កំពង់ធំៈ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមនឹងអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី ១៦ តុលា បានចុះជួបសំណេះសំណាល និងបាននាំយកពូជស្រូវចំនួន ១០០-០០០ គីឡូក្រាម ទៅចែកជូនដល់ប្រជាកសិករដែលរងគ្រោះចំនួន ១ ៤២៦ គ្រួសារនៅស្រុកប្រាសាទសំបូរ។
ជាមួយគ្នានេះអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុន្នី ឱ្យដឹងថា កម្រិតទឹកនៅតាមដងស្ទឹងសែន នៅតែស្ថិតក្នុងស្ថានភាពដ៏គួរប្រុងប្រយ័ត្នដដែល ខណៈបណ្ដាខេត្តដែលរងការជន់លិចដោយទឹកជំនន់ ទឹកបានស្រកជាបណ្ដើរៗហើយ។ លោកថា៖ «នៅខាងស្ទឹងសែនស្ថានភាពទឹក នៅតែស្ថិតក្នុងកម្រិតមួយដ៏គួរប្រុងប្រយ័ត្ន ហើយតំបន់មួយចំនួនទៀត គឺគ្រាន់តែស្រកយឺត ដោយសារតំបន់នោះវានៅជាប់នឹងបឹងទន្លេសាបពីព្រោះទឹកបឹងទន្លេសាបយើង វាខ្ពស់ដែរ»។
លោក សុខ ហៃ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំបានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះ ដោយប្រាប់ឱ្យទាក់ទងទៅខាងអ្នកទទួលបន្ទុកគ្រោះមហន្តរាយ។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថានភាពជំនន់ទឹកភ្លៀងមកដល់ពេលនេះបានធ្វើឱ្យបណ្តាខេត្តចំនួន ២៣ មាន ១០៥ ស្រុក-ខណ្ឌ និង ៤៣៥ ឃុំ-សង្កាត់រងការជន់លិច។ ខេត្តដែលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។ ក្នុងនោះមានដំណាំស្រូវជាង ១៩ ម៉ឺនហិកតាបានរងការជន់លិចក្នុងនោះមានជាង ៦ ម៉ឺនហិកតាបានរងការខូចខាត និងធ្វើឱ្យពលរដ្ឋប្រមាណ ១១២ ៧៦០ គ្រួសារ ស្មើនឹង ៥០៧ ៤០០ នាក់ រងផលប៉ះពាល់ដោយសារទឹកជំនន់៕