ភ្នំពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​កម្លាំង​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​បុរស​ចំនួន​ ៧ ៧២២ នាក់ និង​ស្ត្រី​ ៥៨០ ​នាក់ ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ នៅ​ក្នុង​ប្រទេស​ចំនួន​ ៩ ក្រោយពី​មាន​សន្តិភាព​ពេញលេញ​ ​ដោយ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដោយ​នយោបាយ​ ឈ្នះ - ​ឈ្នះ។​ ​ក្នុង​បេសកកម្ម​មួក​ខៀវ​នេះ​ ​កងយោធពល​ខេមរភូមិន្ទ​ ១០ ​នាក់​ បាន​ស្លាប់ ​និង​ ១៤ នាក់ របួស​។ ​យោង​តាម​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ។

លោក ​ផល សាមន ​អ្នក​នាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្ដិភាព​ បោស​សម្អាត​មីន​ និង​កាកសំណល់​សង្គ្រាម​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ​ឆ្នាំ​ កន្លងមក​របស់​ក្រសួង​ការពារជាតិ​»​ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្ដី​ការ​គណៈរដ្ឋមន្ដ្រី​ កាលពី​ថ្ងៃទី​​ ១៨​ ​ខែ​តុលា ​​នេះ​ថា ​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ​សរុប​ទាំង​ ៨ ៣០២ ​នាក់ ​បាន​ចាប់ផ្ដើម​ចេញ​ជា​បន្តបន្ទាប់​ទៅ​ប្រទេស​ ស៊ូដង់​ ស៊ូដង់​ខាង​ត្បូង ​លីបង់ ​ម៉ាលី ​អាហ្វិ្រក​កណ្ដាល​ ឆាដ​ ស៊ីប​ ស៊ីរី​ និង​យេម៉ែន ​ក្នុង​ជំនាញ​បោស​សម្អាត​គ្រាប់​មីន ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​អាវុធហត្ថ​ មន្ទីរ​ពេទ្យ​កម្រិត​ ២ ​ វិស្វកម្ម​សំណង់ ​វិស្វកម្ម​ព្រលាន​យន្តហោះ ​នាយ​ទាហាន​សេនាធិការ​និង​នាយ​ទាហាន​សង្កេត​ការណ៍​។

លោក​ថ្លែង​ថា​ ក្នុង​បេសកកម្ម​ដាច់​ដោយឡែក​ពី​គ្នា​ជា​បន្តបន្ទាប់​នោះ​គឺ ​គិត​ចាប់​ពី​ឆ្នាំ​ ២០១៨ ​ដល់​ ៩ ​ខែ​ដើម​ឆ្នាំ​ ២០២២ ​កងកម្លាំង​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​មាន​ចំនួន​ ៣ ៣១២ ​នាក់​ (​នារី​ ៣៥០ ​នាក់​)​ នៅ​ ៥​ ប្រទេស (​ស៊ូដង់​ ស៊ូដង់​ខាង​ត្បូង​ លីបង់​ ម៉ាលី​ និង​អាហ្វ្រិកកណ្ដាល​)​។​ បច្ចុប្បន្ន​កម្លាំង​កង​យោធពល-​ខេមរភូមិន្ទ​ដែល​កំពុង​បំពេញ​បេសកកម្ម​មាន​ចំនួន​ ៨០១ ​នាក់​ (​នារី​ ១១៨ ​នាក់​) ​នៅ​ ៥​ ប្រទេស​ រួមមាន​ ស៊ូដង់​ខាងត្បូង​ ស៊ូដង់​ លីបង់​ ម៉ាលី​ និង​អាហ្វិ្រក​កណ្ដាល​។ ​នៅ​តំបន់​ដែល​ត្រូវ​បំពេញ​ភារកិច្ច​ទាំង​នោះ ​ក៏​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​ជា​តំបន់​ភ្នំ​ ខ្ពង់រាប​ ព្រម​ទាំង​ប្រឈម​នឹង​ការ គំរាមកំហែង​ផ្នែក​សន្តិសុខ​ដូចជា​ការ​វាយ​ប្រហារ​អត្តឃាត​ពី​ក្រុម​ភេរវករ ព្យុះ​ខ្សាច់​សាហារ៉ា ​គ្រាប់​មីន​ គ្រឿង​ផ្ទុះ ​កែច្នៃ​ជាដើម​។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «​កងកម្លាំង​យើង​បាន​បំពេញ​ការងារ​ដោយ​មិន​ខ្លាច​នឿយហត់​ក្រោម​អាកាសធាតុ​ក្តៅ​ហួតហែង​រហូត​ដល់​ ៥៣ ​អង្សា​នៅ​ទ្វីប​អាហ្វិ្រក​និង​ត្រជាក់​ដល់​ក្រោម​សូន្យ​អង្សា​នៅ​មជ្ឈិមបូព៌ា​»​។

