ភ្នំពេញៈអ្នកជំនាញផ្នែកជលផលទឹកសាបបានព្យាករថាបរិមាណផលត្រីទឹកសាបនៅឆ្នាំនេះនឹងមានការកើនឡើងទ្វេដង បើធៀបទៅនឹងឆ្នាំមុន បើទោះជាមានការអះអាងពីប្រជានេសាទនៅតាមដងទន្លេថា នៅដើមរដូវកាលនេះ ពួកគេចាប់ត្រីមិនសូវបានក៏ដោយ។
លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផ្អែកលើស្ថានភាពនៃរបបទឹកទន្លេសាប និងទឹកទន្លេមេគង្គនៅឆ្នាំនេះមានភាពល្អប្រសើរ បូករួមទាំងភាពសកម្មរបស់សមត្ថកិច្ចចម្រុះថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានក្នុងការចុះស្រាវជ្រាវនិងបង្ក្រាប ទប់ស្កាត់បទល្មើសជលផលបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនោះ លោកបានព្យាករថា បរិមាណផលត្រីទឹកសាបនៅឆ្នាំនេះ នឹងមានការកើនឡើងជាងឆ្នាំមុនទ្វេដង។
លោកបានបញ្ជាក់ថា៖ «ថ្វីបើការនេសាទត្រីនៅដើមរដូវកាលឆ្នាំនេះ ប្រជានេសាទចាប់ត្រីមិនសូវបានក៏ដោយ ប៉ុន្តែផ្អែកទៅលើអាកាសធាតុ និងរបបទឹកដែលកំពុងបន្តលិចគ្របដណ្ដប់ទូទាំងតំបន់ទំនាបព្រៃលិចទឹកទាំងអស់ និងការបន្តពង្រឹងការអនុវត្តច្បាប់ការពារធនធានជលផលទឹកសាបរបស់សមត្ថកិច្ចចម្រុះយើងនាពេលនេះ ខ្ញុំជឿជាក់ថា ទិន្នផលត្រីទឹកសាបរបស់យើងនៅក្នុងឆ្នាំនេះនឹងមានការកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុនៗ ហើយត្រីអាចនឹងមានទំហំធំជាងឆ្នាំមុនផងដែរ»។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផល ក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានផលនេសាទទឹកសាប ជិត ៤ សែនតោន (គឺ ៣៨៣ ០៥០ តោន)។
បើតាមលោក គង់ ប្រជានេសាទដែលរស់នៅតាមតំបន់ទំនាបជាប់ដៃបឹងទន្លេសាបអាចនឹងចាប់ត្រីបានច្រើននៅក្នុងអំឡូងខែវិច្ឆិកា ហើយអ្នកដែលរស់នៅតាមដងទន្លេសាប ជាពិសេសតាមគន្លងដាយត្រីអាចនឹងនេសាទត្រីបានច្រើនក្នុងអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឬនៅដើមខែធ្នូខាងមុខនេះ ប្រសិនបើអាកាសធាតុមិនមានការប្រែប្រួលមានភ្លៀងធ្លាក់ ឬចុះត្រជាក់ខ្លាំងពេកទេនោះ។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា យោងតាមការចុះអង្កេត ស្រាវជ្រាវអំពីលំហូរកូនត្រីតាមដងទន្លេមេគង្គចាប់ពីខែកក្កដាដល់ខែកញ្ញាកន្លងមកនេះ បានបង្ហាញថា ប្រភេទត្រីដែលនឹងសម្បូរនៅក្នុងឆ្នាំនេះជាប្រភេទត្រីតូចៗ ដូចជា ត្រីរៀល ត្រីលិញ ត្រីឆ្ពិន ត្រីច្រកែង ...និងត្រីក្អុក។ ចំណែកប្រភេទត្រីធំៗ ដូចជា ត្រីប្រា ត្រីពោ ត្រីព្រួល ... និងត្រីគ្រំ គឺមានលំហូរមកតិចតួចបំផុត នៅឆ្នាំនេះ។
លោកថ្លែងថា៖ «បើផ្អែកលើកត្តាអាកាសធាតុរបបទឹកក្នុងបឹងទន្លេសាប និងភាពសកម្មនៃការងារចុះបង្ក្រាបបទល្មើសជលផល ជាពិសេសការចុះដកហូតដីព្រៃលិចទឹកប្រមាណ ៧ ម៉ឺនហិកតាពីជនប្រព្រឹត្តបទល្មើសត្រឡប់មកវិញ រួមទាំងលំហូរកូនត្រីពីដងទន្លេមេគង្គមកទៀតនោះ យើងរំពឹងថា បរិមាណផលត្រីក្នុងស្តុកធម្មជាតិនៅឆ្នាំនេះ គឺអាចនឹងមានការកើនឡើងច្រើនជាងឆ្នាំមុន»។
