ភ្នំពេញៈ បច្ចុប្បន្នសិស្សជាច្រើនបានបន្តកន្ទុយគ្នារៀនបន្ថែមក្រៅម៉ោង ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទាំង ២ កម្រិត និងរៀនបំពេញបន្ថែមនូវចន្លោះខ្វះខាតដែលពួកគេរៀននៅម៉ោងរដ្ឋ។
យុវតី អ៊ីមរ៉ា ចាន់ធានី ជាសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ រៀបរាប់ថា ជាទូទៅការសិក្សានៅសាលារដ្ឋនៅមានភាពខ្វះខាតច្រើនដែលតម្រូវឱ្យសិស្សត្រូវស្វែងរកការរៀនសូត្របន្ថែម ដូចជារៀនគួរជាដើម។
យុវតី ចាន់ធានី ថ្លែងថា៖ «សម្រាប់ខ្ញុំ មិត្តភក្តិខ្ញុំពួកគាត់ក៏រៀនបន្ថែមដែរ ដោយក្នុង ១ មុខវិជ្ជា អស់ប្រាក់ប្រមាណ ៥០ ០០០ រៀល ទៅ ៦០ ០០០ រៀល ក្នុង ១ ខែៗ។ គេរៀន ៤ មុខ គណិត រូប គីមី និងភាសាខ្មែរ»។
យុវតី ចាន់ធានី បន្ថែមថា សិស្សសាលាឯកជនមិនសូវរៀនក្រៅម៉ោងដូចសិស្សសាលារដ្ឋទេ។ ម្យ៉ាងការបង្រៀននៅតាមសាលាឯកជន គ្រួមកបង្រៀនជាប់មិនងាយអវត្តមានឡើយ។
យុវជនម្នាក់សុំមិនបង្ហាញឈ្មោះបានមានមតិថា សាលារដ្ឋមិនសូវមានវិន័យតឹងតែងប៉ុន្មានទេ ការបង្រៀនការពន្យល់មិនមានការក្បោះក្បាយអ្វីទេ ដោយសារកត្តាពេលវេលា និងស្ថានភាពបន្ទប់ចង្អៀតជាដើម។ យុវជនរូបនេះ បន្ថែមទៀតថា ការបង្រៀនម៉ោងរដ្ឋ គឺមិនសូវជាយល់ច្បាស់ដូចម៉ោងរៀនគួរឡើយ។
យុជនជនម្នាក់នេះនិយាយថា៖ «ជាទូទៅរៀនម៉ោងរៀនគួរបន្ថែមតែងតែមានលំហាត់ផ្សេងៗ និងងាយយល់។ ហើយជាទូទៅខ្ញុំបានរៀនបន្ថែមក្រៅម៉ោង ជីវវិទ្យា គណិតវិទ្យា គីមី រូបវិទ្យា។ ដោយក្នុង ១ មុខ ១៥ ដុល្លារ និងមុខវិជ្ជាខ្លះ ២០ ដុល្លារ ក្នុង ១ ខែ ៥៥ ដុល្លារ»។
គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន សេរីភាពលោក គ្រិន ប៊ុនលី មានប្រសាសន៍ថា ការអប់រំនៅសាលារដ្ឋភាគច្រើន មានភាពពេញលេញទាំងអស់ ទាំងបំណិន ទាំងឥរិយាបថ ទាំងសីលធម៌ ពេញលេញទាំងអស់។
លោក គ្រិន ប៊ុនលី ថ្លែងថា៖ «រៀនរាល់ថ្ងៃ គឺមិនបែងចែកវណ្ណៈ ស្ថិតនៅក្នុងវណ្ណៈត្រកូលបែបណានោះទេ មករៀននៅសាលានេះ គឺទទួលបានការអប់រំ យកចិត្តទុកដាក់ពីសំណាក់លោកគ្រូ-អ្នកគ្រូទាំងអស់។ ជាទូទៅសិស្សសាលារដ្ឋមានការអប់រំ បណ្ដុះបណ្ដាលបានល្អ និងទទួលខុសត្រូវបានល្អ»។
លោកគ្រូបង្រៀនអក្សរសាស្ត្រ ដ៏មានថ្វីមាត់រូបនេះក៏បានបន្ថែមថា ការរៀនបន្ថែមក្រៅម៉ោងគឺលោកគ្រូ-អ្នកគ្រូមិនបានបង្ខំសិស្សណាម្នាក់នោះទេ ប្រសិនបើគាត់ចង់ពង្រឹងមុខវិជ្ជាណាមួយដែលគាត់ខ្វះខាត គឺគាត់ស្វះស្វែងរកកន្លែងដែលគាត់អាច រៀនប៉ះប៉ូវកន្លែងដែលគាត់ខ្វះខាត។ លោកបញ្ជាក់ថា ហើយជាទូទៅមករៀនរាល់ថ្ងៃសិស្សសាលារដ្ឋគឺខ្លះមានជីវភាពធូរធារអ្នកខ្លះគឺខ្វះខាត ហើយមិនមែនសុទ្ធតែការរៀនបំប៉នក្រៅម៉ោង គឺត្រូវតែយកលុយទាំងអស់នោះទេ។
