ភ្នំពេញៈក្រសួងបរិស្ថានសហការជាមួយក្រុមហ៊ុនឯកជនគ្រោងប្រមូលសំណល់បរិក្ខារអគ្គិសនីយកទៅទុកដាក់ប្រកបដោយសុវត្ថិភាព ដែលនេះជាជំហានថ្មីមួយទៀត ខណៈក្រសួងបាននិងកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិលបានជិត១តោនដែលជាប្រភេទសំណល់គ្រោះថ្នាក់ដល់សុខភាព និងបរិស្ថាន។
សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី គឺជាប្រភេទសំណល់គ្រោះថ្នាក់ នៅពេលទុកដាក់មិនបានត្រឹមត្រូវ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាព និងបរិស្ថានតាមរយៈការសាយភាយសារធាតុគ្រោះថ្នាក់មានផ្ទុកនៅក្នុងសំណល់ទាំងនេះ ។
ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះចូលទៅក្នុងបរិស្ថាន និងការពារសុខភាពសាធារណៈ ក្រសួងបរិស្ថានបានសហការជាមួយក្រុមហ៊ុនអេកូបាតអេនើជីខេមបូឌាផ្តល់ធុងទុកដាក់សំណល់ថ្មពិលមួយចំនួនដល់ស្ថានីយប្រេងឥន្ធនៈ រោងចក្រ ក្រុមហ៊ុន និងសាលារៀនជាដើម ហើយក៏ត្រៀមប្រមូលសំណល់បរិក្ខារអគ្គិសនីផងដែរ។
ប្រធាននាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន លោក សុផល ឡាស្កា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាគម្រោងសាកល្បង ក្រសួងបរិស្ថាននឹងប្រមូលសំណល់បរិក្ខារអគ្គិសនីដែលប្រើប្រាស់នៅការិយាល័យ រួមមាន មានកុំព្យូទ័រ ម៉ាស៊ីនកូពី ឧបករណ៍ទប់ភ្លើង នៅតាមស្ថាប័នរដ្ឋ និងឯកជន យកទៅទុកដាក់ប្រកបដោយសុវត្ថិភាពដល់បរិស្ថាន។
លោកថា៖ «ព្រោះយើងដឹងហើយ បច្ចុប្បន្ននេះ បើនិយាយជារួម រោងចក្រកែច្នៃសំណល់បរិក្ខារអគ្គិសនីនៅស្រុកខ្មែរមិនទាន់មានទេ ប៉ុន្តែដោយសារមានការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ គឺលោកយកចិត្តទុកដាក់យ៉ាងខ្លាំងពាក់ព័ន្ធការងារនេះ ហើយលោកបានជំរុញលើកទឹកចិត្តឱ្យមានការវិយោគកែច្នៃសំណល់បរិក្ខារអគ្គិសនីនេះ។ ដូច្នេះយើងបានសហការជាមួយក្រុមហ៊ុន Ecobatt Energy Cambodia ដើម្បីធ្វើការសាកល្បងប្រមូលពីស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ដើម្បីទុកដាក់ឱ្យបានត្រឹមត្រូវ ហើយអាចឈានទៅដល់ធ្វើការកែច្នៃនៅក្នុងប្រទេស»។
លោកបានបន្តថា គម្រោងសាកល្បងនេះក្រសួងនឹងរៀបចំលិខិតជូនដំណឹងទៅតាមស្ថាប័នរដ្ឋនិងឯកជនមួយចំនួនក្នុងពេលឆាប់ៗខាងមុខនេះ។ ចំណែកការប្រមូលសំណល់បរិក្ខារអគ្គិសនីនៅតាមផ្ទះ នឹងធ្វើនៅដំណាក់កាលទី ២ ព្រោះសំណល់នៅតាមលំនៅឋានក៏ជាបញ្ហាមួយដែរ ។
