ភ្នំពេញៈបុណ្យកឋិនទានជាកុសលដែលធ្វើឡើងដោយនាំយកសំពត់ ឬស្បង់ ចីវរ និងសង្ឃាដីជាដើមទៅប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រៃមាសក្នុងអាវាសណាមួយ។ ទោះបីជាបុណ្យកឋិនទាននេះបានធ្វើឡើងជារៀងរាល់ឆ្នាំនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំហើយក្តី ប៉ុន្តែប្រជាពលរដ្ឋជាពុទ្ធបរិស័ទមួយចំនួននៅតែមិនបានយល់ដឹងច្បាស់អំពីពិធីបុណ្យមួយនេះ។
ព្រះញាណរង្សី ឈិន ហន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភា ព្រះពុទ្ធសាសនា នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគិរីមណ្ឌលមេធា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី បានឱ្យដឹងថា បុណ្យកឋិនទានមានរយៈកាល ២៩ ថ្ងៃ គឺចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ ថ្ងៃ ១៥ កើត ខែកក្តិក។ ការធ្វើបុណ្យកឋិនទានដែលត្រឹមត្រូវគឺធ្វើក្នុងចន្លោះពេលកឋិនកាល ហើយត្រូវមានព្រះភិក្ខុសង្ឃដែលបានចាំវស្សារយៈពេល ៣ ខែមិនដាច់ បើមិនដូចច្នេះទេគឺមិនត្រឹមត្រូវឡើយ។
ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរីបានឱ្យដឹងបន្ថែមថា ក្នុង១វត្តអាចធ្វើកឋិនបានតែម្ដងគត់ក្នងរយៈពេលនៃកឋិនកាលម្តង ប៉ុន្តែពុទ្ធបរិស័ទអាចធ្វើបានច្រើនតាមដែលអាចធ្វើបានដោយនាំយកសំពត់ត្រៃចីវរទៅកាន់ទីវត្តផ្សេងៗគ្នា។ ចំណែកសម្ភារបរិក្ខារសម្រាប់ការធ្វើកឋិនទានវិញក៏មិនពិបាករកដែរសំខាន់បំផុតគឺ ត្រូវមានស្បង់ ១ ចីវរ ១ និងសង្ឃាដី ១ លើសពីនេះមិនមែនជាសម្ភារសម្រាប់កឋិនទានទេ។
ព្រះតេជព្រះគុណមានសង្ឃដីកាថា៖ «ពុទ្ធបរិស័ទដែលជាវបន្ថែមដូចជាលៀង ដូចជាគ្រែនិងសម្ភារប្រើប្រាស់ផ្សេងៗទៀតដែលយកមកចូលរួមជាមួយកឋិនហ្នឹងគឺបានទាំងអស់ គ្រាន់តែអាហ្នឹងគេហៅថាញាតិកឋិនឬបរិវាកឋិន»។
ព្រះញាណរង្សី ឈិន ហន បញ្ជាក់ថា ស្បង់ ចីវរ និងសង្ឃាដី ទាំង ៣ មុខនេះជាតួកឋិនត្រូវតែមាន ប្រសិនបើមានតែមួយមុខនោះមិនអាចធ្វើកឋិនទានបានទេ ព្រោះនេះមិនមែនឧបាសកឧបាសិកាជាអ្នកកំណត់ឱ្យធ្វើនោះទេ ប៉ុន្តែនេះគឺជាវិន័យរបស់ព្រះសម្មាសម្ពុទ្ធដែលបញ្ញត្តឱ្យធ្វើ។ «អត់អាចកំណត់ខ្លួនឯងបានទេទាំង ៣ មុខនេះគឺជាវិន័យរបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់អនុញ្ញាត លើកទឹកចិត្តចំពោះព្រះភិក្ខុសង្ឃដែលបានចាំព្រះវស្សាអស់ ៣ ខែ លោកឱ្យមានស្បង់ ចីវរ និងសង្ឃាដី សម្រាប់ធ្វើកឋិនហ្នឹងឯង ឬក៏អាចហៅបានថាសង្ឃលាភសម្រាប់ភិក្ខុសង្ឃ»។
