ភ្នំពេញៈ មន្ត្រី បសស ពន្យល់ និងបកស្រាយជុំវិញការផ្តល់សេវាថែទាំសុខភាពដល់សមាជិក ចៀសវាងសមាជិកមានការយល់ច្រឡំ ចំពោះការប្រើប្រាស់សេវាតាមដានសុខភាព គឺមិនត្រូវបានរាប់បញ្ចូលក្នុងការធានារ៉ាប់រងពី បសស នោះទេ ដោយសមាជិកអាចទទួលការធានារ៉ាប់រងក្នុងការប្រើសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រតែប៉ុណ្ណោះ។
ការបកស្រាយបែបនេះ ដោយសារតែមានសមាជិក បសស មួយចំនួនមានចម្ងល់ជុំវិញការទៅទទួលសេវាថែទាំសុខភាពពី បសស នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដែលសហការជាមួយ បសស ហើយត្រូវចំណាយថវិកា នៅពេលពួកគេពិនិត្យតាមដានសុខភាព។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បសស បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៨ តុលាថា តាមពិតទៅសមាជិក បសស ដែលទៅប្រើប្រាស់សេវាផ្នែកថែទាំសុខភាពភាគច្រើន ហាក់មិនទាន់មានការយល់ដឹងពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះទេ។ ដោយហេតុនេះហើយបានធ្វើឱ្យសមាជិកមួយចំនួន មានការយល់ច្រឡំ ខណៈដែលរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព គឺសំដៅទៅលើការព្យាបាល ដោយមានន័យថា ទាល់តែសមាជិក បសស មានជំងឺ ទើបអាចប្រើប្រាស់សេវានេះបាន។ ចំណែកករណីដែលសមាជិក បសស មិនមានជំងឺ ហើយចង់ទៅពិនិត្យសុខភាពគឺ បសស មិនធានារ៉ាប់រងនោះទេ ដែលករណីនេះហើយ ដែលធ្វើឱ្យសមាជិកមួយចំនួន មានការយល់ខុស ដែលទាមទារឱ្យសមាជិក បសស ទាំងអស់ ត្រូវស្វែងយល់ និងទទួលព័ត៌មានទាំងនេះឱ្យបានលម្អិត។
លោកបានបញ្ជាក់ថា៖ «យើងធានារ៉ាប់រងទៅលើជំងឺរបស់សមាជិកមានន័យថា ឱ្យតែគាត់ឈឺ គឺគាត់ទៅព្យាបាល ឬឈឺហើយទៅពេទ្យ គឺពេទ្យប្រចាំការទទួលនោះ គឺខាង បសស ទទួលរ៉ាប់រង។ ឧទាហរណ៍ថា នៅសុខៗ សមាជិក បសស (មិនឈឺអីទេ) គាត់ទៅពិនិត្យសុខភាព នោះគឺ បសស មិនចេញថ្លៃសេវាជូនគាត់ទេ។ ដូចអ្នកខ្លះ គាត់គិតថា គាត់បានបង់លុយឱ្យ បសស ហើយ តែមិនដែលបានទៅពេទ្យសោះ ដល់ពេលគាត់ចង់ទៅ ហើយប្រាប់ពេទ្យថា មកពិនិត្យសុខភាព ដែលខាងមន្ទីរពេទ្យ គេគិតលុយហើយ»។
បន្ថែមពីការបកស្រាយនេះ លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាចំពោះការផ្តល់ជូននូវកញ្ចប់ធានារ៉ាប់រងនៃការពិនិត្យតាមដានសុខភាពនេះទៅថ្ងៃអនាគត សម្រាប់សមាជិក បសស គ្រប់រូប ដែលអាចនឹងទទួលបានសេវានេះក្នុងរយៈពេលកំណត់ណាមួយដូចជា ១ ឆ្នាំ ១ ដង ឬ ២ ដងយ៉ាងតិច។ ប៉ុន្តែយ៉ាងណាក្តី លោកសង្កត់ធ្ងន់ថា ចំពោះគម្រោងនេះ គឺស្ថិតក្នុងផែនការអនាគតប៉ុណ្ណោះ ហើយ បសស នឹងព្យាយាមពង្រឹងខ្លួនបន្ថែមទៀតក្នុងពេលអនាគត។
របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព គឺសំដៅដល់ការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាពតាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការផ្អាកការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។
