ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្មី​លោក ឌិត ទីណា បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយចិត្ត និង​ស្មារតី ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ ជាពិសេស​នៅ​​ក្នុង​បរិបទ​ដែល​ប្រជាពលរដ្ឋ​​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​​គ្រោះ​ទឹក​ជំនន់ និង​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​​ជីវភាព​របស់​ប្រជាកសិករ​ ដោយ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ ព្រម​ទាំង​លើក​កម្ពស់​ការ​នាំចេញ​នូវ​ផលិតផល​កសិកម្ម។

លោក ឌិត ទីណា បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅថ្ងៃ​ ទី​ ១៧​ តុលា ​ថា៖ «ខ្ញុំ​បាទ​សូម​ប្តេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី រួម​ជាមួយ​ថ្នាក់​ដឹកនាំ​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ ​ជាពិសេស​​នៅ​ក្នុង​​បរិបទ​ដែល​ប្រជាពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​​មហន្តរាយ​ទឹក​ជំនន់​»។

ពិធី​ផ្ទេរ​តំណែង​រដ្ឋមន្ត្រី​កសិកម្ម​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក៏មាន​ការចូលរួម​ពី​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយមលោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោក វេង សាខុន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ការ​ប្រកាស​ចូល​កាន់​តំណែង​​របស់​លោក ឌិត ទីណា ធ្វើ​ឡើ​ង ៣ ថ្ងៃ បន្ទាប់ពី​ព្រះមហាក្សត្រ និង រដ្ឋសភា​បាន​ចេញ​ព្រះ​រាជក្រឹត្យ​តែងតាំង និង​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​​រូប​លោក​​ដោយ​សំឡេង​ ១១១ លើ​ ១១១ និង​រយៈពេល​ ៩​ ថ្ងៃ​បន្ទាប់​ពី​លោក វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម ​ត្រូវបាន​បញ្ចប់​មុខ​តំណែង​។

បន្ថែម​ពី​នេះ​លោក​ ឌិត ទីណា​បាន​ប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គោល​នយោបាយ ផែនការ និង​យុទ្ធសាស្ត្រ​ជាតិ​នានា ជា​ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​​ដំណាក់​កាល​ទី៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​​កសិកម្ម​ឆ្នាំ ២០២២-២០៣០ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ​។

ជាមួយ​គ្នា​នេះ លោក​បាន​ប្តេជ្ញា​ចិត្ត​លើកកម្ពស់​ជីវភាព​របស់​ប្រជា​កសិករ ដោយ​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង​ ព្រមទាំង​លើក​កម្ពស់​ការ​នាំចេញ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​បាន​កាន់​តែ​ជឿន​លឿន​ថែម​ទៀត​។ លោក​ថ្លែង​ថា​៖ «​កសិកម្ម​គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ នៃ​ខឿន​សេដ្ឋកិច្ច​កម្ពុជា​។ កន្លង​​មក​សមិទ្ធផល​ធំៗ​ជាច្រើន​នៃ​វិស័យ​នេះ​ត្រូវ​បាន​សម្រេច​ឡើង​​ជា​បន្ត​បន្ទាប់​ស្រប​តាម​បរិបទ​សង្គម និង​នយោបាយ។​ ជាក់ស្តែង​យើង​បាន​បោះ​ជំហាន​ចេញ​យ៉ាង​ឆ្ងាយ​ ពី​កសិកម្ម​ដែល​ពឹងផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទឹកភ្លៀង​មក​ជា​កសិកម្ម​ដែល​មាន​បណ្តាញ​ ស្រោចស្រព​ខ្វាត់ខ្វែង​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជា​កសិករ​អាច​បង្ក​បង្កើន​ផល​​បាន​ច្រើន​ដង ពី​​កសិកម្ម​បែប​ប្រពៃណី​ដែល​ប្រើប្រាស់​កម្លាំង​មនុស្ស និង​សត្វ​ពាហនៈ​ស្ទើរតែ​ទាំង​ស្រុង​មក​ជា​កសិកម្ម​ទំនើប ដែល​ប្រើប្រាស់​គ្រឿងយន្ត​ស្ទើរ​តែ​ទាំងស្រុង​វិញ​»។ លោក​ថ្លែង​ថា កម្ពុជា​បាន​ចាកចេញ​ពី​កសិកម្ម​ដែល​ទទួល​ទិន្នផល​ទាប ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​មិន​គ្រប់​មក​ជា​កសិកម្ម​ដែល​ធានា​បាន​ទាំង​ស្រុង​នូវ​សន្តិសុខ​ស្បៀង និង​រហូត​ឈាន​ដល់ការ​នាំចេញ​ទៅទី​ផ្សារ​បរទេស ដោយ​រួម​ចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​។

ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​​បិទ​បញ្ចប់​ពិធី​ប្រកាស​ចូល​កាន់​តំណែង​នេះ លោក ឌិត ទីណា បញ្ជាក់​ថា ប្រហែល​ជា​ថ្ងៃទី​ ១៩ ខែ​តុលា លោក​នឹង​ត្រូវ​ចុះទៅ​តាម​បណ្តា​ទីតាំង​នៅ​តាម​ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​ដើម្បី​ចែក​ជា​ជំនួយ​សម្រាប់​ការ​ស្តារ​ឡើង​វិញ​សម្រាប់​ប្រជាពលរដ្ឋ។ ឆ្លើយតប​ទៅ​នឹង​សំណួរ​​របស់​អ្នក​សារព័ត៌មាន ដែល​សួរ​អំពី​ការ​កំណត់​យក​ការងារ​អាទិភាព​ចំពោះ​ស្ថានភាព​​ចំពោះ​មុខ​នៃ​គ្រោះ​ទឹកជំនន់​នេះ លោក​​ថ្លែង​ថា៖ «បញ្ហា​អាទិភាព​នេះ គឺ​មិនមែន​ខ្ញុំ​បាទ​ជា​អ្នក​កំណត់​ផ្ទាល់​នោះ​ទេ ព្រោះ​រាជរដ្ឋាភិបាល​មាន​ចំណាត់ការ​ចំពោះ​ការងារ​គ្រោះ​មហន្តរាយ​នោះ​ហើយ។ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី គន់ គីម សព្វ​ថ្ងៃ​នេះ កំពុង​ដើរ​ចែក​អំណោយ​នៅ​ឡើយ​ទេ។ អ៊ីចឹង ការងារ​រដ្ឋាភិបាល​មិន​ចាំតែ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ដើម្បី​ទៅ​ធ្វើ​តែ​ម្នាក់ឯង​នោះ​ទេ ហើ​យ​អាទិភាព​កំណត់​ទាំង​អស់​នេះ ក៏​ជា​អាទិភាព​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​រួច​ហើយ ដោយ​មាន​រូបមន្ត​ច្បាស់លាស់​ក្នុង​ការ​បែងចែក​»។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ក្នុង​ពិធី​នេះ​​ថា ផ្អែក​តាម​ការ​​វាយ​តម្លៃ​បឋម​របស់​ក្រុម​ការងារ គិត​ត្រឹម​ថ្ងៃទី​ ១២ ខែ​តុលា ដំណាំ​ស្រូវ​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ មាន​ចំនួន​ប្រមាណ​ជាង ២ ​សែន​ហិកតា ផ្ទៃដី​ដំណាំស្រូវ​ដែល​រងការ​ខូចខាត​មាន​ចំនួន​ជាង​ ៨៥ ​ពាន់​ហិកតា និង​ផ្ទៃដី​ដំណាំស្រូវ​ដែល​អាច​ស្តារ​ឡើង​វិញ​មាន​ចំនួន​ជាង​ ៤៨ ​ពាន់​ហិកតា​។ លោក​បាន​​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ស្នើឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រី ឌិត ទីណា ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាត់ទុក​ការងារ​ដោះស្រាយ​ផលប៉ះពាល់​ពី​ទឹកជំនន់​នេះ​ ជា​ការងារ​អាទិភាព​ទី​១​ នាពេល​ចំពោះ​មុខ និង​ខិតខំ​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​វិធានការ​ដែល​ទទួល​បាន​នូវ​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី [ហ៊ុន សែន]»។

លោក វេង សាខុន អតីត​រដ្ឋមន្ត្រី​កសិកម្ម ​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ថា ជាមួយ​នឹង​សមិទ្ធផល​ដែល​សម្រេច​បាន​ជា​វិជ្ជមាន​កន្លង​មក​របស់​ក្រសួង​កសិកម្ម ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផងដែរ ដោយ​លោក​បាន​បញ្ជាក់​ថា៖ «យ៉ាងណា​ក៏ដោយ ខ្ញុំ​សូម​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ទាំងអស់ ​ដែល​ជា​សេនាធិការ​ ត្រូវ​បន្ត​ចូលរួម​ឱ្យបាន​ជិតស្និទ្ធ​បន្ថែម​​ទៀត​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​តាម​ជំនាញ​នីមួយៗ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ឌិត ទីណា ដែល​នឹង​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​»៕

វីដេអូ៖