
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។ រូបថត ក្រសួងយុត្តិធម៌
ភ្នំពេញៈ នៅក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី ២៧ នៅសណ្ឋាការសុខារាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែតុលា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានផ្ដាំផ្ញើទៅមេធាវីទាំងអស់ត្រូវបំពេញវិជ្ជាជីវៈជាមេធាវីឱ្យបានត្រឹមត្រូវ ដើម្បីឧត្ដមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈនេះ ដែលត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជាមានមេធាវីសរុបជាង ២ ពាន់នាក់ ដូច្នេះ គណៈមេធាវី ក្រោមការដឹកនាំរបស់លោក លី ច័ន្ទតុលា ជាប្រធានគណៈមេធាវី និងក្រុមប្រឹក្សាគណៈមេធាវី នឹងបន្តយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យ និងការបំពេញវិជ្ជាជីវៈមេធាវីឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា៖ «កន្លែងនេះខ្ញុំធ្លាប់បានលើកឡើងហើយដូចឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានលើកឡើងមុននេះបន្ដិច ដើម្បីសម្រេចបាននូវគោលដៅរួមឧត្ដមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី គឺត្រូវចាប់ផ្ដើមចំណុចទី ១ ធំជាងគេ គ្រឹះធំជាងគេ គឺខ្លួនឯង»។
លោកបានបញ្ជាក់ថា មេធាវីមានច្រើន ប៉ុន្ដែប្រសិនបើមេធាវីមិនបានអនុវត្តឱ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួននោះទេការបាត់បង់ចំពោះការគោរពនៃចំណែកណាមួយនៃការអនុវត្តវិជ្ជាជីវៈនេះ គឺប្រាកដណាស់នឹងប៉ះពាល់ទៅដល់ឧត្ដមភាព និងកិត្យានុភាព របស់វិជ្ជាជីវៈនេះ។
លោកបន្ថែមថា ខាងតុលាការក៏ដូចគ្នា លោកធ្លាប់បានលើកឡើងដូចគ្នា បើចៅក្រម អនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌ក្លាយទៅជាឥស្សរជនមួយគួរឱ្យគោរពកុំថាឡើយដល់ការត្រួតពិនិត្យនៃការកាត់សេចក្ដីរបស់គាត់ គ្រាន់តែគាត់អង្គុយកាត់សេចក្ដីក៏គេផ្ដល់ការគោរពហើយគេជឿថា ការកាត់ក្ដីរបស់គាត់ត្រឹមត្រូវបាត់ទៅហើយ។
លោកលើកឡើងថា ការពង្រឹងវិន័យ វិជ្ជាជីវៈនេះ គឺមិនត្រូវធ្វើត្រឹមតែក្របខ័ណ្ឌវិជ្ជាជីវៈមេធាវី ដើម្បីសំដៅក្នុងការពង្រឹងឧត្ដមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈនេះទេ ប៉ុន្ដែការពង្រឹងបាននូវវិន័យនេះទាំងវិជ្ជាជីវៈមេធាវី ក៏ដូចជាវិជ្ជាជីវៈច្បាប់ដទៃផ្សេងទៀតរួមទាំងវិជ្ជាជីវៈតុលាការផងនឹងពង្រឹងបាននូវឧត្ដមភាព ក្នុងវិស័យយុត្តិធម៌មួយទាំងមូលតែម្ដង។
លោក កើត រិទ្ធ បញ្ជាក់ថា៖ «អ៊ីចឹង ប្រសិនបើមេធាវី និងវិជ្ជាជីវៈផ្សេងទៀត យើងមិននាំគ្នាពង្រឹងខាងវិន័យទេ វានឹងធ្វើឱ្យប៉ះពាល់ទៅដល់ឧត្ដមភាព ទៅតាមពាក្យដែលគេនិយាយតគ្នាថា ត្រី ១ កន្ដ្រក កាលណាស្អុយ១ គឺស្អុយទាំងអស់»។