ព្រះតេជគុណបន្តថា នៅក្នុងប្រទេសកម្ពុជាកឋិនមាន ២ បែប ទី ១ គេហៅថា កឋិនទុស្សំ និងទី ២ គេហៅថាកឋិនចីវរំ។ កឋិនទុស្សំជាកឋិនដែលគេយកសំពត់សផ្នត់យកមកកាត់ដេរជាស្បង់ រួមជាមួយចីវរ និងសង្ឃាដី ចំណែកកឋិនចីវរំ មានន័យថា មិនបាច់ធ្វើការកាត់ដេរនោះទេព្រោះកឋិនចីវរំនេះគឺមានកាត់ដេរហើយស្រាប់។ នេះបើតាមព្រះភិក្ខុ ឈិន ហន។
ព្រះមេគណខេត្តមណ្ឌលគិរីបានឱ្យដឹងទៀតថា ការធ្វើកឋិនទានមានសារៈសំខាន់ និងប្រយោជន៍ច្រើនសម្រាប់អ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ។ មានន័យថា ការធ្វើទាននេះជាការលើកទឹកចិត្តដល់អ្នកបួសក្នុងសាសនាព្រះពុទ្ធ ហើយប្រយោជន៍សំខាន់បំផុតនោះគឺធ្វើឱ្យអ្នកបួសនៅក្នុងសាសនានេះបានសិក្សារៀនសូត្រធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនិងរួមចំណែកធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន។
ព្រះញាណរង្សី ឈិន ហន មានថេរដីកាថា អានិសង្សរបស់ទាយកអ្នកធ្វើកឋិនទានមានដូចជា ១. មានបញ្ញាក្លៀវក្លា ២. មានរូបល្អ ៣. មានពណ៌សប្បុរល្អ ៤. មានសណ្ឋានរាងរៅល្អ ៥. និងបានជាស្តេចចក្រពត្តិ ៦. និងបានជាឯហិភិក្ខុ ៧. អ្នកធ្វើកឋិនឈ្មោះថាបិទនូវ អបាយភូមិទាំង ៤ និង ៨. ឈ្មោះថាជាអ្នកសាងផ្លូវទៅស្ថានសួគ៌ជាដើម។
ព្រះភិក្ខុអគ្គចិត្តោ យ៉ុន យី គង់នៅវត្តមណីរតនារាម សង្កាត់រលាប ក្រុង-ខេត្តពោធិ័សាត់ មានថេរដីកាឱ្យដឹងថា ពាក្យ កឋិន គឺ ជាឈ្មោះនៃសង្ឃកម្មរបស់ភិក្ខុ មានន័យថា សង្ឃសម្រេចគ្នាក្នុងការធ្វើកឋិនទើបកឋិននោះឡើងបាន ចំណែកញាតិញោម ពុទ្ធ បរិស័ទ និងសាមណេគឺមិនអាចធ្វើកឋិនកម្មបានទេ។ ព្រះភិក្ខុអង្គនេះបានឱ្យដឹងទៀតថា ក្នុងសម័យព្រះពុទ្ធគង់នៅគេមិនចាំបាច់ មានអ្វីច្រើនសម្រាប់ធ្វើកឋិនទានទេ សូម្បីសំពត់មួយផ្ទាំងក៏អាចយកមកធ្វើបាន ប៉ុន្តែដោយឡែកសព្វថ្ងៃនេះ ភាគច្រើនគឺអាចារ្យ គណៈកម្មការវត្ត ចង់បានលុយច្រើនជាងចីវរ ព្រោះអាចារ្យគិតពីតម្រូវការក្នុងវត្ត ហើយក៏រកអ្នកចេញទៅស្វែងរកអ្នកមានសទ្ធាជ្រះថ្លានាំយកកឋិនចូលវត្តផងដែរ ចំណែកព្រះសង្ឃក្នុងវត្តមិនអាចរកចីវរមកសម្រាប់ធ្វើកឋិននៅក្នុងវត្តដែលខ្លួនគង់នៅបានទេ ប៉ុន្តែអាចធ្វើកឋិនទានទៅវត្តដទៃបាន។
