
លោក ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅថ្ងៃទី ១៧ តុលា ។ រូបថត SPM
ភ្នំពេញៈលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទុកពេលចំនួន ២ សប្ដាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដោះស្រាយឱ្យបានរួចរាល់នូវបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង ២ ស្ថិតនៅក្នុងតំបន់ ១ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ ពាន់នាក់ ពីថ្ងៃទី ១៧ ខែតុលាថា បញ្ហាការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងប៉ៃលិននេះ អាជ្ញាធរខេត្តទាំង ២ បានដោះស្រាយតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត ៣០ ឆ្នាំទៅហើយ ប៉ុន្ដែបែរជាមិនទាន់ដោះស្រាយបានរួចរាល់ទៅវិញ។
លោកបានថ្លែងថា៖ «ខ្ញុំនិយាយតាមទូរស័ព្ទជាមួយអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិនថា ដោះស្រាយឱ្យចប់នៅតំបន់១ គ្រាន់តែកែសម្រួលព្រំប្រទល់រដ្ឋបាល។ ធ្វើប៉ុន្មានជំនាន់ហើយ ធ្វើអត់ចេញ។ អ៊ីចឹងទេ ម្សិលមិញ(ថ្ងៃទី១៦ ខែតុលា) ខ្ញុំបានផ្ញើសារទៅ សុខ លូ [អភិបាលខេត្តបាត់ដំបង] ថាបើសិនជា ២ អាទិត្យទៀត ធ្វើមិនចេញ ខ្ញុំចុះទៅតែម្ដង ព្រោះវាមិនមែនកាត់ដីឱ្យបរទេសឯណា»។
លោកនាយករដ្ឋមន្រ្ដីបានបញ្ជាឱ្យអភិបាលខេត្ត អភិបាលស្រុក ដែលពាក់ព័ន្ធយកចិត្តទុកដាក់លើបញ្ហានេះឱ្យបាន។ លោកបន្តថា ខេត្តបាត់ដំបង មានផ្ទៃដីធំ គឺអាចកាត់ឱ្យទៅខេត្តប៉ៃលិនប៉ុន្មានពាន់ហិកតានោះទៅ ដើម្បីឱ្យប្រជាជនអាចទៅចុះឈ្មោះបោះឆ្នោត ឬអាចផ្ទេរ ឬក៏បោះឆ្នោតនៅកន្លែងដដែលក៏បាន។
លោកបានបញ្ជាក់ថា៖ «ធ្វើប៉ុណ្ណឹងធ្វើមិនចេញហើយខ្ញុំក៏បានផ្ញើសំឡេងហ្នឹងបញ្ជូនទៅឱ្យសម្ដេចក្រឡាហោម ស ខេង ហើយក៏បានប្រាប់សម្ដេចក្រឡាហោម ស ខេង នៅឯរដ្ឋសភាកាលពីថ្ងៃមុនដែរដើម្បីធ្វើឱ្យវាចប់។ ប្រជាពលរដ្ឋគាត់បានអាហ្នឹងគាត់បានកម្មសិទ្ធិ។ ខាងនេះក៏មិនចេញកម្មសិទ្ធិឱ្យ ខាងនោះក៏វាអត់សិទ្ធិ។ បាត់ដំបងអត់ចេញកម្មសិទ្ធិដីធ្លីឱ្យទេ ហើយនៅខំកាន់កាប់អីទៀត។ ខ្ញុំថាតែឯកឧត្ដម សុខ លូ និង លោកជំទាវ បាន ស្រីមុំ ២ នាក់ហ្នឹង បើធ្វើមិនទាន់ទេ គឺខ្ញុំនឹងចុះនៅ ២អាទិត្យទៀត ឱ្យពេលវេលា តែប៉ុណ្ណឹង។ បើធ្វើមិនទាន់ទេ គឺខ្ញុំនឹងចុះទៅធ្វើ»។
