
តំណាងអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅក្នុងវេទិកាកាលពីថ្ងៃទី ១៧ តុលា។ រូបថត ឡុង គីមម៉ារីតា
ភ្នំពេញៈ អង្គការសង្គមស៊ីវិល និងពលរដ្ឋមកពីច្រើនវិស័យជាង ៤០០ នាក់បានជួបជជែកគ្នានៅក្នុងវេទិកាពលរដ្ឋ ក្រោមប្រធានបទការពារលម្ហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជា ដោយរំពឹងថា បញ្ហារបស់ពួកគេនឹងត្រូវបានយកទៅដោះស្រាយ និងដាក់បញ្ចូលក្នុងគោលនយោបាយជាតិ និងតំបន់។
នៅថ្ងៃទី ១៦ និង ១៧ តុលា មានអង្គការសង្គមស៊ីវិលជាង ៥០ និងពលរដ្ឋជាង ៤០០ នាក់បានជួបជុំគ្នាក្នុងវេទិកាពលរដ្ឋរយៈពេល ២ ថ្ងៃ ដើម្បីពិភាក្សាលើចំណុចសំខាន់ៗនៅភោជនីយដ្ឋានទន្លេបាសាក់។ វេទិកានេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលឱ្យរដ្ឋាភិបាល និងអាស៊ានដោះស្រាយនៅគ្រាដែលកម្ពុជាគ្រោងទទួលរៀបចំកិច្ចប្រជុំអាស៊ាននៅខែវិច្ឆិកាខាងមុខ។
កញ្ញា សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ និងជាអ្នករៀបចំវេទិកានេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ តុលាថា ក្នុងវេទិកានេះ គឺចង់ឱ្យភាគីពាក់ព័ន្ធ ជាពិសេសពលរដ្ឋមកពីច្រើនវិស័យបានចូលរួមជជែកពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស សន្តិភាព សន្តិសុខ លម្ហពលរដ្ឋ និងសុចរិតភាពអាជីវកម្មនៅកម្ពុជា។
បញ្ហាបរិស្ថាន និងពាណិជ្ជកម្ម និងសន្តិសុខស្បៀងអាហារ បញ្ហាជីវិតប្រកបដោយសេចក្ដីថ្លៃថ្នូរ ការគាំពារសង្គម ការងារសមរម្យ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការថែទាំសុខភាព សម្រាប់ទាំងអស់គ្នាក្នុងអំឡុងពេលនៃការស្ដារឡើងវិញក្រោយកូវីដ ១៩ ក៏ត្រូវបានលើកជាប្រធានបទពិភាក្សាផងដែរ។
កញ្ញា ថ្លែងថា៖ «បញ្ហាប្រឈមនានានៅតែបន្តមាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងបន្តដោះស្រាយបន្ថែមទៀត។ ជាគោលគំនិតនៅក្នុងការជជែកនេះ មិនមែនជាគោលគំនិតក្នុងការដាក់បន្ទុក ឬបន្ទោសឱ្យភាគីណាមួយទេ។ ក៏ប៉ុន្តែគឺជាការបង្កបរិយាកាសមួយធានាថា អ្នកទាំងអស់គ្នាអាចមកស្តាប់គ្នាបាន អាចយល់បញ្ហាគ្នាទៅវិញទៅមក ដែលអាចដឹងពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋានបែបម៉េច»។
ដោយសារតែជាក់ស្តែងការធ្វើគោលនយោបាយក៏ដូចច្បាប់ផ្សេងៗ នៅមានគម្លាត កញ្ញា រាសី ចង់ឃើញរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងក្នុងប្រទេស និងតំបន់ ទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយពីបញ្ហា និងការចង់បានរបស់ប្រជាពលរដ្ឋក្នុងវេទិកានេះ។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ដែលចូលរួមក្នុងវេទិកានេះបាននិយាយថា វេទិកាប្រជាពលរដ្ឋកម្ពុជាត្រូវបានរៀបចំឡើងមុនកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីប្រមូលបញ្ហា ផ្ដល់ជាដំណោះស្រាយ និងអនុសាសន៍ ដាក់ជូនរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលអាស៊ានផងដែរ។ លោក បន្តថា៖ «សម្រាប់រដ្ឋាភិបាលកម្ពុជាយើងស្នើឱ្យពិចារណាស្វែងរកគោលនយោបាយយន្តការដំណោះស្រាយជូនប្រជាពលរដ្ឋដែលជួបនូវបញ្ហាប្រឈមនានា ដែលកើតឡើងកន្លងមក ដូចជាបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ បញ្ហាពាណិជ្ជកម្ម និងកសិកម្មជាដើម។ បញ្ហានេះក៏យើងចង់ឱ្យរដ្ឋាភិបាលអាស៊ានជួយស្វែងរកដំណោះស្រាយដូចគ្នាដែរ»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ថ្លែងដែរថា វេទិកាប្រជាពលរដ្ឋកម្ពុជា ឬវេទិកាប្រជាជនអាស៊ានមានសារៈសំខាន់ និងចាំបាច់ ដើម្បីពញ្ញាក់ស្មារតីមេដឹកនាំឱ្យគិតគូរពីបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកបន្តថា៖ «មិនថា រដ្ឋាភិបាលកម្ពុជា ឬរដ្ឋាភិបាលអាស៊ានទេត្រូវទទួលយកកង្វល់ និងអនុសាសន៍ដែលជាតម្រូវការចាំបាច់ និងជាក់លាក់របស់ប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសនីមួយៗ ដែលប្រឈមបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រសិនបើបញ្ហាត្រូវបានទទួលយក វានឹងបង្ហាញពការទីទួលខុសត្រូវរបស់រដ្ឋាភិបាលប្រទេសកម្ពុជា និងរដ្ឋាភិបាលប្រទេសអាស៊ាន»។ សម្រាប់លោក ថេង សាវឿន បើបញ្ហាដែលកំពុងតែពើបប្រទះដូចជា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិជួបជុំសម្ដែងមតិ បញ្ហាដីធ្លី បញ្ហាបរិស្ថាន បញ្ហាពាណិជ្ជកម្ម និងបញ្ហាវិស័យកសិកម្មជាដើម មិនត្រូវបានដោះស្រាយទេ វានឹងបង្ហាញពីភាពគ្មានការទទួលខុសត្រូវមកលើប្រជាជនពីសំណាក់រដ្ឋាភិបាលអាស៊ានទាំង ១០ ។
ចំណែកលោក សុខ ពេញ នាយកប្រតិបត្តិ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យបានគូសបញ្ជាក់ថា ក្រោយវេទិកា ២ ថ្ងៃបិទបញ្ចប់សង្គមស៊ីវិលនឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញពីជំហរ និងតម្រូវការតាមវិស័យនីមួយៗ ដោយសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ាននឹងទទួលយកសំណើរបស់ប្រជាជនទៅពិចារណា និងដាក់ផែនការដើម្បីឱ្យអនុវត្តស្របតាមតម្រូវការជាក់ស្ដែងដែលពលរដ្ឋចង់បាន។
លោកបន្តថា៖ «ខ្ញុំគិតថា អ្វីដែលយើងបានជជែកគ្នា នឹងមានឥទ្ធិពលដល់អ្នកសរសេរគោលនយោបាយ ហើយយើងសង្ឃឹមថា អ្នកសរសេរគោលនយោបាយរបស់ប្រទេសនីមួយៗនឹងបញ្ចូលបញ្ហារបស់ពលរដ្ឋដាក់ចូលក្នុងក្របខ័ណ្ឌ ដើម្បីធ្វើការអនុវត្ត»។
លោក យ៉ុន សុភាន់ ជាកម្មកររោងចក្រដែលបានចូលរួមជជែកក្នុងវេទិកានេះដែរ បានបង្ហាញក្តីសប្បាយចិត្ត ចំពោះវេទិកានេះ ដោយបានលើកឡើងថា ពលរដ្ឋ ក៏ដូចជារូបលោកផ្ទាល់បានចូលជាចំណែកមួយក្នុងការបញ្ចេញមតិ ជុំវិញបញ្ហាដែលខ្លួនបានជួបប្រទះ។ លោក ក៏រំពឹងដែរថា បញ្ហាដែលពលរដ្ឋបានលើកមកជជែកក្នុងវេទិកានេះ នឹងត្រូវបានយកទៅពិចារណា និងដោះស្រាយ ជាពិសេសរៀបចំគោលនយោបាយ ដែលសមស្រប ដើម្បីឆ្លើយតបនឹងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «អ្វីដែលពួកខ្ញុំជជែកនេះ ខ្ញុំមិនច្បាស់ ១០០ ភាគរយដែលពួកគាត់នឹងអាចដោះស្រាយបានក្នុងពេលនេះនោះទេ។ ប៉ុន្តែខ្ញុំជឿជាក់ថា ទៅថ្ងៃមុខទៅរដ្ឋាភិបាលយើងនឹងអាចធ្វើបាន»។
យ៉ាងណាក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុកវេទិកាប្រជាពលរដ្ឋថា ជាយន្តការដាក់ចេញដោយអាស៊ាន ដើម្បីផ្ដល់ឱកាសឱ្យអង្គការក្រៅរដ្ឋាភិបាលបានចូលរួម ប៉ុន្តែលោកមើលឃើញថា ការលើកឡើងពីលម្ហនយោបាយ សិទ្ធិមនុស្ស លម្ហប្រជាធិបតេយ្យអាចនឹងប៉ះពាល់ដល់គោលការណ៍អាស៊ានមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក៕