ព្រះភិក្ខុអគ្គចិត្តោ យ៉ុន យី បានគូសបញ្ជាក់ថា៖«គោលការណ៍នៃការធ្វើកឋិនមានតែ ៣ ទេ ដែលយើងត្រូវធ្វើទី១ស្បង់ ទី ២ ចីវរ ទី ៣ សង្ឃាដី មានរបស់ទាំង ៣ ហ្នឹងញាត់ញោមអាចធ្វើបានហើយ។ ក្នុងទាំង ៣ ហ្នឹងមិនមែនមានន័យថា ត្រូវតែទាំង ៣ ទេ មួយណាក៏បានដែរក្នុងចំណោមទាំង ៣ ពេលដែលភិក្ខុសង្ឃលោកក្រាលកឋិនក៏មិនមែនលោកយកម្តងទាំង ៣ ដែរ លោកយកតែ ១ ទេ»។
ព្រះភិក្ខុបធានជោតោ ម៉ាន់ សុភាព គ្រូសូត្រស្តាំ នៃវត្តមណីរតនារាម ដែលស្ថិតនៅក្នុងសង្កាត់រលាភ ក្រុងពោធិ៍សាត់បានឱ្យដឹងថា បុណ្យកឋិនទានមានលក្ខណពិសេសខុសពីទានផ្សេងៗ ដោយសារតែប្រយោជន៍នៃកឋិនទានសំខាន់បំផុតគឺព្រះសង្ឃបានប្រើប្រាស់សំពត់ចីវរ ហើយពេលព្រះសង្ឃលោកបានក្រាលគ្រងគឺបានអានិសង្ឃតាមពុទ្ធានុញ្ញាតធ្វើឱ្យរួចចាកអំពីអាបត្តិមួយចំនួន ដូចជានៅក្នុងចារិកសិក្ខាបទជាដើម ដោយសារលោកបានទទួលនូវអានិសង្ឃកឋិន ។
ព្រះតេជព្រះគុណ ម៉ាន់ សុភាព បញ្ជាក់ថា៖ «កឋិនទានពិសេសត្រង់ថា ញាតិញោមក៏បានចំណែកបុណ្យដ៏ច្រើនទាំងភិក្ខុសង្ឃក៏បានស្លៀកដណ្តប់ផង និងបានផលអានិសង្ឃរួចចាកអំពីអាបត្តិផ្សេងៗមួយចំនួន ដែលកើតអំពីអានិសង្ឃនៃការក្រាលគ្រងហ្នឹងឯង»។
លោក ណៅ សំបូរ អាយុ ៦០ ឆ្នាំ អាចារ្យវត្តអង្គស្តុក ស្រុកអង្គរជ័យ ខេត្តកំពត បានឱ្យដឹងថា ចំពោះការធ្វើកឋិនទាននេះអាចារ្យអាចជួយធ្វើការដឹកនាំប្រជាពុទ្ធបរិស័ទតាមលំដាប់លំដោយ ដើម្បីឱ្យមានរបៀបរៀបរយល្អព្រោះពុទ្ធបរិស័ទមួយចំនួនមិនដឹថាត្រូវធ្វើយ៉ាងណា ធ្វើរបៀបណា ចាប់ផ្តើមពីណា ហើយត្រូវធ្វើការវេរប្រគេនយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ លោកអាចារ្យបញ្ជាក់ថា ការដឹកនាំវេរប្រគេនព្រះសង្ឃនេះមិនមែនចាំបាច់តែអាចារ្យទេ ព្រះសង្ឃក៏អាចដឹកនាំបានដូចគ្នា។
លោកថ្លែងថា៖ «សូមជម្រាបជូនថា ការដែលវេរអង្គកឋិនទានត្រៃធំហ្នឹង សម្រាប់ភិក្ខុសង្ឃគឺយើងអត់វេរប្រគេនដូចការប្រគេនផ្សេងៗទេ។ បានន័យថាត្រៃធំដែលយកមកតម្កល់ហ្នឹងអាចារ្យដឹកនាំវេរហើយម្ចាស់សទ្ធាអត់លើកត្រៃហ្នឹងប្រគេនលោកទេអ៊ីចឹងពេលដែលវេរហើយលោកចេះចាត់ចែងតាមវិន័យកិច្ចហ្នឹងហើយ លោកចាត់ចែងយកទៅក្រាលគ្រងយ៉ាងម៉េចតាមវិន័យលោកអ៊ិចឹងទៅ»។
លោក វ៉ាន់ សាវ៉ន ពុទ្ធបរិស័ទចំណុះជើងវត្តព្រះពុទ្ធមានបុណ្យ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះការធ្វើបុណ្យកឋិនទាននេះ លោកក៏យល់ដឹងមិនច្បាស់ដែរ។លោកថាដើម្បីយល់ដឹងច្បាស់អ្នកថាធ្វើបុណ្យកឋិនរបៀបណាបានត្រឹមត្រូវនោះគួរតែសាកសួរទៅគ្រូអាចារ្យដែលបានសិក្សារៀនសូត្រ និងមានបទពិសោធច្រើនក្នុងការដឹកនាំការធ្វើបុណ្យកឋិនទាននេះ។លោកបានប្រាប់ទៀតថា សម្រាប់លោកផ្ទាល់បានធ្វើបុណ្យកឋិនទានតាមទម្លាប់តៗគ្នាពេលដល់រដូវកាលកឋិនចូលជាបច្ច័យទៅតាមសទ្ធាជ្រះថានៅតាមវត្តណាដែលមានការរៀបចំកឋិនទាន។
