ភ្នំពេញៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានបញ្ចេញស្បៀងបម្រុងរបស់រដ្ឋ សរុបជាអង្ករប្រមាណជិត ៥០០ តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតយកទៅចែកជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្តចំនួន៦រួមមានកំពង់ធំ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ បាត់ដំបងនិងឧត្តរមានជ័យ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ មានប្រសាសន៍ថា ក្រសួងបានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហា និងផលប៉ះពាល់ដោយសារទឹកជំនន់។
លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវន្តរបស់រាជរដ្ឋាភិបាល ដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ។ ក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអុីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង្ហាញថា ស្បៀងទាំងអស់បានចែកទៅខេត្តកំពង់ធំ ចំនួន ៧ ៨២៥ គ្រួសារ ខេត្តបន្ទាយមានជ័យ ចំនួន ២ ៧៥០ គ្រួសារ ខេត្តបាត់ដំបង ចំនួន ១ ០០០ គ្រួសារ ខេត្តព្រះវិហារ ចំនួន ២៤៧ គ្រួសារ ខេត្តឧត្តរមានជ័យ ចំនួន ២៥០ គ្រួសារ ខេត្តសៀមរាប ចំនួន ៥ ៩១៤ គ្រួសារ (បញ្ចេញ ២ លើក ក្នុងបរិមាណសរុប ១០ ០៥០ គ្រួសារ)។ សរុបរួម គិតត្រឹមថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧ ៩៨៦ គ្រួសារ ស្មើនឹង ១៧ ៩៨៦ កញ្ចប់។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ក្រសួងពាណិជ្ជកម្មបានធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៨ ខែតុលា ក្រុមការងារអន្តរក្រសួងដឹកនាំដោយឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុន្នីរ័ត្ន បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះទឹកជំនន់។ កិច្ចប្រជុំនោះធ្វើឡើងតាមវីដេអូខនហ្វើរ៉ិន ដែលមានសមាសភាពចូលរួមពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត៕