង​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​របស់ លោក កឹម សុខា ដែល​បង្កើត​ដំបូង និង​សួរ​ពីការ​ទំនា​ក់ទំនង​ជាមួយ​ជន​បរទេស​ជាដើម​»។

បើតាម​លោក​ យឹ​ម ស៊ីណន​ ការកោះ​ហៅសាក្សី​ក្នុង​ពេល​ជាមួយ​គ្នា​របស់​តុលាការ​ គឺ​បង្ហាញ​ខ្លឹម​សារ​ក្នុង​នាម​ជាសា​ក្សី​ គឺមិន​បាន​ផ្តល់​ផល​ប្រយោជ​ន៍​ ឬជំនួយ​ដល់​ជន​ជាប់​ចោទ​នោះ​ទេ។ ជាមួយ​គ្នា​នេះ អង្គជំនុំ​ជំម្រះ ក៏បាន​ចោទ​សួរ​ទៅ​លើស្ត្រីម្នាក់​ដែល​បាន​ទៅ​រៀន​ជាមួយ​អង្គការ​ CANVAS នៅក្នុង​ប្រទេ​ឥណ្ឌូ​នេស៊ី កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពាក់​ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌។

ដោយ​ឡែក​នៅ​ពេល​រសៀល​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏បន្តសាកសួរ​សាក្សីបន្ថែម​ទៀត។

លោក​ ម៉ា ចិត្រា ដែល​ជាយុវជន​មា្នក់​ជាសាក្សី​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា ដែលតុលា​ការ​បានកោះ​ហៅដែរបា​ន​ថ្លែង​ថា៖ «ថ្ងៃ​នេះ​ខ្ញុំបាន​ឡើង​តុលាការ​តាម​ការ​កោះ​ហៅ​ជាលើក​ទី​២​ តែ​លទ្ធផល​ គឺអត់​បាន​សួរ-ឆ្លើយ​ ដោយសារ​សាក្សី​ច្រើន​ ពេល​វេលា​អត់​គ្រប់​ ហេតុ​នេះ​ក្នុង​នា​មខ្ញុំជា​សាក្សី នឹង​ត្រូវ​ឡើង​តុលាការ​ម្តង​ទៀត​នៅថ្ងៃស្អែក​ពេលព្រឹ​ក​»​៕