ភ្នំពេញៈ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងលោក ឌិត ទីណា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោកកាលពីព្រឹកមិញ។
ព្រះរាជក្រឹត្យចុះថ្ងៃទី ១៤ ខែតុលា បញ្ជាក់ថា៖ «តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ»។
នៅព្រឹកថ្ងៃទី ១៤ ខែតុលានេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសំឡេង ១១១ លើ ១១១ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួររំឭកផងដែរ កាលពីថ្ងៃទី ៨ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល ដែលលោកបានស្នើលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមសំណើរបស់លោកកាលពីថ្ងៃទី ៨ ខែតុលា៕