ភ្នំពេញៈ លោក ហ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានណែនាំដល់ស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធត្រូវរៀបចំវិធានសុខាភិបាលសម្រាប់សង្គ្រោះបឋម និងធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ទៅលើបុគ្គលដែលមានការសង្ស័យអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅដើមខែធ្នូ ឆ្នាំ ២០២២។
លោក ណារ៉ុន ថ្លែងនៅក្នុងសេចក្តីណែនាំប្រតិបត្តិស្តីពី «វិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ ឱ្យដឹងថា ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងសម្លាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់ជាដើម។
លោកបានឱ្យដឹងថា៖ «ការណែនាំនេះ ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាព សម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន អំឡុងពេលនៃដំណើរការប្រឡង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលត្រូវបានកំណត់ និងជ្រើសរើសយកធ្វើជាមណ្ឌលប្រឡងជាគណៈមេប្រយោគ និងជាប្រធានមណ្ឌលប្រឡងផងដែរ»។ គណៈមេប្រយោគទូទាំងប្រទេសត្រូវចាត់តាំងអនុគណៈកម្មការទទួលបន្ទុកការងារសុខភាព តាមដាន និងវាយតម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាពក្នុងការរៀបចំមណ្ឌលសំណេរ មណ្ឌលកំណែ និងមណ្ឌលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។
លោករដ្ឋមន្ត្រីថ្លែងថា ត្រូវស្នើសុំកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ភ្នាក់ងារសុខាភិបាល ដើម្បីចាត់វិធានការសង្គ្រោះ និងវិធានការសុវត្ថិភាពស្របតាមវិធានវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល នៅក្នុងដំណាក់កាលសំណេរ កំណែ និងដំណាក់កាលស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។
លោក ហង់ជួន ណារ៉ុន ក៏បានណែនាំទៅដល់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារទទួលបន្ទុកសុខភាព សម្រាប់ដំណើរការប្រឡងនៅតាមរាជធានី ខេត្ត និងត្រូវមានការណែនាំដល់ប្រធានមណ្ឌលសំណេរ ត្រូវធ្វើស្វ័យប្រកាសចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងជំងឺឆ្លងនានា យ៉ាងតិច ១ ថ្ងៃមុនដំណើរការ»។
លោកថា៖ «ប្រធានមណ្ឌលសំណេរត្រូវតាមដានពិនិត្យសុខភាពគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនជាប្រចាំក្នុងពេលដំណើរការសំណេរ។ ត្រូវរៀបចំរថយន្តសង្គ្រោះ និងភ្នាក់ងារសុខាភិបាលប្រចាំការដោយមានបំពាក់សម្ភារចាំបាច់ សម្រាប់សង្គ្រោះបឋមនៅតាមមណ្ឌលប្រឡងក្នុងរាជធានី ខេត្ត និងក្រុង ស្រុកមួយចំនួនផងដែរ»។
លោកក៏បានណែនាំដល់ប្រធានមណ្ឌលសំណេរសហការជាមួយភ្នាក់ងារសុខាភិបាល ធ្វើតេស្តរហ័សរកអង់ទីហ្ស៊ែនមេរោគកូវីដ ១៩ ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន និងបេក្ខជនដែលមានកម្តៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ជាដើម។ សម្រាប់ប្រធានមណ្ឌលសំណេរនឹងទទួលសម្ភារសុខភាពដូចជា ម៉ាស់ ទឹកអាល់កុល ឬអាល់កុល ជែល អាវការពារសុវត្ថិភាព (PPE) ស្រោមដៃ សាប៊ូ ពិសេសឧបករណ៍ស្ទង់កម្តៅ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ លោក ចេង លឹមហ៊ន់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មន្ទីរអប់រំបានធ្វើការណែនាំ និងបានត្រៀមមណ្ឌលសម្រាប់សង្គ្រោះបឋមទៅដល់សិស្ស និងគណៈមេប្រយោគផងដែរ ហើយសម្រាប់មណ្ឌលប្រឡងក៏មិនមានជាបញ្ហាអីដែរ ដោយមន្ទីរបានកំណត់រួចរាល់ហើយដែរ។ សាលាក៏បានណែនាំទៅដល់បេក្ខជនប្រឡង ដែលកំពុងទទួលការសិក្សាបំប៉នបន្ថែមត្រូវត្រៀមខ្លួងផងដែរ។
លោក ចេង លឹមហ៊ន់ បានប្រាប់ថា៖ «ដោយសារតែស្ថានភាពនៅក្នុងខេត្តយើងនេះ មិនមានបញ្ហាប្រឈម អ៊ីចឹងយើងមិនមានតម្រូវការឱ្យសិស្សធ្វើតេស្តរហ័សមុនពេលប្រឡងទេ ប៉ុន្តែប្រសិនបើមានការផ្ទុះនូវជំងឺនេះនៅកន្លែងណាមួយគួរឱ្យបារម្ភ នោះយើងនឹងស្នើទៅខាងសុខាភិបាលក្នុងការជួយអន្តរាគមន៍ភ្លាមៗតែម្តង»។
លោក ហង់ជួន ណារ៉ុន ក៏បានចេញប្រកាសនៅថ្ងៃទី ១១ ខែតុលា ស្តីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្នុងនោះក្រសួងបានបញ្ជក់ពីការទទួលទណ្ឌកម្មចំពោះបេក្ខជនដែលធ្វើសកម្មភាពមិនប្រក្រតី ដោយដាក់កម្រិតវិន័យលើបេក្ខជនផ្សេងៗទៅតាមកម្រិតវិន័យថ្នាក់ទី ១ ទី ២ និងកម្រិតវិន័យថ្នាក់ទី ៣ ទៅតាមកំហុសរបស់បេក្ខជនរៀងៗខ្លួន ដែលបានប្រព្រឹត្តក្នុងពេលប្រឡងបាក់ឌុបនេះ៕