ភ្នំពេញៈ នា​ថ្ងៃអាទិត្យ​ ទី​ ១៦ ​ខែ​តុលា ​ឆ្នាំ ២០២២ ​បុគ្គលិក​អប់រំ​នៃ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​២ រូប ​គឺ​លោក ​ស្រួយ ផានិត ​និង​លោក​ សួស សុវណ្ណារិន ​នឹង​ដឹកនាំ​សិស្ស​ឆ្នើមផ្នែក​រូបវិទ្យា​ថ្នាក់​ទី១០​ ចំនួន ​៣ រូប​ ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ Sakura Science High School Program in JFY 2022 ​នៅ​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​លិខិត​ឧទ្ទេសនាម ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​អប់រំ​ លោក​ ហង់ជួន ណារ៉ុន ​កាលពី​ថ្ងៃទី ៥ ​កញ្ញា។

ប្រភព​ពី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ឱ្យ​ដឹង​ថា ​លោក​ ស្រួយ ​ផានិត​ ជា​អនុប្រធាន​ការិយា​ល័យ ​នៃ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ​និង​លោក​ សួស សុវណ្ណារិន ​ជា​មន្រ្តី​ការិយាល័យ​អាហារូបករណ៍​ នៃ​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ដឹង​ទូទៅ​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ ​និង​គ្រប់គ្រង​សិស្ស ​ទៅ​ចូលរួម​កម្មវិធី​ Sakura Science High School Program in JFY 2022 ​រយៈពេល​ ១ ​សប្តាហ៍ ​ចាប់​ពី​ថ្ងៃ​ទី ១៧-២១ ​ខែតុលា ​ឆ្នាំ ២០២២ ​នៅ​ប្រទេស​ជប៉ុន។ ​

ចំណែកឯ​សិស្ស​ឆ្នើម​ផ្នែក​រូបវិទ្យា​ថ្នាក់ទី​១០ ​មាន​វ័យ​ ១៥ ឆ្នាំ ​ដូចគ្នា ​មក​ពី​ខេត្ត ៣ ​ផ្សេងគ្នា។​ យុវតី​ ម៉ៅ ​ថាឡែន ​មក​ពី​វិទ្យា​ល័យ​អន្តរជាតិ​ យូអេស​អេ ​(USA) ​រៀន​ថ្នាក់​ទី10C ​នៅ​ខេត្ត​បាត់​ដំបង ​យុវជន​ស៊ន់ ប្រសិទ្ធ ​មកពី​វិទ្យាល័យ​មេសាង ​រៀនថ្នាក់​ទី​10A ​នៅ​ខេត្ត​ព្រៃវែង ​និង​យុវជន ​ហួរ ថៃលី ​មក​ពី​វិទ្យាល័យ​ព្រះបាទ​សុរាម្រឹត ​រៀន​ថ្នាក់​ទី10B​ នៅ​ខេត្ត​កំពង់ឆ្នាំង។ ​

សាលា​អន្តរជាតិ ​យូអេសអេ​ ដែល​មាន​ទីតាំង​នៅ​ខេត្ត​បាត់ដំបង​ បាន​កោត​សរសើរ ​និង​បង្ហាញ​ពី​លក្ខណ​សម្បត្តិ​យុវតី​ ម៉ៅ​ ថាឡែន ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខ្លួន​ថា​ ប្អូន​ស្រី​ គឺ​ជា​សិស្ស​ជយលាភី​លេខ​ ១ ថ្នាក់​ជាតិ ​ដែល​រៀបចំ​ការប្រឡង ​ដោយ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​កាល​ពី​ថ្ងៃទី ​២​ ខែមីនា​ ឆ្នាំ​ ២០២២ ​និង​បានប្រកាស​លទ្ធផល​ កាលពី​ថ្ងៃទី ​៦ ​ខែមេសា​ ឆ្នាំ​ ២០២២។ ​

ប្រភព​ខាង​លើ​សរសេរ​ថា៖ «​ប្អូន​ស្រី​ ម៉ៅ ​ថាឡែន ​សិស្ស​វិទ្យាល័យ​អន្តរជាតិ ​យូ ​អេស ​អេ ​ដែល​ទទួលបាន​ជយលាភី​ចំណាត់​ថ្នាក់​លេខ​ ១​ ថ្នាក់​ជាតិ​ ពី​ការប្រកួត​អ្នក​វិទ្យាសាស្រ្ត​វ័យក្មេង​ អាស៊ាន​បូក​បី ​(APT JSO+3)​ មុខវិជ្ជា​រូបវិទ្យា ​ដែល​រៀបចំ​ឡើង​ ដោយ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​ ប្អូន​នឹង​ត្រូវ​ទៅ​ទស្សនកិច្ច​សិក្សា​ នៅ​ប្រទេស​ជប៉ុន ​រយៈពេល​ ៩ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី ១៥​ ខែតុលា ​រហូត​ដល់​ថ្ងៃ​ទី​ ២៤ ​ខែតុលា ​ឆ្នាំ ២០២២ ​ខាង​មុខ​នេះ ​ជូន​ពរ​ប្អូន​ឱ្យ​ទទួលបាន​ជោគជ័យ​បន្ត​ទៀត!»។​​

លោក​ ឈន់​ ផេង ​ជាគ្រូ​បង្រៀន​ឯកទេស​រូបវិទ្យា ​នៅ​វិទ្យាល័យ​មេសាង​ ក្នុង​ខេត្ត​ព្រៃវែង ​បង្ហាញ​អារម្មណ៍​រីករាយ​តាម​បណ្តាញ​សង្គម​ពី​លទ្ធផល​ល្អ ​របស់​សិស្ស​ខ្លួន​សម្រាប់​ការប្រកួត​ទាំង​គណិតវិទ្យា ​និង​រូបវិទ្យា​ថ្នាក់​ទី១០។

​​

លោក​គ្រូ ផេង ​សរសេរ​ថា​៖ «អប​អរសាទរ​វិទ្យាល័យ​មេសាង ​ដែល​បាន​ប្រឡង​ជាប់​សិស្ស​ឆ្នើម​ (ថ្នាក់​ទី១០)​ លំដាប់​ថ្នាក់​ជាតិ​ផ្នែក​គណិតវិទ្យា​១ នាក់ ​និង​រូបវិទ្យា​ចំនួន ​៤ នាក់។ ​ចំពោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​នឹង​​ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​បន្ថែម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ»៕​