ភ្នំពេញៈ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាថ្មីទៀត ដើម្បីឱ្យត្រូវទៅតាមអត្តសញ្ញាណប័ណ្ណក្នុងពេលបច្ចុប្បន្ន ខណៈលោកបានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលគ្រប់អាយុសម្រាប់បោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដូចនេះ នាព្រឹកថ្ងៃទី ១៧ តុលា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ ពាន់នាក់។
លោកមានប្រសាសន៍ថា៖ «នៅថ្ងៃទី ២០ ខែតុលា ខាងមុខនេះ គឺដល់ថ្ងៃនៃការចុះឈ្មោះបោះឆ្នោត ហើយខ្ញុំក៏ត្រូវធ្វើការចុះឈ្មោះសាជាថ្មីផងដែរ ដោយសារកាលពីមុននៅក្នុងអត្តសញ្ញាណប័ណ្ណរបស់យើងថ្ងៃខែឆ្នាំកំណើតគឺថ្ងៃទី ៤ មេសា ១៩៥១ ប៉ុន្តែឥឡូវក្នុងអត្តសញ្ញាណប័ណ្ណរបស់យើង ថ្ងៃទី ៥ ខែសីហា ១៩៥២»។
លោកបញ្ជាក់ទៀតថា៖ «បើយើងមិនទៅចុះឈ្មោះឡើងវិញទេ គឺវាខុស ហើយយើងនឹងបាត់ឈ្មោះក្នុងការបោះឆ្នោតដែលវាពិបាក»។ ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត យុវជនដែលដល់អាយុបោះឆ្នោត ក៏ត្រូវតែទៅចុះឈ្មោះបោះឆ្នោតដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវឱ្យទៅចុះឈ្មោះបោះឆ្នោត ហើយខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក៏បានធ្វើការប្រកាសជាបន្តបន្ទាប់ហើយដែរ ហើយខ្ញុំត្រូវទៅចុះឈ្មោះដើម្បីឱ្យត្រូវនឹងថ្ងៃខែឆ្នាំកំណើត បើមិនចុះជាថ្មីទេ យើងនឹងបាត់បង់សិទ្ធិបោះឆ្នោតតែម្តង»។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស។
លោកបានថ្លែងថា៖ «ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតហើយមិនទាន់បានចុះឈ្មោះពីមុនមកអ្នកដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៥ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមទៅចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត»។
លោកប្រធាន គជប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ ២០២១ ត្រូវទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬចូលពិនិត្យមើលតាមគេហទំព័ររបស់ គជប voterlist.nec.gov.kh ដើម្បីឱ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ឱ្យដឹងទៀតថា៖ «ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់បងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារ សំអាងច្បាស់លាស់»។
ទន្ទឹមនឹងនេះដែរ ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នេះ ប្រព្រឹត្តទៅបានល្អ ប្រកបដោយសន្តិសុខសុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ ១៩ លោក ប្រាជ្ញ ចន្ទ ក៏បានស្នើឱ្យប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ និងមន្ត្រីចុះឈ្មោះបោះឆ្នោតគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩៕