ភ្នំពេញៈក្នុងទិវាស្បៀងអាហារពិភពលោក នៅថ្ងៃទី ១៧ ខែតុលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) អំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតលើការពង្រឹងប្រព័ន្ធស្បៀង ដើម្បីធានាបាននូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងទប់ទល់វិបត្តិនានា។
ស្ថាប័នទាំង ៣ នេះ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរួមនាថ្ងៃទី ១៦ ខែតុលា ថា ការកើនឡើងនៃតម្លៃស្បៀងអាហារ ថ្លៃដឹកជញ្ជូន ការរំខានផ្សេងៗដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ជម្លោះនានាដែលកំពុងកើតឡើងរួមទាំងសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងនៃគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងជំរុញឱ្យមានការកើនឡើងនូវអសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺប្រជាជនងាយរងគ្រោះ និងប្រជាជនដែលពឹងផ្អែកលើកសិកម្មជារបរចិញ្ចឹមជីវិត។
លោក អែនតូនីញ៉ូស៊្យែវ៉ន តំណាងស្តីទីនៃអង្គការ FAO ប្រចាំកម្ពុជា បានថ្លែងថា ដោយសារប្រព័ន្ធស្បៀងត្រូវបានផ្សារភ្ជាប់នឹងវិស័យផ្សេងៗទៀតជាច្រើននៃជីវិត និងសេដ្ឋកិច្ចរាប់បញ្ចូលទាំងកសិកម្ម ធនធានធម្មជាតិ ថាមពល រហូតដល់សុខភាព ទើបប្រព័ន្ធស្បៀងពិតជាមានសក្តានុពល និងជាមធ្យោបាយ សម្រាប់អនាគតប្រកបដោយសមភាព និងវិបុលភាព។ ប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព នឹងផ្តល់អត្ថប្រយោជន៍ ដល់មនុស្សគ្រប់ៗរូប រួមទាំងប្រជាជនដែលងាយរងគ្រោះ។ លោកថ្លែងថា៖ «អង្គការ FAO ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវដើម្បីពង្រឹងប្រព័ន្ធស្បៀង ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន វិស័យអប់រំ ដៃគូអភិវឌ្ឍន៍ ដើម្បីជួយពង្រឹងភាពអង់អាចដល់កសិករខ្នាតតូចតាមរយៈការកែប្រែ វិធីសាស្រ្តនៅក្នុងរបៀបនៃការផលិតអាហារ ការដឹកជញ្ជូន និងការប្រើប្រាស់»។
លោក Antonio បន្តថា ការជំរុញផលិកម្មស្បៀងក្នុងស្រុកប្រកបដោយសុវត្ថិភាព មានអាហារូបត្ថម្ភ និងមានការធានាបាននូវលទ្ធភាពទទួលបាននូវធាតុចូលកសិកម្មជំនាញបច្ចេកទេស ការច្នៃប្រឌិត និងបច្ចេកវិទ្យា ដើមទុន និងទីផ្សារ គឺជាប្រការដ៏សំខាន់បំផុតសម្រាប់ការពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែល្អប្រសើរ។
តាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សាររបស់ WFP នាពេលថ្មីៗនេះ តម្លៃអង្ករដែលជាមូលដ្ឋានគ្រឹះនៃរបបអាហារនៅកម្ពុជាគឺនៅថេរ។ ទោះជាយ៉ាងណាក្តីតម្លៃអាហារសម្បូរជីវជាតិដែលប្រជាជននិយមបរិភោគដូចជា ពងទា បន្លែ និងត្រកួនបានកើនឡើង ២០,៨ ភាគរយ និង ៣០,៧ ភាគរយពី ១ ឆ្នាំទៅ ១ ឆ្នាំ។ ចំណែកតម្លៃអាហារនាំចូលក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ តម្លៃប្រេងឆាបានកើនឡើង ៣៩,៧ ភាគរយនៅក្នុងខែឧសភាឆ្នាំនេះ បើធៀបនឹងខែឧសភា ឆ្នាំមុន ជាមួយនឹងការកើនឡើងតម្លៃខ្លាំងរហូតដល់ ១៣,៥ ភាគរយក្នុងអំឡុងពេលតែ ២ ខែប៉ុណ្ណោះ។
