
លោក លី ច័ន្ទតុលា ក្នុងមហាសន្និបាតគណៈមេធាវីពីថ្ងៃទី ១៧ តុលា។ ហុង មិនា
ភ្នំពេញៈ លោក លី ច័ន្ទតុលា បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៤ (២០២២-២០២៤) តាមរយៈលទ្ធផលបោះឆ្នោតគាំទ្រពីសមាជិកចំនួន ២ ០១៦ នាក់ ក្នុងចំណោម ២០៤៥ នាក់ ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២៧ របស់ខ្លួន កាលពីថ្ងៃទី ១៦ ខែតុលា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
លោក លី ច័ន្ទតុលា ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីបើកមហាសន្និបាតប្រចាំឆ្នាំលើកទី២៧ របស់គណៈមេធាវី កាលពីថ្ងៃទី ១៦ ខែតុលា ថា រយៈពេល ១ អាណត្តិ ដែលលោកបានធ្វើជាប្រធានគណៈមេធាវីកន្លងមក គណៈមេធាវីបានចូលរួមសកម្មភាពជាច្រើនក្នុងការជួយដល់វិស័យយុត្តិធម៌ និងវិស័យវិជ្ជាជីវៈមេធាវី។
ក្នុងនោះគណៈមេធាវីបានផ្ដល់មេធាវី ដើម្បីការពារក្ដីជូនជនក្រីក្រ បង្កើតកម្មវិធីសម្រាប់ជួយពិគ្រោះយោបល់ និងការពារក្ដីដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស។ ជួយការពារក្ដីដល់កម្មករ កម្មការិនី កុមារ និងស្រ្ដីជាដើម។ លោកថ្លែងថា៖ «មេធាវីយើងជួយការពារក្ដីជូនដល់ប្រជាពលរដ្ឋទាំងក្នុងរឿងរដ្ឋប្បវេណី ក៏ដូចជាសំណុំរឿងព្រហ្មទណ្ឌផងដែរ។ ក្នុងនោះគ្រាន់តែរយៈពេល ១ ខែនេះ (គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២) មេធាវីយើងបានការពារក្ដីជូនដល់ប្រជាពលរដ្ឋក្រីក្របានជាង ៥ ពាន់ករណី»។
ពាក់ព័ន្ធជាមួយនឹងការពង្រឹងវិជ្ជាជីវៈមេធាវី គណៈមេធាវីបានធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវីជាបន្តបន្ទាប់ ធ្វើការផ្សព្វផ្សាយអំពីច្បាប់ជូនដល់សាធារណជន តាមរយៈកម្មវិធីផ្សេងៗ ដូចជាកម្មវិធី ៣ សំណួរ កម្មវិធី កិច្ចសន្ទនា មេធាវី និងកម្មវិធី វេទិកាមេធាវីជាដើម។ លោកឱ្យដឹងថា គណៈមេធាវីក៏បានយកចិត្តទុកដាក់ទៅដល់ការពង្រឹងសមត្ថភាពរបស់មេធាវី ដោយបានរៀបចំ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាលផ្សេងៗ។
ក្រៅពីនេះគណៈមេធាវីក៏បានពង្រឹងការទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិទាំងក្នុងនិងក្រៅប្រទេសលើវិស័យយុត្តិធម៌ និងវិជ្ជាជីវៈមេធាវីផងដែរ។ លោកបញ្ជាក់ថា៖ «វាជាប្រវត្តិសាស្រ្ដមួយរបស់គណៈមេធាវីដែរ ការដែលមានរូបខ្ញុំតែ ១ រូប ជាបេក្ខភាពបោះឆ្នោតឈរឈ្មោះជាប្រធានគណៈមេធាវីអាណត្តិនេះ។ ប៉ុន្ដែនេះ វាក៏ជាប្រជាធិបតេយ្យដែរ ព្រោះថា យើងមានតែម្នាក់ឯង ក៏យើងរៀបចំធ្វើការបោះឆ្នោត ហើយជាការគោរពទៅតាមអ្វីដែលច្បាប់យើងមានចែង»។
លោកបញ្ជាក់ថា៖ «អ្វីដែលជាការបញ្ជាក់សំខាន់ចំពោះការមានបេក្ខភាពតែ ១ រូបនេះ គឺបានបង្ហាញពីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់វិជ្ជាជីវៈមេធាវី នេះចំណុចទី១។ ចំណុចទី២ គឺបានន័យថា សហភាតា របស់គណៈមេធាវីទាំងអស់យល់ថា គោលនយោបាយ និងសកម្មភាពដឹកនាំរបស់ខ្ញុំ គឺវាត្រឹមត្រូវ។ អ៊ីចឹង បើត្រឹមត្រូវហើយពួកគាត់បានគាំទ្រឱ្យខ្ញុំបន្តបេសកកម្មនេះទៅមុខទៀត ហើយបេសកកម្មធំរបស់យើងគឺធ្វើយ៉ាងម៉េចដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈមេធាវីបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី អាណត្តិទី១៤ (២០២២-២០២៤) នៃមហាសន្និបាតប្រចាំឆ្នាំលើកទី២៧ នេះ មានសមាជិកគណៈមេធាវីដែលមានសិទ្ធិបោះឆ្នោតមកពីតាមរាជធានី ខេត្តទូទាំងប្រទេសចំនួន ២ ៣២៤ នាក់ ក្នុងនោះសន្លឹកឆ្នោតបានបោះសរុបចំនួន ២ ០៤៥ សន្លឹក។ លទ្ធផលទទួលបានរួមមានបោះឆ្នោតគាំទ្រ លោក លី ច័ន្ទតុលា ចំនួន ២០១៦ នាក់ ហើយ ២៩ ទៀតជាសន្លឹកឆ្នោតមិនបានការ។ ភាគរយធៀបអ្នកបោះឆ្នោតសរុបស្មើនឹង ៩៨,៥៨ ភាគរយ ខណៈកាលពីការបោះឆ្នោតអាណត្តិទី១៣ ឆ្នាំ ២០២០ មានការគាំទ្រ ១ ៤៤៤ សំឡេង ស្មើនឹង ៨៥ ភាគរយ។
