ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបន្តជំរុញ និងលើកទឹកចិត្តដល់សិស្សជាស្រ្តីឱ្យបន្តការសិក្សាបន្ថែមទៀត បើទោះបីជាពួកគាត់បានរៀបការ និងមានកូនចៅរួចហើយក៏ដោយ ខណៈដែលលោកមើលឃើញថា អត្រានៃការបន្តការសិក្សារបស់សិស្សស្រីនៅក្នុងកម្រិតពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតមានការធ្លាក់ចុះច្រើនជាងបុរស។
លោកបានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួនជាង ៦ ពាន់នាក់ ក្នុងនោះមាននារីរហូតដល់ជាង ៣ ៥០០ នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះការលំបាក និងឧបសគ្គជាច្រើន។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំនៅតែបន្តការអំពាវនាវដល់ស្រ្តីទាំងឡាយដែលមានស្វាមីហើយ ហើយមានកូនចៅ សូមបន្តការសិក្សាទៀត ដោយសារសាលាក៏នៅមិនឆ្ងាយប៉ុន្មានដែរ និងដើម្បីបង្កើនអត្រាសិស្សជាស្រ្តី»។
លោកបន្ថែមថា ការបង្កើនអត្រាសិស្សស្រ្តីឱ្យខ្ពស់ជាងសិស្សបុរសមានការពិបាក ប៉ុន្តែក្នុងកម្រិតត្រឹមបរិញ្ញាបត្រ បរិញ្ញាបត្ររង និងមធ្យមសិក្សា ស្រ្តីមានអត្រាខ្ពស់ជាងបុរស តែចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត បែរជាអត្រាសិស្សជាស្រ្តីមានអត្រាធ្លាក់ចុះ ដែលវាក៏មានការទាក់ទងនឹងប្រពៃណីរបស់ខ្មែរ មិនមែនជាឧបសគ្គបណ្តាលមកពីបញ្ហាអ្វីផ្សេងនោះឡើយ។
លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍប្រទេសជាតិ ១ ចាំបាច់ត្រូវការនូវធនធានមនុស្សជាចាំបាច់ ដែលមិនអាចមើលរំលងពីបញ្ហានេះបានទេ។ នាឱកាសនោះដែរ លោកបានអបអរសាទរចំពោះនិស្សិតដែលទទួលបានជយលាភី និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងពង្រឹងគុណភាពអប់រំឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។
លោក ហ៊ុន សែន បានមានប្រសាសន៍រំឭកឱ្យដឹងផងដែរថា៖ «ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ កម្ពុជាពិតជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជាបានបណ្តុះបណ្តាលបានធនធានមនុស្សជាច្រើន។ ការអភិវឌ្ឍជាតិ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដែលមិនអាចមើលរំលងបាននោះទេ»។
ទាក់ទងនឹងការជំរុញ និងលើកទឹកចិត្តឱ្យស្រ្តីបន្តការសិក្សាឱ្យបានខ្ពស់ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបង្ហាញពីការគាំទ្រចំពោះការលើកទឹកចិត្តនេះ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំសូមគោរពគាំទ្រទាំងស្រុងចំពោះប្រសាសន៍លើកទឹកចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រីជូននិស្សិតខាងលើនេះ»។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ (២០១៨-២០២២) បានឱ្យដឹងថា គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមានចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៤៨ និងឯកជន ៨២។
ក្រសួងបានបន្តទៀតថា និស្សិតកំពុងសិក្សានៅឧត្តមសិក្សាមានចំនួន ១៩៨ ៣៦៣នាក់ ក្នុងនោះស្រី ៩៨ ៥៣៥ នាក់ ស្មើ ៤៩,៦៧ ភាគរយ ក្នុងនោះនិស្សិតបរទេសអាហារូបករណ៍ ១៥៩ នាក់ ស្រី ៧៤ នាក់ ស្មើ ៤៦,៥៤ ភាគរយ។
ទន្ទឹមនឹងនេះដែរ បើយោងតាមរបាយការណ៍របស់ក្រសួងកិច្ចការនារី បានឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិវិស័យអប់រំ បានឆ្លើយតបយេនឌ័រ និងគម្លាតយេនឌ័រនៅក្នុងវិស័យអប់រំ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ជាពិសេសនៅកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។
ក្រសួងនេះបន្តថា ជាក់ស្តែង ឆ្នាំសិក្សា ២០២០-២០២១ សិស្សស្រីប្រឡងជាប់មធ្យមសិក្សាបឋមភូមិមាន ៥៣% និងមធ្យមសិក្សាទុតិយភូមិ ៥៤,៣% ហើយទទួលបាននិទ្ទេស A មាន ៥៩,៧%។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល ៥ ឆ្នាំរបស់ក្រសួងនេះកាលពីចុងខែកញ្ញាបានឱ្យដឹងថា រាជរដ្ឋាភិបាលតែងតែគិតគូរទៅដល់ស្រ្តី ដោយសារសង្គមមិនអាចមានតែបុរសនោះទេ គឺត្រូវមានស្រ្តី និងបុរស។ លោកស្រីបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជា រយៈពេល ៣ ទសវត្សរ៍នៃសង្រ្គាមធ្វើឱ្យស្រ្តីទទួលរងគ្រោះច្រើនជាងបុរស៕