ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីមោទនភាពក្នុងរយៈពេល ៥ ឆ្នាំមកនេះ ក្នុងការដោះស្រាយវិវាទបុគ្គល និងដោះស្រាយវិវាទការងាររួមនៅតាមរោងចក្រ សហគ្រាស ដែលទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ខណៈការធ្វើកូដកម្មមានការថយចុះមកនៅត្រឹម ០,១ ភាគរយ។
ប៉ុន្តែប្រធានសហជីពដែលធ្វើការលើវិស័យរោងចក្រយល់ថា ការថយចុះកូដកម្ម បាតុកម្មនេះ ដោយសារច្បាប់ស្តីពីសហជីពមានការរឹតបន្តឹងសិទ្ធិសេរីភាពលើសហជីព និងកម្មករនិយោជិត។
ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១២ តុលា ឆ្នាំ ២០២២ រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា តាមរយៈកំណែទម្រង់បង្កើនសមត្ថភាពមន្ត្រីអធិការកិច្ចឃើញថា ចំនួនអធិការកិច្ចដែលធ្លាប់ចុះនៅតាមរោងចក្រសហគ្រាស គឺមានការថយចុះ ប៉ុន្តែប្រសិទ្ធភាព អនុលោមភាពមានការកើនឡើង។
តាមរយៈកំណែទម្រង់នៃប្រព័ន្ធអធិការកិច្ច ដោយផ្អែកលើការច្របាច់បញ្ចូលអន្តរអង្គភាព និងស្ថាប័ននេះធ្វើឱ្យយើងកាន់តែមានភាពងាយស្រួល និងកាន់តែអាចរកឃើញនូវចំណុចខ្វះខាត ធ្វើឱ្យរោងចក្រសហគ្រាសមិនមានចន្លោះប្រហោងក្នុងការគេចវេះ ដូច្នេះការគោរពច្បាប់មានការកើនឡើងទើបធ្វើឱ្យវិវាទនានាមានការថយចុះ។
លោកឱ្យដឹងថា ករណីវិវាទបុគ្គលដែលត្រូវបានដោះស្រាយសះជានៅកម្រិតក្រសួងកើនឡើងជាបន្តបន្ទាប់ពោលគឺនៅឆ្នាំ ២០១៨ មាន ៥៧ ករណី ២០១៩ មាន ៣០ ករណី ២០២០ មាន ៤១ ករណី ២០២១ មាន ៦០ ករណី និងឆ្នាំ ២០២២ ដោះស្រាយបាន ៦២ ករណី។ ជាមួយគ្នានេះដែរ សម្រាប់ដោះស្រាយវិវាទរួមឃើញថា ការសះជានៅកម្រិតរបស់សហគ្រាស និងក្រសួងមានការកើនឡើង ឧទាហរណ៍ឆ្នាំ ២០២២ កម្រិតសះជានៅក្រសួងឡើងដល់ ៦០ ភាគរយនៃវិវាទការងាររួម ហើយនៅជាង ៣០ ភាគរយក៏មានការសះជានៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោកថា៖ «នេះជាមោទនភាពមួយដែលយើងសង្កេតឃើញថា និន្នាការនៃការផ្ទុះវិវាទការងាររួម ហើយដែលចេញទៅជាកូដកម្មគឺមានការថយចុះជាបន្តបន្ទាប់ ដែលការថយចុះនេះមិនមែនមកពីការរឹតត្បិតទេ គឺមកពីភាគីពាក់ព័ន្ធទាំងនិយោជក ទាំងកម្មករនិយោជិតគាត់យល់អំពីច្បាប់លក្ខខណ្ឌ ហើយមានសិល្បៈនៃការចរចា»។
លោកបន្តថា ជាការពិត យើងអាចឃើញកូដកម្មមួយចំនួន ប៉ុន្តែជាសមិទ្ធផល គួរតែពិនិត្យទៅមើលនិន្នាការ គឺចំនួនមានការថយចុះ ហើយការសះជាគ្នា គឺថា មានច្រើនជាងមុន ដែលនេះជាចំណុច ដែលត្រូវពិនិត្យព្រៃទាំងមូលមិនអាចមើលតែករណីវិវាទ ឬកូដកម្មណាមួយហើយសន្មតថា ករណីវិវាទ និងកូដកម្មមាននៅគ្រប់កន្លែងទេ។
លោកថា៖ «យើងមើលឃើញទាំងអស់គ្នាថា ការដើរធ្វើកូដកម្មមានការថយចុះជាងមុនច្រើនធៀបជាមួយអាណត្តិមុន ដែលនេះជាមោទនភាពរបស់ក្រសួងការងារបានចូលរួមក្នុងការធានានូវសុខដុមរមនាកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»។ លោកបញ្ជាក់ថា យន្តការដោះស្រាយកូដកម្មត្រូវបានពង្រឹង ដែលបានបង្ហាញ អត្រាកូដកម្មបានថយចុះជាបន្តបន្ទាប់មកនៅត្រឹមក្រោម ១% នៅឆ្នាំ ២០២២ តាមរយៈការធ្វើអន្តរាគមន៍គ្រប់ទីកន្លែង និងទាន់ពេលវេលា និងការដោះស្រាយកូដកម្មទទួលបានប្រសិទ្ធភាពខ្ពស់ប្រមាណជិត ១០០ ភាគរយ។