លោក កើត រិទ្ធ រដ្ឋមន្រ្ដី ក្រសួងយុត្តិធម៌ ថ្លែងពេលធ្វើជាអធិបតីពិធីបិទមហាសន្និបាតគណៈមេធាវីកាលពីថ្ងៃទី ១៦ តុលា ដោយចាត់ទុកការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៤ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដថ្មីមួយបន្ថែមទៀត សម្រាប់គណៈមេធាវី ដោយសារការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានគណៈមេធាវីអាណត្តិនេះមានបេក្ខជនឈរឈ្មោះតែ ១ រូប គត់ គឺលោក លី ច័ន្ទតុលា ដោយពុំមានមេធាវីណាផ្សេងបានដាក់ពាក្យដើម្បីឈរឈ្នោះប្រកួតប្រជែងឡើយ។ លោកថ្លែងថា រូបភាពនេះបង្ហាញយ៉ាងច្បាស់ថា៖ «ឯកឧត្ដម លោកជំទាវ អស់លោកលោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា ទាំងអស់នៃគណៈមេធាវី មានការពេញចិត្ត និងការផ្ដល់សេចក្ដីទុកចិត្ត ទាំងស្រុងចំពោះចំណេះដឹង សមត្ថភាព និងជាពិសេសភាពជាអ្នកដឹកនាំរបស់ឯកឧត្ដម លី ច័ន្ទតុលា»។ លោករដ្ឋមន្ត្រីលើកឡើងថា ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដោយលោក ច័ន្ទតុលា បានសម្រេចសមិទ្ធផលថ្មីៗជាច្រើន សម្រាប់គណៈមេធាវី និងវិជ្ជាជីវៈមេធាវី ស្របតាមពាក្យស្លោកការងារស្នូលថា «រួមគ្នាដើម្បីលើកកម្ពស់ឧត្ដមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»។
លោកស្រី មេធាវី សាអ៊ឹម ណាផាន់នីយ បានលើកឡើងថា ក្នុងនាមលោកស្រីជាមេធាវីការពារជនក្រីក្រប្រចាំនៅខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោក លី ច័ន្ទតុលា គណៈមេធាវីមានការរីកចម្រើនដោយសារមានគោលការណ៍ក្នុងការចូលរួមលើកស្ទួយវិស័យយុត្តិធម៌ ដូចជាការការពារក្ដីជូនជនក្រីក្រដោយឥតគិតថ្លៃ ពិគ្រោះ ប្រឹក្សាផ្នែកច្បាប់នានា ដល់ប្រជាពលរដ្ឋនៅតាមសាលាដំបូងគ្រប់ជាន់ថ្នាក់ គ្រប់រាជធានីខេត្ត។ លោកស្រីថ្លែងថា៖ «ឯកឧត្ដមបានបង្កើតប្រតិភូរបស់គណៈមេធាវីនៅគ្រប់សាលាដំបូង គ្រប់ជាន់ថ្នាក់ និងសាលាឧទ្ធណ៍ផងដែរ»។
លោកមេធាវី យ៉ុន សុវាសនា បានលើកឡើងថា រយៈពេលកន្លងមក ក្រោមការដឹកនាំរបស់លោក លី ច័ន្ទតុលា ចំពោះការប្រកបវិជ្ជាជីវៈមេធាវី គឺមានឧត្ដមភាពខ្ពស់ ដោយសារមានការរឹតបន្ដឹងការចូលប្រកបវិជ្ជាជីវៈមេធាវី និងការប្រឡងចូល។ ក្រៅពីនេះលោក ច័ន្ទតុលា បានជំរុញលើការអនុវត្តការងារការពារក្ដីជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតកម្រៃផងដែរ។ លោកថ្លែងថា៖ «សម្រាប់អាណត្តិនេះ គឺខ្ញុំនៅតែបន្តបោះឆ្នោតគាំទ្រឯកឧត្ដម លី ច័ន្ទតុលា ជាប្រធានរបស់គណៈមេធាវីដដែល»។
លោកមេធាវីបានរំពឹងថា នៅពេលដែលលោក លី ច័ន្ទតុលា បានជាប់ជាប្រធានរបស់គណៈមេធាវី នៅក្នុងអាណត្តិនេះទៀត នឹងបន្តពង្រឹងវិជ្ជាជីវៈមេធាវីឱ្យកាន់តែមានឧត្ដមភាព និងលើកកម្ពស់វិស័យច្បាប់ ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសនីតិរដ្ឋមានភាពរឹតតែល្អប្រសើរថែមមួយកម្រិតទៀត។
សម្រាប់ទិសដៅបន្ត លោក ច័ន្ទតុលា បានបញ្ជាក់ថា លោកនឹងបន្តអនុវត្តនូវគោលនយោបាយ ៨ ចំណុចដែលលោកបានដាក់ចេញឱ្យបានកាន់តែល្អប្រសើរ និងបន្តផ្សព្វផ្សាយនូវការអនុវត្តនូវវិជ្ជាជីវៈមេធាវីទៅដល់ថ្នាក់ឃុំ សង្កាត់តែម្ដង៕