លោកបានឱ្យដឹងថា ក្នុងចំណោមមេធាវីទាំងអស់ ម្នាក់ណាក៏ប្ដេជ្ញាចិត្ត ឧត្ដមគតិ មនសិកា ធ្វើយ៉ាងម៉េចលើកកម្ពស់ឧត្ដមភាពវិជ្ជាជីវៈមេធាវី។ ប៉ុន្ដែក្នុងចំណោមនោះក៏មានមេធាវីខ្លះអនុវត្តទៅមិនត្រឹមត្រូវទៅតាមសីលធម៌ វិជ្ជាជីវៈដែរ។ ដូច្នេះបើមិនប្រើប្រាស់នូវវិន័យទាក់ទងនឹងសីលធម៌ វិជ្ជាជីវៈនេះទេ គឺនឹងធ្វើឱ្យប៉ះពាល់ដល់មេធាវីដទៃទៀតជាច្រើននាក់ដែលខិតខំប្រឹងប្រែងដើម្បីធ្វើកិច្ចការងារឱ្យល្អដើម្បីឧត្ដមភាពនៃវិជ្ជាជីវៈនេះ។
លោកបញ្ជាក់ថា៖ «យើងគិតថា មេធាវីជាវិជ្ជាជីវៈជាមុខរបរប៉ុន្ដែត្រូវគិតមួយទៀតថា វាជាផ្នែកមួយនៃជីវិតរបស់យើង។ ដូច្នេះការកសាងបាននូវកិត្តិយសឧត្ដមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី គឺមិនខុសពីការកសាងនូវកិត្ដិយសនិងកិត្យានុភាព សម្រាប់ខ្លួនឯងទេ»។
បើតាមលោក កើត រិទ្ធ បច្ចុប្បន្ននេះ វិជ្ជាជីវៈមេធាវីដែលបានចាក់គ្រឹះរហូតមកដល់ពេលនេះ សង្គមកម្ពុជាបានទទួលស្គាល់ថាមានមេធាវីហើយមិនមែនជាវិជ្ជាជីវៈមួយដែលកំពុងជជែកគ្នាថា គួរបង្កើត ឬមិនបង្កើតនោះទេ គឺសង្គមទទួលយកថាមានមេធាវីរួចទៅហើយ។
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ថ្លែងថា ពេលដែលមេធាវីទទួលបានការការពារជនក្រីក្រ ដោយការចាត់តាំង មានមេធាវីមួយចំនួនមិនបានមើលអង្គហេតុ សំណុំរឿង ដូច្នេះលោកបានស្នើឱ្យកែតម្រូវចំណុចនេះដើម្បីលើកមុខមាត់អាជីពជាមេធាវីនេះ។
លោកថ្លែងថា៖ «យើងការពារជនក្រីក្រ មិនមែនការពាររាល់ថ្ងៃឯណា ហើយក៏មិនមែនការពាររាស់សប្ដាហ៍ដែរ យូរគឺការពារម្ដង តាមការចាត់តាំងរបស់ប្រតិភូ។ ដូច្នេះខ្ញុំសូមឱ្យមេធាវីការពារក្ដីជូនដល់ជនក្រីក្រយកចិត្តទុកដាក់ ដើម្បីឱ្យប្រជាពលរដ្ឋយើង ទាំងជនរងគ្រោះ និងជនល្មើស បានស្ដាប់ទាំងអស់គ្នានៅសាលសវនាការ ឃើញថា មេធាវី យើងពិតជាប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ការពារកូនក្ដីពិតប្រាកដ មិនថាកូនក្ដីក្រ ឬកូនក្ដីមាន ឬប្រុសស្រី ទាបខ្ពស់ ស ខ្មៅអីទេ»។
ក្នុងនាមជាប្រធានគណៈមេធាវីអាណត្តិទី ១៤ បន្តទៀតនេះ លោក លី ច័ន្ទតុលា បានប្ដេជ្ញាចិត្ត បន្តអនុវត្តនូវគោលនយោបាយ ៨ ចំណុចដែលលោកបានដាក់ចេញចាប់តាំងពីអាណត្តិទី១ ឱ្យបានកាន់តែល្អប្រសើរ និងបន្តផ្សព្វផ្សាយនូវការអនុវត្តនូវវិជ្ជាជីវៈមេធាវីទៅដល់ថ្នាក់ឃុំ សង្កាត់។
លោកថ្លែងថា៖ «ចំពោះការពង្រឹងនិងលើកកម្ពស់តម្លៃវិជ្ជាជីវៈ សមត្ថភាព និងសុខុមាលភាពរបស់មេធាវីដើម្បីអនុវត្តបេសកកម្មនេះ គណៈមេធាវីបានកំណត់ចេញជាសកម្មភាពការងារចំនួន១១ ក្នុងគោលបំណងពង្រឹងវិជ្ជាជីវៈមេធាវី និងតម្កល់ឧត្តមប្រយោជន៍វិជ្ជាជីវៈមេធាវីនិងមេធាវីជាចម្បង តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យលើការគោរពក្រមសីលធម៌និងវិធានវិជ្ជាជីវៈមេធាវី ការបង្កើនសមត្ថភាពដល់មេធាវី ការបង្កើតយន្តការផ្តល់ការលើកទឹកចិត្តដល់មេធាវីដែលមានស្នាដៃក្នុងការជួយដល់យុត្តិធម៌សង្គម វិជ្ជាជីវៈមេធាវី និងគណៈមេធាវី ការលើកកម្ពស់សុខុមាលភាពមេធាវី និងការទប់ស្កាត់ការប្រកបវិជ្ជាជីវៈមេធាវីដោយជនដែលមិនមែនជាមេធាវី»៕