ថ្វីបើមានការព្យាករដោយមន្ត្រីជំនាញយ៉ាងដូច្នេះក្ដី ប្រជានេសាទមួយចំនួននៅតាមដងទន្លេនៅតែត្អូញត្អែរថា ការចាប់ត្រីរបស់ពួកគេនៅតែជួបបញ្ហា ដោយក្នុង ១ ថ្ងៃពួកគេអាចចាប់ត្រីបានយ៉ាងច្រើនត្រឹមតែ ៥ គីឡូក្រាមប៉ុណ្ណោះ។
លោក ឌុល ប៊ុនថា ប្រជានេសាទនៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ មន្ត្រីជលផលមិនដែលព្យាករថា ទិន្នផលត្រីមានការធា្លក់ចុះនោះទេ ទោះក្នុងស្ថានភាពណាក៏ដោយ។ ប៉ុន្តែសម្រាប់ប្រជានេសាទដែលរស់អាស្រ័យលើមុខរបរនេសាទត្រី ភាគច្រើន គឺសឹងតែដាច់បាយទៅហើយ ដោយសារតែចាប់ត្រីមិនបាន។
លោកបាននិយាយថា៖ «យើងប្រឹងនេសាទខ្លាំងណាស់ ដោយរាយមង ១ ថ្ងៃ ចាប់បានត្រីប្រមាណពី ៣-៥ គីឡូក្រាមប៉ុណ្ណោះ គឺសឹងតែដាច់បាយទៅហើយនៅពេលនេះ»។
បើតាមលោក ប៊ុនថា បទល្មើសនៅក្នុងផ្ទៃបឹងទន្លេសាប គឺពិតជាថយចុះ ដោយសារមានការបង្ក្រាបពីសមត្ថកិច្ចជំនាញ ប៉ុន្តែក្នុងអំឡុងពេលនៃរដូវទឹកជំនន់នេះ បទល្មើសក៏មានការកើតមានឡើងគួរឱ្យកត់សម្គាល់ផងដែរ។
ចំណែកលោក ឡុង សូឆែត ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជាដែលមានទីស្នាក់ការកណ្ដាលនៅខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផ្អែកតាមលទ្ធផលនៃការចុះបង្ក្រាបបទល្មើសជលផលរបស់មន្ត្រីជំនាញ និងគណៈកម្មការចម្រុះថ្នាក់ខេត្តនាពេលថ្មីៗនេះ បានបង្ហាញថា បទល្មើសនេសាទមានការផ្ទុះច្រើនឡើងវិញនៅតាមតំបន់ព្រៃលិចទឹកជាប់បឹងទន្លេសាប និងតាមតំបន់ស្រែជម្រៅរបស់ប្រជាកសិករ។
លោកថ្លែងថា៖ «បើតាមបរិមាណទឹក និងកិច្ចខិតខំរបស់សមត្ថកិច្ចជំនាញក្នុងការអនុវត្តច្បាប់ស្ដីពីជលផល ខ្ញុំជឿថា បរិមាណត្រីឆ្នាំនេះនឹងកើនឡើង។ ទន្ទឹមនឹងនេះ ខ្ញុំសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ កុំបន្ធូរដៃ ឬលើកលែងចំពោះជនប្រព្រឹត្តបទល្មើសធនធានជលផល»។
ស្រដៀងគ្នានេះ ប្រធានសហគមន៍នេសាទស្ដីក្រោមនៃឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ហោ សំអាត អាយុ ៦៤ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនេសាទត្រីនៅដើមរដូវកាលឆ្នាំនេះ គឺមិនកាក់កបនោះទេ ព្រោះទឹកនៅធំ ហើយត្រីមួយចំនួនបានបំផ្លាស់ទីទៅតាមទីវាលនៃតំបន់ដីស្រែចម្ការលិចទឹក តាមបឹង ស្ទឹង ព្រែក និងប្រឡាយធម្មជាតិនានាគ្រប់ទីកន្លែង។ នៅក្នុងទន្លេ បរិមាណទឹកច្រើន និងមានជម្រៅជ្រៅមិនអាចនេសាទត្រីបានទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានសាកល្បងរាយមងចាប់ត្រីតាមដងទន្លេ តែចាប់មិនបានច្រើនទេ គឺចាញ់ចាប់តាមដីស្រែនោះទេ នៅពេលនេះ»។
បើតាមលោក សំអាត ប្រភេទត្រីដែលសម្បូរអាចចាប់បានច្រើនតាមវាលស្រែនាដើមរដូវកាលឆ្នាំនេះ ភាគច្រើនជាប្រភេទត្រីបឹង ដូចជា ត្រីក្រាញ់ ត្រីកំភ្លាញ និងត្រីផ្ទក់ ចំណែកត្រីដែលឡើងពីទន្លេទៅមានត្រីឆ្ពិន ត្រីច្រកែង និងត្រីឆ្លាំង ក៏សម្បូរផងដែរ ប៉ុន្តែនៅតូចៗនៅឡើយ៕