សៀមរាបៈក្រសួងផែនការបានកំពុងដឹកនាំសម្របសម្រួលផ្តល់បណ្ណសមធម៌ជំហានទី ២ ជូនប្រជាពលរដ្ឋចំនួន ៤ ៧៩៣ គ្រួសារបន្ថែមទៀតដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅតំបន់ទីប្រជុំជនភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ចាប់ពីថ្ងៃទី ១៧ ខែតុលា តទៅនៅទីតាំងនគរបាលបេតិកភណ្ឌមុខប្រាសាទអង្គរវត្ត។ នេះបើតាមលោក ផេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ។
លោក ផេង បញ្ញាធន បានថ្លែងថា៖«សម្រាប់ថ្ងៃនេះគឺបន្ទាប់ពីជំហានទី១ ដែលយើងបានផ្តល់បណ្ណសមធម៌ជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅរុនតាឯកចំនួន ៤ ២២៩ គ្រួសាររួចហើយ។ ដំណាក់កាលទី ២ នេះមានចំនួន ៤ ៧៩៣ គ្រួសារ ក្នុងនោះសម្រាប់អ្នកស្ម័គ្រចិត្តទៅរស់នៅរុនតាឯកមានចំនួន ១ ៨៥៣ គ្រួសារ ក្រៅពីនោះជាអ្នកស្ម័គ្រចិត្តទៅនៅឃុំពាក់ស្នែង»។
លោកបានបញ្ជាក់ថា ការសម្របសម្រួលផ្តល់បណ្ណសមធម៌ជំហានទី ២ នេះ មិនកំណត់ចំនួនថ្ងៃនោះទេ ពោលគឺធ្វើរហូតដល់អស់ចំនួនគ្រួសារទើបយុទ្ធនាការត្រូវបញ្ចប់។ លោកបន្តថា ពេលនេះជាដំណាក់កាលមួយដ៏មមាញឹក សម្រាប់មន្ត្រីក្រសួងផែនការ ដោយសារទន្ទឹមគ្នានឹងការអនុវត្តយុទ្ធនាការផ្តល់បណ្ណសមធម៌នេះក្រសួងផែនការក៏មានការទទួលខុសត្រូវផ្សេងទៀត ក្នុងការកំណត់គ្រួសារដែលងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាលត្រូវការប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
លោកថ្លែងថា៖ «ដើម្បីយុទ្ធនាការនេះទទួលបានជោគជ័យគឺក្រសួងផែនការបានប្រមូលកម្លាំងមកពីតាមបណ្តាខេត្តចំនួន ៥ មកចូលរួមអនុវត្តកិច្ចការងារនេះដែលចំនួនមន្ត្រីយើងសរុបនៅទីនេះមានប្រមាណ ៦០ នាក់ សម្រាប់អនុវត្តយុទ្ធនាការនេះ»។
លោក ផេង បញ្ញាធន បានបន្ថែមទៀតថា តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅនៅតំបន់ទីប្រជុំជនភូមិធម្មជាតិរុនតាឯក និងពាក់ស្នែង មិនថាស្ថានភាពគ្រួសារយ៉ាងណានោះទេ គឺត្រូវទទួលបានបណ្ណសមធម៌ ប្រភេទក្រីក្រ១ ដូចៗគ្នាទាំងអស់។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើអ្នកដែលមានបណ្ណរួចហើយដែលបណ្ណនោះជាបណ្ណក្រីក្រប្រភេទ ២ គឺត្រូវតែមកប្ដូរនៅទីនេះ[ទីតាំងប៉ូលិសបេតិកភណ្ឌមុខប្រាសាទអង្គរវត្ត] ដើម្បីឱ្យបានបណ្ណក្រីក្រ១ ដូចគ្នាទាំងអស់»។
លោក ឌុច សាវី ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តទៅរស់នៅតំបន់រុនតាឯកបានឱ្យដឹងថា លោកមានក្តីសប្បាយរីករាយក្រៃលែង ដែលបានទទួលបណ្ណសមធម៌ពីរាជរដ្ឋាភិបាល។ បណ្ណនេះជាចំណែកមួយក្នុងការជួយសម្រាលបន្ទុក និងការលំបាកក្នុងគ្រួសារ ព្រោះអាចទទួលបានចំណូលប្រចាំខែបន្ថែមលើការប្រកបការងារចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកថ្លែងថា៖ «ខ្ញុំអរគុណសម្តេចដ៏ជ្រាលជ្រៅអស់ពីដួងចិត្តដែលលោកបានគិតគូដល់សុខទុក្ខពួកយើងខ្ញុំ ស្ថិតក្នុងការលំបាកហើយសម្តេចបានមកជួយទាន់ពេលវេលា»។
លោកប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានថ្លែងថា ការផ្តល់បណ្ណសមធម៌ជារឿងល្អមួយសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលត្រូវការជំនួយចាំបាច់ពីរដ្ឋាភិបាលដើម្បីឱ្យពួកគាត់មានលទ្ធភាពអាចទទួលបានសម្ភារ ចំណីអាហារ ឬការឧបត្ថម្ភជាថវិកាផ្សេងៗពីរដ្ឋាភិបាលដែលមានកញ្ចប់ថវិកានេះ។ លោកបន្តថា បណ្ណសមធម៌ ឬបណ្ណក្រីក្រនេះមិនត្រឹមតែបានជំនួយម្តងម្កាលនោះទេ ប៉ុន្តែពលរដ្ឋអាចប្រើប្រាស់បណ្ណនោះសម្រាប់ទទួលសេវាផ្សេងៗដែលកំណត់ក្នុងគោលការណ៍នៃការរៀបចំសេវានៅក្រោមបណ្ណសមធម៌ ឬបណ្ណក្រីក្រនេះទៀតផង។
លោកថ្លែងថា៖ «ការផ្តល់បណ្ណនេះអាចជួយសម្រួលដល់ជីវភាពរស់នៅ ដល់ប្រជាពលរដ្ឋដែលគាត់ក្រីក្រខ្លាំង ហើយគាត់ត្រូវការជាចាំបាច់។ ខ្ញុំគិតថាប្រសិនបើរដ្ឋាភិបាលអាចពង្រីកវិសាលភាពនៃការផ្តល់បណ្ណសមធម៌នេះ ជូនអ្នកក្រីក្រពិតប្រាកដនៅតំបន់ផ្សេងក៏ជារឿងមួយល្អដែរ ព្រោះក្រោយកូវីដនេះយើងឃើញថាពលរដ្ឋដែលក្រីក្ររឹតតែធ្លាក់ខ្លួនថែមទៀត»។
រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៥ ខែតុលា បានប្រកាសសម្រេចបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ រហូតដល់ដំណាច់ឆ្នាំ ២០២២ និងបន្តពិនិត្យ និងវាយតម្លៃស្ថានភាពនៅរៀងរាល់ ៣ ខែម្តង។ ជាមួយគ្នានោះរាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណាផងដែរ។
តាមរយៈសេចក្តីសម្រេចនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ភារកិច្ចជូនក្រសួងផែនការដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ចំណែកមូលនិធិជាតិជំនួយសង្គមត្រូវទទួលបន្ទុកប្រតិបត្តិករ ក្នុងការគ្រប់គ្រងនិងចាត់ចែងបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យ៕