ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃគឺមានសិទ្ធិធ្វើសកម្មភាពដោយសេរី គ្មានការរើសអើង ខណៈគណបក្សនយោបាយ និងសង្គមស៊ីវិលខ្លះនៅតែសម្តែងការព្រួយបារម្ភពីការប្រកួតប្រជែងដោយមិនស្មើភាព។
ក្នុងសន្និសទីសារព័ត៌មានស្ដីពី“សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃ”កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានលើកឡើងថា បច្ចុប្បន្ននេះ គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនសរុប ៤៥គណបក្ស (គិតត្រឹមខែកញ្ញា ២០២២)។
លោកបន្តថា ក្នុងនោះគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ ក្រសួងបានសម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សនយោបាយចំនួន៩និងបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយចំនួន១៧និងលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយចំនួន ៨។
លោកបានថ្លែងថា៖«ជារួមគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃគឺមានសិទ្ធិធ្វើសកម្មភាពដោយសេរី គ្មានការរើសអើង ឬគាបសង្កត់អ្វីឡើយ។ ជាក់ស្តែងក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥កន្លងមកនេះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងរហូតដល់ ១៧គណបក្ស ដែលមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតជាង ៧លាន ៣សែននាក់ ស្មើ ជាង៨០ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាលទ្ធផលគណបក្សនយោបាយចំនួន៩ បានទទួលអាសនៈក្នុងក្រុមប្រឹក្សា ឃុំ សង្កាត់»។
យ៉ាងណាក្ដី ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា សិទ្ធិក្នុងការធ្វើនយោបាយនៅកម្ពុជាមិនទាន់ទូលំទូលាយនៅឡើយទេដោយសារសមាជិករបស់ខ្លួនមួយចំនួនធ្លាប់រងការបំភិតបំភ័យពីអាជ្ញាធរ។នៅថ្នាក់ជាតិគឺពុំទាន់ឃើញមានបាតុភាពណាមួយដែលគំរាមកំហែងដល់មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយទេ ប៉ុន្តែបើថ្នាក់ក្រោមជាតិ មានតំបន់ខ្លះរងការបំភិតបំភ័យតាមរយៈរូបភាពផ្សេងៗ។
លោកបានបញ្ជាក់ថា៖«អាជ្ញាធរថ្នាក់ក្រោមជាតិកើតចេញពីគណបក្សនយោបាយ អ៊ីចឹងគាត់ខ្លាចបាត់បង់សំឡេងគាំទ្រខ្លួនដូច្នេះគាត់ឆ្លៀតឱកាសលើកហេតុផលផ្សេងៗទៅបន្លាចសមាជិកគណបក្សផ្សេង តាមរយៈប្រើមនុស្សទៅនិយាយថា ដកបណ្ណក្រីក្រ ហើយពេលទៅសុំស៊ីញ៉េ គេមិនស៊ីញ៉េឱ្យ អ៊ីចឹងសមាជិកខ្លះខ្វះការគិត គាត់បារម្ភក៏គាត់ឈប់ចូលរួមជាមួយគ្នាបក្សយុវជន ប៉ុន្តែមានភាគតិច ព្រោះភាគច្រើនសមាជិកយើងមិនខ្លាចទេ»។យ៉ាងនេះក្តី លោកថា បើនិយាយជាទូទៅក្នុងកម្ពុជាទាំងមូលនៅថ្នាក់ជាតិពុំមានការគំរាមកំហែង ឬរឹតត្បិតសេរីភាពក្នុងការធ្វើនយោបាយនៅកម្ពុជាឡើយ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា លោក សំ គន្ធាមី បានថ្លែងថា យោងតាមច្បាប់ស្តីពីគណបក្សនយោបាយពិតជាបានចែងពីសិទ្ធិធ្វើសកម្មភាពដោយសេរីគ្មានការរើសអើង ប៉ុន្តែការអនុវត្តជាក់ស្តែងសកម្មជនគណបក្សនីមួយៗតែងរងការគាបសង្កត់ជាពិសេសនៅតាមមូលដ្ឋានមានការរើសអើង។
លោកថា៖«ច្បាប់តម្រូវឱ្យធ្វើសកម្មភាពផ្នែកនយោបាយដោយសេរី ប៉ុន្តែជាក់ស្តែងអនុវត្តមិនដូចគាត់មានប្រសាសន៍ទេ បើគាត់មានប្រសាសន៍បែបនេះ យើងគាំទ្រ ហើយសុំឱ្យគាត់ណែនាំទៅអាជ្ញាធរ ថ្នាក់ក្រោមជាតិសម្រួលដល់គណបក្សនយោបាយធ្វើសកម្មភាពនយោបាយដោយសេរីកុំឱ្យមានការគាបរសង្កត់ ព្រោះកន្លងមកគណបក្សនយោបាយគេត្អូញត្អែរច្រើន»។
សម្រាប់អ្នកនាំពាក្យគណបក្សហ៊្វុន ស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងថា ការពិតគណបក្សរបស់លោកតែងទទួលបាននូវការសម្របសម្រួល ជាពិសេសលម្ហនៃការចូលរួមពុំដែលមានការរឹតត្បិតនោះទេ គឺតែងតែសហការជាមួយអាជ្ញាធរគ្រប់លំដាប់ជាន់ថ្នាក់ជាពិសេសក្រសួងមហាផ្ទៃ ។
លោកបន្តថា ក្នុងរយៈពេលគណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣ មក ដល់សព្វថ្ងៃ គណបក្សហ៊្វុន ស៊ិនប៉ិច បានចូលរួមនយោបាយយ៉ាងសកម្ម ជាពិសេសការចុះទៅតាមមូលដ្ឋាន និងការប្រមូលផ្តុំ ហើយគ្រប់អាជ្ញាធរទាំងអស់បានចូលរួមការពារសុវត្ថិភាពផងដែរ។
លោកថា៖«កន្លងមកយើងពុំដែលជួបបញ្ហាធំដុំទេប៉ុន្តែកន្លែងខ្លះជួបបញ្ហាតិចតួចតែត្រូវបានសម្របសម្រួលដោះស្រាយ ជួនកាលយើងទៅលើកស្លាកគណបក្ស ហើយអាជ្ញាធរមកឃាត់ ដល់ពេលសួរនាំថាយើងបានជូនដំណឹងរួចហើយ គាត់ក៏សហការជាយើងមិនដែលមានពាក្យបណ្តឹងទៅថ្នាក់លើទេ តែងតែសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន»៕