បើតាមសេចក្តីប្រកាសផលិតកម្មស្រូវត្រូវបានគេរំពឹងថា នឹងអាចផលិតបានក្នុងកម្រិតលើសពីមធ្យមដែលមានន័យថាកម្ពុជានឹងមិនប្រឈមនឹងកង្វះខាតស្បៀងធ្ងន់ធ្ងរនោះទេ។ ទោះយ៉ាងណា កង្វះអាហារ ចំណីសត្វ ឥន្ធនៈ ជី និងហិរញ្ញវត្ថុ កំពុងបង្កការគំរាមកំហែងថ្មីទៀតដល់ប្រព័ន្ធស្បៀង។
លោកស្រី អានឡ័រ ខូវែលតំណាង WFP ប្រចាំកម្ពុជាថ្លែងថា៖ «បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងវិបត្តិស្បៀងសកលដែលបណ្តាលមកពីការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ពីសង្គ្រាមអ៊ុយក្រែន។
លោកស្រី ថ្លែងថា៖ «ប្រទេសកម្ពុជាបច្ចុប្បន្នមិនទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិនេះក៏ពិតមែន ប៉ុន្តែនេះមិនមែនមានន័យថា យើងមិនបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកាត់បន្ថយបញ្ហាអសន្តិសុខស្បៀង និងការធានាថា ប្រជាជនអាចទទួលបានរបបអាហារសុខភាពនោះដែរ»។
លោកស្រី Annelaure បន្ថែមថា WFP នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តធ្វើសកម្មភាពយ៉ាងសកម្ម ឆ្លើយតបទៅនឹងវិបត្តិកូវីដ ១៩ ដើម្បីគាំទ្រដល់ប្រជាជនដែលត្រូវបានគេមើលរំលង។ ការវិនិយោគលើការអភិវឌ្ឍប្រព័ន្ធស្បៀង និងខ្សែចង្វាក់ ផ្គត់ផ្គង់ មានសារៈសំខាន់ណាស់នាបច្ចុប្បន្ន ដើម្បីធានាបាននូវនិរន្តរភាព និងភាពធន់នាថ្ងៃអនាគត។
លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មថ្លែងថា ខ្សែ ចង្វាក់ផ្គត់ផ្គង់ផលិតកម្មស្បៀងត្រូវតែពង្រឹងដើម្បីធានាថា ប្រព័ន្ធស្បៀងអាចផ្តល់នូវស្បៀងអាហារប្រកបដោយគុណភាព និងសារធាតុចិញ្ចឹមដល់ពលរដ្ឋកម្ពុជា តាមរយៈការបង្កើននវានុវត្តន៍ និងការវិនិយោគលើប្រព័ន្ធឌីជីថល។
បន្ទាប់ពីកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀងរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ ២០២១ ដែលមេដឹកនាំមកពីបណ្តាប្រទេសជុំវិញពិភពលោកបានប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងកម្ពុជាក៏បានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ ២០៣០។ ផែនទីបង្ហាញផ្លូវនេះកំណត់អាទិភាពចំនួន ៤ គឺទី ១ ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ទី ២ ការលើកកម្ពស់ភាពអង់អាចរបស់យុវជន និងជនងាយរងគ្រោះបំផុតក្នុងការចូលរួមផ្លាស់ប្តូរប្រព័ន្ធស្បៀង ទី ៣ ការពង្រឹងភាពធន់របស់កសិករខ្នាតតូច និងទី៤ ការពង្រឹងអភិបាលកិច្ចដើម្បីឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល និងកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ៕