
ជំនួបទ្វេភាគីដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាមួយអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោក Wang Zhiquan កាលពីថ្ងៃទី ១២ ខែតុលា នៅខេត្តព្រះសីហនុ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ ប្រទេសកម្ពុជា កំពុងរង់ចាំការផ្ដល់ប្រាក់កម្ចីសម្បទានពីប្រទេសចិន ក្នុងគម្រោងជួសជុលនិងស្តារឡើងវិញនូវកំណត់ផ្លូវជាតិលេខ៣ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានចម្ងាយផ្លូវ ប្រវែងជាង ២០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលថ្លែងក្នុងជំនួបជាមួយអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោក Wang Zhiquan កាលពីថ្ងៃទី ១២ ខែតុលា។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំង ២ កាន់តែល្អដោយផ្តើមចេញពីគោលនយោបាយផ្លូវ ១ ខ្សែក្រវាត់ ១ របស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលជាច្រើន។
លោកបន្ថែមថា៖ «សូមស្នើសុំឱ្យអគ្គកុងស៊ុលចិន ជួយសម្របសម្រួលការងារមួយចំនួនមានដូចជា ជួយពន្លឿនហិរញ្ញប្បទាន លើគម្រោងជួសជុលស្តារឡើងវិញផ្លូវជាតិលេខ ៣ ពីវាលរេញ ទៅត្រពាំងរពៅដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ។ ស្នើសុំជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរចិនមកខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើននាពេលខាងមុខ និងបន្តកិច្ចសហប្រតិបត្តិការល្អ»។
អគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុលោក Wang Zhiquan តបថា លោកនឹងខិតខំថែមទៀតដើម្បីចំណងមិត្តភាពនៃប្រទេសទាំង ២។ លោកថា នឹងនាំយកសំណើរបស់ភាគីកម្ពុជាទៅកាន់ថ្នាក់លើបន្ត ដើម្បីបង្ហាញពីការបេ្តជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ និងបង្កើនយន្តការទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២។
ទាក់ទងនឹងកំណាត់ផ្លូវជាតិលេខ ៣ នេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានផ្សាយថា កំណាត់ផ្លូវជាតិលេខ ៣ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានខូចខាតធ្ងន់ធ្ងរមែនទែន ដោយចម្ងាយផ្លូវត្រឹម២០គីឡូម៉ែត្រនេះរថយន្តត្រូវចំណាយពេលជាង ២ ម៉ោងទើបឆ្លងផុត។
កាលពីថ្ងៃទី ៧ ខែតុលា លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ពីស្ថានភាពកំណាត់ផ្លូវនោះ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងប្រាប់អ្នកកាសែតនិងក្រុមការងារបច្ចេកទេសថា លោកបានធ្វើសំណើរួចហើយទៅកាន់រដ្ឋាភិបាលចិន ឱ្យជួយផ្តល់កម្ចីសម្រាប់សាងសង់កំណាត់ផ្លូវនេះ។
លោកថា៖ «កម្ពុជាបានស្នើរដ្ឋាភិបាលចិនបង្វែរគម្រោងថវិកាឆ្នាំ ២០២៣ ដែលត្រូវផ្ដល់ឱ្យកម្ពុជាប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ មកសាងសង់កំណាត់ផ្លូវនេះជំនួសវិញ ព្រោះវាមានភាពចាំបាច់សម្រាប់ការប្រើប្រាស់។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ គឺត្រូវរង់ចាំការឆ្លើយតបពីខាងរដ្ឋាភិបាលចិន»។
តាមគម្រោងកម្ពុជាត្រូវការខ្ចីប្រាក់ពីចិនប្រមាណ ៧០ លានដុល្លារសម្រាប់សាងសង់កំណាត់ផ្លូវជាតិនេះ។ ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនលើកឡើងថា តាមបច្ចេកទេសដើម្បីសង់ផ្លូវនេះឱ្យជាប់ មានគុណភាព ចាំបាច់យកដីស្អុយចេញ បន្ទាប់មកត្រូវសង់ស្ពានក្រោមថ្នល់ប្រវែង ១៨ គីឡូម៉ែត្រតែម្ដង។ ទោះជាយ៉ាងណាប្រជាពលរដ្ឋរង់ចាំមើល និងទទូចឱ្យពន្លឿនពីដំណើរការជួសជុលផ្លូវជាតិនេះ៕