លោកគ្រិន ប៊ុនលីបន្ថែមថា៖ «អ្វីដែលលោកគ្រូជួបប្រទះផ្ទាល់ គឺមានការយោគយល់ច្រើន អ្នកណាមានប្រាក់បង់ក៏បង់អ្នកណាអត់ក៏អត់ ព្រោះគ្រូនិងសិស្សតែងតែមានមនោសញ្ចេតនាជាមួយគ្នា»។
លោកបញ្ជាក់ថា ការរៀនសព្វថ្ងៃគឺនៅមានកម្រិតប្រសិនបើសិស្សមានបំណងចង់បានប៊ួកទៅក្រៅប្រទេសដូច្នេះគាត់ត្រូវរករៀនបន្ថែមរកវិញ្ញាសាទៅក្រៅប្រទេស។ ហើយបន្ថែមពីនេះលោកក៏បញ្ជាក់ថា៖ «រឿងគ្រូមិនបង្រៀនម៉ោងរដ្ឋយកពេលទៅបង្រៀនម៉ោងរៀនបន្ថែម» ជាទូទៅពាក្យនេះជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ គ្រូនីមួយៗតែងតែមានមនសិការរបស់គាត់រៀងៗខ្លួន គ្មានគ្រូណាម្នាក់ចង់ឃើញសិស្សល្ងង់គាបលុយពីសិស្សយកមកបម្រើសេចក្ដីត្រូវការរបស់ខ្លួននោះទេ។ ពីព្រោះសាលារៀនគួរផ្សេងៗទៀតបើកពេញទីក្រុងធំៗ ដែលទទួលបានអាជ្ញាប័ណ្ឌបើកតើ នោះជាអំពើពុករលួយដែរឬទេ? ចម្លើយគឺអត់ទេ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី វិញលោកស្រីយល់ថា ការអប់រំតាមបណ្ដាសាលារដ្ឋមួយចំនួន គឺគ្រាន់តែច្បោលៗតែប៉ុណ្ណោះ ហើយសិស្សនៅសាលា គឺមិនទទួលបានការសិក្សាពេញលេញនោះទេ។
លោកស្រី ឆាយ៉ាវី ថ្លែងថា៖ «អ្នកខ្លះរៀនដល់ទី១២ ហើយ អានអក្សរមិនដាច់ផង។ ការបណ្ដុះបណ្ដាលពីគ្រូ ការយកចិត្តទុកដាក់ពីគ្រូបានល្អហើយ តែអត់មានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ។ ហើយសិស្សគឺមិនប្រឹងប្រែងរៀនសូត្រ» ។
ប្រធានសមាគមគ្រូបង្រៀនរូបនេះក៏បានបញ្ជាក់ដែរថា សិស្សមួយចំនួនគឺត្រូវធ្វើការយកលុយមករៀន ហើយពួកគាត់ជាអ្នកដែលមានបញ្ហាជីវភាពខ្វះខាត។
លោកស្រីថ្លែងថា៖ «សាលារៀនបង្រៀនយកតែបរិមាណមិនយកគុណភាពនោះទេ ប្រសិនបើគុណភាពប្រាកដណាស់សិស្សនឹងប្រឹងប្រែងរៀនសូត្រហើយ។ ប្រសិនបើបន្តការរៀនបន្ថែមក្រៅម៉ោងនោះយុវជនខ្មែរនឹងមិនទទួលបានការអប់រំពេញលេញឡើយ»។
ទោះជាយ៉ាងណាក្ដី លោកស្រី ចាត់ទុកថាការរៀនបន្ថែមក្រៅម៉ោងមិនមែនជាអំពើពុករលួយនោះទេ។
ក្រសួងអប់រំ ធ្លាប់បានចេញសេចក្ដីណែនាំជាច្រើនលើកច្រើនសា ដើម្បីបញ្ជាឱ្យនាយកសាលានានា គ្រប់គ្រងបុគ្គលិករបស់ខ្លួនកុំឱ្យកើតមានករណីបង្ខំឱ្យសិស្សរៀនគួរក្នុងម៉ោងសិក្សារបស់រដ្ឋ និងបង្រៀនគួរក្នុងថ្ងៃឈប់សម្រាកជាដើម។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួនណារ៉ុន ធ្លាប់មានប្រសាសន៍ថា៖ «បើបង្រៀនគួរ សូមបង្រៀនឱ្យបានពិត និងច្បាស់លាស់ ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន»៕