ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នៅថ្ងៃទី ១៨ តុលា នេះ បានចេញលិខិតផ្លូវការមួយដោយអំពាវនាវ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ នេះជាលិខិតដ៏កម្រមួយរបស់រដ្ឋមន្ត្រីផ្ញើទៅកាន់សិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាពេលខាងមុខ។
លោករដ្ឋមន្ដ្រី ជា វ៉ាន់ដេត លើកឡើងក្នុងលិខិតផ្លូវការថា៖ «តាងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យ និងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ»។
លោកបន្ថែមថាដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល លោកអំពាវនាវ និងលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។
លោករដ្ឋមន្ត្រីអះអាងទៀតថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទោះជាយ៉ាងណា លោក ជា វ៉ាន់ដេត មិនបានបង្ហាញពីឱកាសអាហារូបករណ៍សម្រាប់សិស្ស និស្សិត ដែលក្រសួងមួយនេះគ្រោងនឹងផ្ដល់ជូននោះឡើយ។ ក្រសួងប្រៃសណីយ៍ មានគ្រឹះស្ថានបណ្ដុះបណ្ដាលរបស់ខ្លួន ដែលបណ្ដុះបណ្ដាលជំនាញឯកទេសឌីជីថល រហូតដល់ថ្នាក់បរិញ្ញាបត្រ។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ និងទី ៦ ខែធ្នូ ហើយលទ្ធផលប្រឡងបាក់ឌុបគ្រោងប្រកាសនៅចុងខែធ្នូ ឆ្នាំ ២០២២៕