លោកថ្លែងថា៖ «ខ្ញុំមិនធ្លាប់ផ្តើមដឹកនាំកឋិនទៅវត្តណាមួយនោះទេ ប៉ុន្តែខ្ញុំបានចូលរួមជាបច្ច័យអមត្រៃឬពេលខ្លះបានទិញត្រៃលៀងយកទៅចូលរួមហែដើម្បីប្រគេនព្រះសង្ឃដោយចិត្តជ្រះថ្លាតែប៉ុណ្ណឹង។ព្រោះបើដឹកនាំផ្តើមធ្វើកឋិន អាចអស់លុយច្រើន យើងត្រូវចំណាយធនធានច្រើន ហើយខ្ញុំមិនមានធនធានគ្រប់គ្រាន់ទេ អ៊ីចឹងយើងធ្វើទៅតាមសទ្ធាដែលយើងមាន»។
លោក ស៊ុន ឆេកូ ជាពុទ្ធបរិស័ទចំណុះជើងវត្តគោកខ្សាច់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានឱ្យដឹងថា តាមអ្វីដែលលោកដឹងអំពីការធ្វើកឋិនទាន ប្រសិនបើអ្នកធ្វើនោះជាអ្នកផ្តើមកបុណ្យកឋិនទានទៅវត្តណាមួយជាធម្មតាគេត្រូវចែកសំបុត្រអញ្ជើញចូលរួមបុណ្យកថិនទានដោយដាក់កម្មវិធីបុណ្យ និងពេលវេលាណាមួយក្នុងចន្លោះពេលវេលានៃកាលកឋិន។
លោកបន្តថានៅពេលបានជួបជុំញាតិមិត្តបងប្អូនដែលមកចូលរួមបុណ្យហើយបន្ទាប់មកគឺ ត្រូវដង្ហែរបស់របរដែលបានទទួលពីមិត្តភក្តិបងប្អូនដែលបានមកចូលរួមនោះទៅវេប្រគេនព្រគេនព្រះសង្ឃនៅវត្តឬអ្នកខ្លះទៅជួបជុំគ្នាធ្វើពិធីបុណ្យកឋិនទាននៅនឹងវត្តតែម្តង។
លោកថ្លែងថា៖ «តាមដឹងភាគច្រើនយើងទៅធ្វើកឋិនទានហ្នឹងគឺយើងទៅហែត្រៃហើយក្នុងត្រៃហ្នឹងវាមានស្បង់ចីវរអីផ្សេងៗមួយឈុតសម្រាប់ព្រះសង្ឃ ដែលអាចឱ្យលោកយកទៅប្រើប្រាស់ពេញ ១ ឆ្នាំបាន អ៊ិចឹងទៅណាស់»។
កញ្ញា សុវណ្ណ ស្រីលាភ អ្នកលក់សម្ភារអ្នកលក់សម្ភារបុណ្យនៅនៅហាងមួយក្នុងរាជធានីភ្នំពេញបានឱ្យដឹងថាការលក់ដូរសម្ភារបុណ្យគឺមានទីផ្សារដើរទៅរលូនល្អ ដោយមានអ្នកជាវជាបន្តបន្ទាប់ ជាពិសេសនៅពេលរដូវកាលកឋិនមកដល់មានប្រជាពលរដ្ឋជាពុទ្ធបរិស័ទជាច្រើនបានចាប់ផ្តើមជាវ។ ស្ត្រីជាអ្នកលក់នោះប្រាប់ទៀតថាការលក់ដូរស្បង់ចីវ និងសង្ឃាដី សម្រាប់ធ្វើកឋិនទាននេះអាចជឿទុកចិត្តបានព្រោះម្ចាស់ហាងធ្លាប់បានបួសរៀនច្រើនវស្សា និងយល់បានច្បាស់អំពីខ្នាតក្នុងការកាត់ស្បង់ចីវព្រះសង្ឃ។
កញ្ញាថ្លែងថា៖ «ការលក់សម្ភារបុណ្យនៅតែលក់ដាច់មានអ្នកមកទិញជាបន្តបន្ទាប់រហូតមិនថាពេលបច្ចុប្បន្ននេះ ឬក៏ក្នុងអំឡុងពេលនៃការរាលដាលខ្លាំងនៃជំងឺកូវីដ ១៩ នោះទេ ហើយជាក់ស្តែងឥឡូវដល់រដូវកឋិនឃើញថា មានអ្នកទិញច្រើនគឺស្បង់ ចីវ អីហ្នឹងនិយាយរួមសម្ភារសម្រាប់ធ្វើបុណ្យកឋិនទានដាច់ខ្លាំងជាងគេក្នុងពេលនេះ»៕