លោកនាយករដ្ឋមន្រ្ដីបានឱ្យដឹងថា អភិបាលខេត្តប៉ុន្មាននាក់ហើយក៏ដោះស្រាយបញ្ហានេះមិនចេញ។ ប៉ុន្ដែបើតាមការស៊ើបរបស់លោកគឺមានអ្នកធំមួយចំនួនទៅចាប់ដីដាំដំណាំស្វាយនៅទីនោះ បានទៅរារាំងនៅរដ្ឋបាលខេត្តបាត់ដំបងកុំឱ្យកាត់ដីតំបន់១នោះ ទៅឱ្យខេត្តប៉ៃលិន។
លោកបានថ្លែងថា៖ «អ៊ីចឹងអ្នកទាំងហ្នឹងទៅ អាដីស្វាយលោកឯងអត់បាត់ទៅណាទេ។ ដីនៅបាត់ដំបង គង់តែដីខ្មែរ ដីនៅប៉ៃលិន គង់តែដីខ្មែរ លោកឯងស៊ីផលទៀតទៅ កុំចាំបាច់ទៅរារាំងគេអ៊ីចឹង។ខ្ញុំស៊ើប ខ្ញុំដឹងតើថា ហេតុអ្វីរាប់ឆ្នាំហើយ ដោះមិនចេញ។ សម្ដេចក្រឡាហោម ក៏គាត់បាននិយាយដែរថា វាតម្រឹមព្រំប្រទល់រដ្ឋបាលដើម្បីឱ្យវាងាយគ្រប់គ្រង ព្រោះខាងប៉ៃលិនគេលូកមកវាជិត ឯខាងបាត់ដំបងវាលូកទៅវាឆ្ងាយ»។
លោក សុខ លូ អភិបាលខេត្ត បាត់ដំបង បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃទី ១៧ តុលាថា ក្រោយទទួលបានបទបញ្ជាពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៧ ខែតុលា លោកបានចុះទៅពិនិត្យមើលទីតាំងព្រំប្រទល់ដីរវាងខេត្តទាំង ២រួចហើយ និងបានណាត់គ្នាជាមួយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីចុះទៅពិនិត្យមើលទីតាំងនោះរួមគ្នាបន្ថែមទៀត។
លោកថ្លែងថា៖ «យើងបានធ្វើផែនទីដើម្បីកំណត់លើការដោះស្រាយបញ្ហានេះរួចហើយដែរ។ តាមពិតមិនមែនកាត់អីទេគ្រាន់តែកែសម្រួលព្រំប្រទល់រវាងខេត្តនិងខេត្តទាំង ២ ដូច្នេះគឺយើងបានត្រៀមលក្ខណៈ និងបានធ្វើផែនទីរួចរាល់អស់ហើយ»។
លោក សុខ លូ បានឱ្យដឹងថា ទីតាំងដែលត្រូវកែសម្រួលព្រំប្រទល់នេះ សម្រាប់ខេត្តបាត់ដំបង គឺពាក់ព័ន្ធនៅទីតាំងស្រុកសំឡូត និងស្រុកកំរៀង ដើម្បីកែសម្រួលលើរដ្ឋបាលព្រំប្រទល់ស្រុកទាំង ២ នេះ។
លោកបញ្ជាក់ថា៖ «យើងនឹងខិតខំធ្វើតាមដែលសម្ដេចបានដាក់បទបញ្ជានេះ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ ថ្លែងថា បញ្ហាកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ដ-ក្រុង-ស្រុកខណ្ឌនិងឃុំ-សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់ គឺនាំឱ្យមានបញ្ហាកើតឡើងច្រើនដល់ពលរដ្ឋពិសេសនៅពេលមានបញ្ហាដីធ្លីកើតឡើងរដ្ឋបាលរាជធានី-ខេត្ដមានការលំបាកក្នុងការដោះស្រាយ។
លោកបានថ្លែងថា៖ «ការមិនកំណត់ព្រំប្រទល់របស់រដ្ឋបាលរាជធានី-ខេត្ដ បានច្បាស់លាស់នាំវានាំឱ្យមានបញ្ហាច្រើនដល់ពលរដ្ឋ ដូចជា ការបញ្ជាក់ អត្តសញ្ញាណ និងស្នើសុំសេវាសាធាណៈរបស់រដ្ឋបាលភូមិ-ឃុំផងដែរ»៕