ក្នុងរបាយការណ៍របស់ក្រសួងការងារគិតចាប់ពីឆ្នាំ ២០១៨ មកអត្រាកូដកម្មមាន ០,៤ ភាគរយ ២០១៩ មាន ០,៥ ភាគរយ ២០២០ មាន ០,៩ ភាគរយ ២០២១ មាន ០,៤ ភាគរយ និងឆ្នាំ ២០២២ មានការធ្វើកូដកម្មត្រឹម ០,១ ភាគរយ។ ចំណែកអត្រាការដោះស្រាយកូដកម្មនៅឆ្នាំ ២០២២ មាន ៩៦ ភាគរយ បើធៀបឆ្នាំ ២០២១ មាន ៩៤ ភាគរយ។
លោកថា ក្រៅពីធានាលក្ខខណ្ឌការងារ និងសុខភាព ក្រសួងបានបន្តពង្រឹងពង្រីកបង្កើតនូវលិខិតបទដ្ឋានបន្ថែមទៀត ដើម្បីធានានូវយន្តការដើម្បីដោះស្រាយវិវាទការងារបុគ្គល និងវិវាទការងាររួមឱ្យកាន់តែល្អធ្វើម៉េចឱ្យភាគីវិវាទអាចទទួលយកបាន ហើយអាចបញ្ចប់វិវាទដោយមិនចាំបាច់ប្តឹងផ្ដល់វែងឆ្ងាយ។
លោក ហេង សួរ បន្ថែមថា ក្នុងរយៈពេល ៥ ឆ្នាំមកនេះ ក្រសួងក៏បានធានានូវសេរីភាព អង្គការវិជ្ជាជីវៈដោយបានបន្តចុះបញ្ជិកាសហជីព សមាគមនិយោជក ជាបន្តបន្ទាប់ជាក់ស្តែងសហជីពមូលដ្ឋាននៅតាមរោងចក្រ ក្រុមហ៊ុន មានរហូតដល់ ៥ ៥៩១ សហជីព។
លោកថា៖ «ជារួមក្នុង ១ ឆ្នាំ សហជីពយ៉ាងតិចមានចំនួនជាង ១០០ ដែលត្រូវបានបង្កើតថ្មី ក្រៅពីនេះមានការកើនឡើងចំនួនសហព័ន្ធសហជីពរហូតដល់ ២៦៣ ហើយសហភាពសហជីពមាន ៤០ ។ អ៊ីចឹងយើងឃើញថា សេរីភាពនៃការបង្កើតសហជីពនៅកម្ពុជាត្រូវបានធានា ហើយមិនមានការថមថយទេ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា កត់សម្គាល់ឃើញថា ការធ្វើកូដកម្មមានការថយចុះបណ្តាលមកពីច្បាប់ស្តីពីសហជីពថ្មី ដែលជាកត្តាមួយទប់ស្កាត់ ដោយសារច្បាប់នេះមានចរិតរឹតត្បិតសេរីភាពរបស់កម្មករនិយោជិត និងសហជីព។ មួយទៀតទាំងវិវាទបុគ្គល និងវិវាទរួម ភាគីសហជីពព្យាយាមដោះស្រាយក្នុងកម្រិតមូលដ្ឋាន ហើយក៏ឃើញថា សំណុំរឿងមួយចំនួនទៀតបានធ្វើការជជែកជាមួយដៃគូខាងក្រៅ ដែលជាផ្នែកមួយក្នុងយន្តការទប់ស្កាត់ ករណីវិវាទដែលអាចរីករាលដាលធំ។ «ដូច្នេះយើងឃើញថា ទោះកូដកម្មមានការថយចុះ ប៉ុន្តែវិវាទនៅតែកើតមានច្រើន»។
លោកថា៖ «ខ្ញុំលើកឧទាហរណ៍ថា បើសិនជាមានករណីកូដកម្មកើតឡើង សហជីពអត់អាចចូលរួមក្នុងការសម្របសម្រួលបានទេ អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ឈានដល់រងការព្រមាន ឬប្តឹង ដូច្នេះទាំងអស់នេះ ដែលធ្វើឱ្យសហជីព រអាក្នុងការចូលរួមដោយសារច្បាប់ដាក់បម្រាមមកអ៊ីចឹង»។
លោកបន្តថា ជាការពិត ការបង្កើតសហជីពមានការកើនឡើងមែន ប៉ុន្តែមិនមែនជាសហជីព ដែលឈរលើគោលការណ៍ឯករាជ្យនោះទេ ឬការពារប្រយោជន៍កម្មករនិយោជិតទេ។
បន្ថែមពីនេះលោក ហេង សួរ បានឱ្យដឹងថា តាមរយៈកំណើនសេដ្ឋកិច្ចឃើញថា អត្រាមានការងារធ្វើនៅកម្ពុជាមានរហូតដល់ ៩៩,៣ ភាគរយ ក្នុងចំណោមកម្លាំងពលកម្មជាង ១២ លាននាក់ ក្នុងនោះមាន ១ លាន ៣ សែននាក់កំពុងធ្វើការនៅឯក្រៅប្រទេស និងបានផ្ទេរសាច់ប្រាក់មកជួយដល់គ្រួសារ និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាប្រហែល ២,៧ ពាន់លានដុលារ ក្នុងឆ្នាំ ២០២២៕