លោកបានបញ្ជាក់ថា សំណល់បរិក្ខារអគ្គិសនី ជារួមគឺជាទំនិញកម្លាំងសេដ្ឋកិច្ច ប៉ុន្តែការកែច្នៃដែលមានបច្ចុប្បន្ននេះមិនទាន់អនុលោមតាមបច្ចេកទេសបរិស្ថានដែលបង្កហានិភ័យដល់សុខភាពនិងបរិស្ថាន។
លោកថា៖ «ឧទាហរណ៍នៅតាមលំនៅឋានពលរដ្ឋ មានកុំព្យូរទ័រឬម៉ាស៊ីនបោកខោអាវ ទូទឹកកក នៅពេលខូច ជាធម្មតាលក់ឱ្យអេតចាយ ហើយលក់បន្តទៅឱ្យកន្លែងផ្សង គេដោះបំបែក ភាគច្រើនការអនុវត្តរបស់គាត់មិនត្រឹមត្រូវតាមបច្ចេកទេសបរិស្ថានទេ។ សំណល់បរិក្ខារអគ្គិសនី ចាត់ទុកជាគ្រោះថ្នាក់ ដោយសារសំណល់ទាំងនេះផ្ទុកទៅដោយពពួកលោហៈធ្ងន់»។
មន្ត្រីបច្ចេកទេស សុផល ឡាស្កា បានពន្យល់ថា ការដែលយើងប្រមូលសំណល់ទាំងនេះទុកដាក់ឱ្យបានត្រឹមត្រូវ វាជាការល្អណាស់សម្រាប់បរិស្ថាន ព្រោះប្រសិនបើបោះចោលលាយឡំជាមួយសំណល់ធម្មតា វានឹងបង្កផលប៉ះពាល់សុខភាព និងបរិស្ថាន។
លោកបង្ហាញសុដ្ឋិនិយមថា ក្រុមហ៊ុន Ecobatt ដែលទទួលលិខិតអនុញ្ញាតពីក្រសួងបរិស្ថានក្នុងការប្រមូលសំណល់បរិក្ខារអគ្គិសនីយកមកទុកដាក់នោះ នឹងអាចឈានដល់ការកែច្នៃក្នុងស្រុក។
លោកថា៖ «ធម្មតាយើងចង់បានការវិនិយោគក្នុងស្រុក ព្រោះមិនចាំបាច់ធ្វើការនាំចេញសំណល់នេះ ព្រោះជាធនធានរបស់យើងនិងបង្កើតការងារក្នុងស្រុក។ ប៉ុន្តែធម្មតាអ្នកវិនយោគសួរវិញថា នៅពេលគេវិនិយោគ តើបរិមាណដែលប្រមូលក្នុងស្រុកនេះអាចបំពេញអ្វីដែលគេចង់បានឬអត់? អ៊ីចឹងបានជាយើងសាកល្បងប្រមូលសិន និងពិនិត្យមើលលទ្ធភាពថា តើក្រុមហ៊ុនប្រមូលហើយមានលទ្ធភាពបង្កើតជារោងចក្រកែច្នៃបានឬអត់? គាត់នឹងធ្វើ ប៉ុន្តែបើកែច្នៃមិនបានទេ យើងនឹងនាំចេញទៅក្រៅប្រទេស»។
ជាមួយគ្នានេះ គម្រោងសាកល្បងប្រមូលសំណល់ថ្មពិលជាង ១ ឆ្នាំមកនេះ ក្រសួងបានដាក់ធុងប្រមូលសំណល់ថ្មពិលនៅតាមស្ថាប័នសាធារណៈ និងឯកជន ផ្សារទំនើប បុរី ស្ថានីយប្រេងឥន្ធនៈ គ្រឹះស្ថានសិក្សា ឱសថស្ថាន និងភោជនីយដ្ឋាន ចំនួន ១៣០ ធុងនៅទីតាំងជិត ១០០ ទីតាំងនៅទូទាំងប្រទេស ក្នុងនោះប្រមូលសំណល់ថ្មពិលបានជិត ១ តោន ។
សូមជម្រាបថា អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនអេកូបាត (Ecobatt) កាលពីខែកញ្ញា ឆ្នាំ ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានតាមរយៈការសាយភាយសារធាតុគ្រោះថ្នាក់ដែលមានក្នុងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក៕