ភ្នំពេញៈក្រសួងយុត្តិធម៌គ្រោងនឹងបង្កើតអង្គភាពវិជ្ជាជីវៈដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតជាពិសេសលើរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចៀសវាងការកកស្ទះសំណុំរឿងនៅតុលាការ និងក្នុងន័យបង្ខិតសេវាយុត្តិធម៌ទៅក្បែរប្រជាពលរដ្ឋ ថែមទាំងបណ្តុះវប្បធម៌យោគយល់អធ្យាស្រ័យ ដើម្បីភាពសុខដុមរមនា ក្នុងរង្វង់ប្រជាពលរដ្ឋខ្មែរ។
អង្គភាពនេះ គ្រោងចេញជារូបរាងនៅឆ្នាំ ២០២៣ ដើម្បីឈានទៅដាក់ឱ្យដំណើរនៅឆ្នាំ ២០២៤។
នៅក្នុងពិធីបិទបញ្ចប់សន្និបាតលើកទី ២៧ របស់គណៈមេធាវីកម្ពុជា កាលពីថ្ងៃទី ១៦ តុលា លោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា នាពេលបច្ចុប្បន្ន ក្រសួងយុត្តិធម៌កំពុងរៀបចំឯកសារទស្សនទាន ក្នុងការត្រៀមបង្កើតអង្គភាពវិជ្ជាជីវៈថ្មី ១ ទៀត ដែលហៅថា “សន្ធានការី” តាមរយៈយន្តការសន្ធានកម្ម ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក កើត រឹទ្ធ លើកឡើងពីមូលហេតុសំខាន់ ២ យ៉ាង ក្នុងកិច្ចការបង្កើតអង្គភាពសម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ រួមមាន ទី ១ វាជាមូលដ្ឋានគ្រឹះនៃមរតកនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទី ២ ដោយហេតុកម្ពុជាតែងមានវប្បធម៌យោគយល់អធ្យាស្រ័យដល់គ្នា។ អង្គភាពសន្ធានការីនេះ នឹងដើរតួនាទីសម្របសម្រួលអាជីព ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ ដើម្បីសម្របសម្រួលវិវាទដែលជាចំណែកមួយនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា។
លោករដ្ឋមន្ត្រីបន្ថែមថា យន្តការនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្អែកតាមសន្ធានកម្មនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋកម្ពុជា ដែលអាចសង្ខេបជារួម ៣ សំខាន់ៗ។ «ទី ១ ការបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតប្រជាពលរដ្ឋនៅតាមទីជនបទ។ ទី ២ ការរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ ទី ៣ ផ្តល់នូវភាពសុខដុមរមនា នៃមហាគ្រួសារខ្មែរ ដែលគូភាគីទំនាស់ទទួលបានផលឈ្នះ-ឈ្នះ ទាំងអស់គ្នា»។
លោក កើត រិទ្ធ គូសបានបញ្ជាក់ថា យន្តការសន្ធានកម្ម អាចដោះស្រាយបានត្រឹមតែរឿងក្តីរដ្ឋប្បវេណី តួយ៉ាង ទំនាស់ដីធ្លី ភ្លឺស្រែ ទំនាស់គ្រួសារ និងរឿងក្តីព្រហ្មទណ្ឌកម្រិតស្រាលតែប៉ុណ្ណោះ ហើយរាល់ការព្រមព្រៀងពីគូភាគីដែលសម្រេចតាមរយៈសន្ធានការី មានតម្លៃស្របច្បាប់យកទៅអនុវត្តបាន។ ចំណែកសមាសភាពបុគ្គលដែលនឹងអាចក្លាយជាសន្ធានការីក្នុងការដោះស្រាយវិវាទនោះ ត្រូវមានសមត្ថភាពខ្ពស់ផ្នែកច្បាប់ រួមនឹងសមត្ថភាពនៃការសម្របសម្រួលប្រកបដោយភាពអំណត់ចំពោះគ្រប់ភាគីពាក់ព័ន្ធ។