តាមអនុក្រឹត្យស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារបានឱ្យដឹងថា តាវកាលិកថែទាំសុខភាព សំដៅដល់របបធានារ៉ាប់រង ដែលផ្តល់តាវកាលិកសុខភាព និងសេវាបង្ការ ដែលសមាជិក បសស នឹងទទួលបានកញ្ចប់តាវកាលិកសុខភាពនេះ តាមរយៈការទទួលបានសេវាព្យាបាលថែទាំវេជ្ជសាស្ត្រ សេវាបញ្ជូនជនរងគ្រោះ សេវាបញ្ជូនសព និងប្រាក់បំណាច់ប្រចាំថ្ងៃ។
ចំពោះសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ គឺមានរាប់បញ្ចូលដូចជាការព្យាបាលដោយសម្រាកនៅក្នុងមន្ទីរពេទ្យ សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត រួមទាំងឱសថតាមវេជ្ជបញ្ជា បន្ទប់ (ធម្មតា) និងអាហារដែលផ្តល់ដោយមូលដ្ឋានសុខាភិបាលជាដើម។
កន្លងមក បសស ធ្លាប់បានប្រកាសថា សមាជិក បសស អាចទទួលបានសេវាសង្គ្រោះបន្ទាន់ ដែលជាសេវាអន្តរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយដែលមិនបានគ្រោងទុក ហើយអន្តរាគមន៍ទាំងនោះអាចត្រូវធ្វើឡើងភ្លាមក្នុងគោលបំណងជួយសង្គ្រោះជីវិត ឬជួយការពារការបាត់បង់អវយវៈណាមួយនៃសរីរាង្គរបស់អ្នកជំងឺ ឬជនរងគ្រោះ។
បសសបានពន្យល់ថា៖ «អ្នកជំងឺ ឬជនរងគ្រោះអាចចូលទៅប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។ បសស ធ្វើការទូទាត់សងវិញទៅតាមវិធីសាស្ត្របង់ថ្លៃតាមករណី និងសេវា លុះត្រាតែជនរងគ្រោះ ឬសិទិ្ធវន្តជូនដំណឹងមក បសស ក្នុងអំឡុងពេលយ៉ាងយូរ ៤៨ ម៉ោង តាមរយៈលេខទូរស័ព្ទបន្ទាន់ ១ ២៨៦ »។
ក្រៅពីទទួលបានការធានារ៉ាប់រងទាំងនេះ សមាជិក បសស ក៏នឹងទទួលកញ្ចប់សេវាព្យាបាលដោយស្អំ និងចលនា គឺជាសេវាជំនួយវេជ្ជសាស្ត្រ សេវាសម្រាលកូន និងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន និងសេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសពផងដែរ។
លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងបន្ថែមថា ចំពោះប្រាក់បំណាច់ប្រចាំថ្ងៃដែលសមាជិក បសស ទទួលបានគឺនឹងផ្តល់ជូន សម្រាប់រយៈពេលអាក់ខានការងារដោយសារការធ្លាក់ខ្លួនមានជំងឺ គ្រោះថ្នាក់ និងលម្ហែមាតុភាព ឬជួបឧបទ្ទវហេតុផ្សេងៗ និងការព្យាបាលដោយមិនគិតថ្លៃ ដែលមានចែងនៅក្នុងគោលនយោបាយសុខាភិបាលសាធារណៈ ខណៈប្រាក់បំណាច់ប្រចាំថ្ងៃដែលទទួលបានគឺចំនួន ៧០ ភាគរយ នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃរបស់សាមីជន។
គិតត្រឹមថ្ងៃទី ២ តុលា ឆ្នាំ ២០២២ មានកម្មករនិយោជិតចំនួន ១ ៤៦៦ ៧២៥ នាក់ នៅក្នុងសហគ្រាសជាង ១៣ ៣០០ សហគ្រាស បានចុះបញ្ជីនៅក្នុងប្រព័ន្ធ បសស ដើម្បីទទួលបានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ខណៈរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ត្រូវបានអនុវត្តចាប់ពីខែតុលា ឆ្នាំនេះតទៅ៕