ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានណែនាំភ្លាមៗឱ្យមានការបង្កើតក្រុមការងារមួយ សម្រាប់សិក្សាពីលទ្ធភាពនៃការរៀបចំឱ្យមានកន្លែងសិក្សាត្រឹមត្រូវ សម្រាប់កូនចៅរបស់ពលករចំណាកស្រុកទាំងក្នុងប្រទេស និងនៅក្រៅប្រទេស។
ការណែនាំឱ្យបង្កើតក្រុមការងារនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រៀបចំការផ្ដល់ការសិក្សាដល់កុមារចំណាកស្រុក ទាំងការចំណាកស្រុកក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីកុំឱ្យពួកគេនៅក្រៅចរន្តនៃការអប់រំ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងពីការបង្កើតក្រុមការងារថ្មី សម្រាប់ជួយសម្រួលលើការអប់រំដល់កូនៗរបស់ពលករចំណាកស្រុកនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងនេះ កាលពីថ្ងៃទី ១២ ខែតុលា។ លោកមានប្រសាសន៍ថា៖ «បន្ទាប់ពីការផ្តល់នូវអនុសាសន៍ និងការណែនាំពីសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំភ្លាមៗទៅក្រុមការងារឱ្យបង្កើតក្រុមការងារ ១ ថ្មី ដើម្បីសិក្សាពីលទ្ធភាពក្នុងការរៀបចំឱ្យមានការចូលរៀនស្រួលបន្តិច សម្រាប់កូនចៅរបស់បងប្អូនចំណាកស្រុកដែលនៅក្នុងស្រុកយើង»។
លោកបញ្ជាក់ទៀតថា៖ «ហើយក៏ត្រូវរៀបចំក្រុមការងារមួយទៀត ដើម្បីពិនិត្យពិភាក្សាជាមួយនឹងបណ្តាប្រទេស ដែលទទួលពលករដើម្បីឱ្យកូនចៅរបស់ពលករ ដែលទៅធ្វើការជាមួយនឹងឪពុកម្តាយនោះបានចូលរៀននៅក្នុងប្រទេសគេផងដែរ»។ ថ្នាក់ដឹកនាំនៃក្រសួងការងារក៏កំពុងតែគិតទៅលើលទ្ធភាពនៃការបង្កើតឱ្យមាននូវសាលាបង្រៀនភាសាខ្មែរតាមសហគមន៍ទៅតាមគោលការណ៍ស្ម័គ្រចិត្ត ដោយបន្ថែមទៅលើការចូលរៀននៅតាមសាលាចំណេះទូទៅនៃប្រទេសទាំងនោះផងដែរ។
លោក ហេង សួរ ថ្លែងទៀតថា៖ «យើងគិតថា ប្រទេសទាំងអស់នោះអាចនឹងអនុញ្ញាតឱ្យកូនចៅបងប្អូនពលកររបស់យើងចុះឈ្មោះចូលរៀនបាន ប៉ុន្តែរៀនជាភាសាគេ ដូចនេះហើយប្រហែលជាយើងបង្កើតឱ្យមានការបង្រៀនភាសាខ្មែរផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេបានចំណេះដឹងទូទៅផង ហើយក៏មិនភ្លេចនូវភាសាកំណើតរបស់ខ្លួនដែរ»។
ជាមួយគ្នានោះដែរ លោក ហេង សួរ បានលើកឡើងដែរថា គិតត្រឹមខែសីហា ឆ្នាំ ២០២២ ប្រជាពលរដ្ឋកម្ពុជាចំនួនប្រមាណជា ១,៣ លាននាក់កំពុងធ្វើការនៅក្រៅប្រទេស ដែលពួកគាត់បានរួមចំណែកក្នុងការកែលម្អជីវភាពរស់នៅសម្រាប់ខ្លួនគាត់ផង ហើយក៏ដូចជាក្រុមគ្រួសាររបស់គាត់ផង។ លោកបន្តថា តាមអ្វីដែលក្រសួងការងារបានកត់ត្រាទុក និងព្យាករឃើញថា ក្នុងឆ្នាំ ២០២២ នេះ ពលករដែលធ្វើការនៅក្រៅប្រទេសអាចផ្ទេរប្រាក់មកស្រុកកំណើតវិញ គឺមានប្រហាក់ប្រហែលជា ២ ៧០០ លានដុល្លារក្នុង ១ ឆ្នាំ។
លោក ហេង សួរ បានថ្លែងថា៖ «នេះគឺជាតួលេខមួយដ៏ខ្ពស់ ដែលហេតុដូចនេះហើយបានជាកន្លងមកនេះឯកឧត្តម អ៊ិត សំហេង តែងតែកោតសរសើរទៅដល់បងប្អូនកំពុងធ្វើការនៅក្រៅប្រទេស និងតែងតែឆ្លៀតពេលចុះសួរសុខទុក្ខបងប្អូនពលករខ្មែរយើងនៅតាមប្រទេសនានាផងដែរ ពិសេសនៅប្រទេសថៃ និងកូរ៉េ»។
សូមរំឭកផងដែរថា លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងវេទិកាចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ PPIU ជាង ២ ពាន់នាក់កាលពីថ្ងៃទី ១១ ខែតុលា ដោយលោកបានលើកជាអនុសាសន៍ឱ្យមានសាលារៀននៅក្បែរនឹងការដ្ឋានសំណង់ ដែលឪពុកម្តាយកុមារទាំងនោះធ្វើការ ដើម្បីជំរុញឱ្យក្មេងចូលរៀននៅសាលាក្បែរនោះបាន។
យោងតាមក្រសួងអប់រំក្នុងពេលកន្លងមកបានឱ្យដឹងថា អត្រាបោះបង់ការសិក្សារបស់សិស្ស នៅសាលាបឋមសិក្សាបានធ្លាក់ចុះ និងមានកំណើនការចូលរៀនទៀងទាត់ បន្ទាប់ពីមានកម្មវិធីផ្តល់ស្បៀងអាហារតាមសាលា ដែលមកដល់ពេលនេះ មានសាលាគោលដៅជាង ១ ០០០ សាលាក្នុងខេត្តចំនួន ១០ បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារនេះ។ ចំពោះការលើកឡើងរបស់លោក ហ៊ុន សែន មន្ត្រីអង្គការមួយចំនួន រួមនឹងក្រសួងពាក់ព័ន្ធបានស្វាគមន៍ចំពោះការជំរុញ និងលើកទឹកចិត្តឱ្យកុមារកម្ពុជាបានទទួលការសិក្សានេះ ដោយសារកុមារដែលឪពុកម្ដាយនាំទៅជាមួយពេលធ្វើចំណាកស្រុកកំពុងក្លាយជាកង្វល់ និងការបារម្ភមួយទាក់ទងនឹងការអប់រំកុមារនេះ៕