លោក កើត រិទ្ធបានបន្ថែមថា៖ «កិច្ចការនេះកំពុងស្ថិតក្នុងដំណាក់កាល នៃការរៀបចំតាក់តែងគោលនយោបាយ ច្បាប់លក្ខន្តិកៈមួយចំនួនទៀត ដែលអាចនឹងចេញរូបរាងនៅឆ្នាំ ២០២៣ ហើយ អាចនឹងអនុវត្តឆ្នាំ ២០២៤ »។
ជុំវិញបញ្ហានេះលោកមេធាវី សុក សំអឿន យល់ឃើញថា វាជាការល្អក្នុងការបង្កើតយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការជាក់លាក់នេះ ប៉ុន្តែលោកថា អាចល្អតែដំបូងហើយអាចមានវិបត្តិនៅថ្ងៃក្រោយ ដែលជាការទាញរឿងក្តីពីតុលាការ។
លោកសង្កត់ធ្ងន់ថា កន្លងមករឿងក្តីតែងអូសបន្លាយក៏ដោយសារបច្ចេកទេសមេធាវីមួយចំនួន និងបញ្ហាអំពើពុករលួយក្នុងប្រព័ន្ធតុលាការ ១ ផ្នែកផងដែរ។ លោកសុក សំអឿនបញ្ជាក់ថា៖ «បើមេធាវីគ្រប់គ្នាមានចិត្តផ្សះផ្សានោះ រឿងក្តីវាឆាប់ចប់ តែបើឆាប់ចប់ អត់មានសេវាថ្លៃមេធាវី ចំណែកតុលាការវិញក៏ពុករលួយ»។
លោក សុក សំអឿន ពន្យល់បន្ថែមដោយលើកឧទាហរណ៍នៅប្រទេសហ្វីលីពីន និងថៃថា នៅហ្វីលីពីន ដើម្បីកាត់បន្ថយសំណុំរឿងឡើងទៅតុលាការ គេបញ្ជូនទៅផ្សះផ្សាត្រឹមក្រុមប្រឹក្សាឃុំ ក្នុងករណីបទល្មើស កម្រិតស្ថានទម្ងន់ទោសអតិបរមាត្រឹម១ឆ្នាំ ហើយជនរងគ្រោះ និងជនជាប់ចោទរស់នៅក្នុងស្រុកជាមួយគ្នា។ ចំណែកថៃវិញ រដ្ឋាភិបាលថៃបានធ្វើច្បាប់ដោយទទួលស្គាល់ការផ្សះផ្សា ឬរបាយការណ៍ផ្សះផ្សាថ្នាក់ឃុំ សង្កាត់ ប្រៀបដូចជាច្បាប់អ៊ីចឹង សម្រាប់រឿងក្តីភាគច្រើនជារឿងរដ្ឋប្បវេណី។
សម្រាប់លោកសឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកយល់ថា ជាការល្អនៅក្នុងកិច្ចការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប៉ុន្តែលោកសង្ឃឹមថា យន្តការអង្គភាពវិជ្ជាជីវៈសន្ធានការី របស់ក្រសួងយុត្តិធម៌នេះ នឹងអាចផ្តល់យុត្តិធម៌ដល់ពលរដ្ឋក្នុងប្រព័ន្ធផ្លូវច្បាប់មួយ ជាជាងទៅតាមគំនិតបុគ្គលមានអំណាច ដូចករណីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកន្លងមក ដែលគ្មានបទដ្ឋានច្បាប់ត្រឹមត្រូវ។
គួររំឭកថា កន្លងមក ក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេចចំនួន ២ ដាច់ដោយឡែកពីគ្នា ស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការជំនាញក្នុងនោះ រួមមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដើម្បីដោះស្រាយភាពចាំបាច់នៃសំណុំរឿងពិសេសដាច់ដោយឡែកជុំវិញវិវាទការងារ និងពាណិជ្ជកម្ម ក្រៅពីគម្រោងអង្គភាពដោះស្រាយតាមរយៈសន្ធានការី។ ចំណែកក្រសួងមហាផ្ទៃវិញក៏ធ្លាប់បានបង្កើតយន្តការដើម្បីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋានផងដែរ៕