លោក​បញ្ជាក់​ថា​ កងកម្លាំង​ ៨០០ ​នាក់​នេះ​ កំពុង​ប្រតិបត្ដិការ​ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​។​ ប៉ុន្ដែ​ដើម្បី​គ្រប់គ្រង​ការងារ​ដឹកនាំ ​និង​ផ្ដល់​ព័ត៌មាន​មជ្ឈមណ្ឌល​ជាតិ​ បាន​ចែកចេញ​ជា​ ២​ គឺ​ទី​ ១​ ខាង​ក្រៅ​ និង​ក្នុង​ប្រទេស​ទោះបី​មាន​ពេលវេលា​គម្លាត​គ្នា​ពេល​ថ្ងៃ​នឹង​យប់​ក៏​ដោយ​ ប៉ុន្ដែ​ការ​គ្រប់គ្រង​ព័ត៌មាន​ គឺ​បាន​ច្បាស់លាស់​។ ​ហេតុការណ៍​​ដែល​កើតឡើង​នៅ​តំបន់​ដែល​កម្ពុជា​ឈរជើង​គឺ​ត្រូវ​ដឹង​មក​ដល់​កម្ពុជា​រយៈកាល​លឿន​បំផុត​តាមរយៈ​បច្ចេកវិទ្យា​។ ​ទី​២ មជ្ឈមណ្ឌល​ជាតិ​បាន​ធ្វើ​ ការ​ណែនាំ ​និង​គ្រប់គ្រង​ចំពោះ​អ្វី​ដែល​ជាយថាហេតុ​អ្វី​ដែល​ជា​ឧបសគ្គ​ក្នុង​តំបន់​ឈរ​ជើង​។

លោក​បញ្ជាក់​ថា​៖ «​កាល​ពី​មុន​យើង​មាន​ការ​លំបាក​ដោយសារ​ការ​គ្រប់គ្រង​របស់​យើង​ជា​មួយ​កងកម្លាំង​ឈរ​ជើង វា​អត់​ទាន់​មាន​យន្តការ​ច្បាស់លាស់​។​ ប៉ុន្ដែ​ឥឡូវ​យើង​បង្កើត​បច្ចេកវិទ្យា​គ្រប់គ្រង​ច្បាស់​។

លោក​ថ្លែង​ដោយ​រំឭក​ថា​ កម្ពុជា​បាន​ឆ្លង​កាត់​ភ្លើង​សង្គ្រាម​អស់​រយៈកាល​ជាង​ ៣ ​ទសវត្សរ៍​ហើយ​សូម្បីតែ​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា ​ឆ្នាំ​ ១៩៩១​ និង​កម្លាំង​អ៊ុនតាក់​ ដែល​ចូលមក​ដោះស្រាយ​ ស្វែងរក​ សន្ដិភាព​នៅ​កម្ពុជា​ គឺ​មិនទាន់​បាន​សម្រេច​ដែរ​។​ ដូច្នេះ​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ឈ្នះ​ ឈ្នះ ​ធ្វើឱ្យ​មាន​សន្ដិភាព​នៅ​កម្ពុជា​នា​ចុង​ឆ្នាំ​ ១៩៩៣​ ដែល​កម្ពុជា​ទទួល​បាន​ការ​ឯកភាព​ជាតិ​ពេញលេញ​។

លោក​លើក​ឡើង​ថា ​កម្ពុជា​មាន​សន្តិភាព​ហើយ​ តើ​កម្ពុជា​បន្ត​ធ្វើអ្វី​ទៀត​? ​លោក​បញ្ជាក់​ថា ​គឺ​កម្ពុជា​មាន​សុច្ឆន្ទៈ​មួយ​ចង់​ចូលរួម​ការ​ថែរក្សា​សន្ដិភាព​នៅលើ​ពិភពលោក​ដែល​មាន​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន សែន​ ក្រោយពី​លោក ​កូហ្វី​ អាណាន់ ​ ពេលនោះ​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​លិខិត​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​ ២៥ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០០៥​។

លោក​បន្ត​ថា៖​ «​ក្នុង​ពេលនោះ​រយៈកាល​តែ ​៤ ថ្ងៃ​ទេ ​ដែល​កម្ពុជា​បាន​សម្រេច​ចិត្ត​ គឺ​នៅ​ថ្ងៃទី​ ១ ​ខែ​មីនា ​ឆ្នាំ​ ២០០៥​។ ​អ៊ីចឹង​កងទ័ព​ទទួលបាន​នូវ​បទបញ្ជា​ដើម្បី​ចូលរួម​នៅ​អង្គការ​សហប្រជាជាតិ​។​ យើង​បាន​យក​នូវ​បទបញ្ជា​មក​អនុវត្ត​រយៈកាល​មិន​ដល់ ​១​ ឆ្នាំ​ទេ​ យើង​បាន​បង្កើត​គណៈកម្មការ​ជាតិ​ បង្កើត​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្ដិភាព​ បោស​សម្អាត​មីន ​និង​កាកសំណល់​សង្គ្រាម​ ដើម្បី​បញ្ជូន​កម្លាំង​ទៅ​ចូលរួម​ជាមួយ​អង្គការ​សហប្រជាជាតិ ​នៅ​តាម​បណ្ដា​ប្រទេស​នានា​លើ​សកល​លោក​​»​​។

លោក​ សាមន​ បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​បាន​ហ្វឹកហ្វឺន​កងកម្លាំង​ចូលរួម​ដំបូង​បំផុត​នៅ​ថ្ងៃទី​ ១២ ​ខែ​មេសា​ ឆ្នាំ​ ២០០៦ ដែល​កងយោធពល​ខេមរភូមិន្ទ​​បាន​ពាក់​មួក​ខៀវ​ទៅ​ចូលរួម​ប្រតិបត្ដិការ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាតិ​នៅ​បណ្ដា​ប្រទេស​ខាងក្រៅ​​។

លោក​ ឈុំ ​សុជាត​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នេះ​ដែរ​ថា​ ចំពោះ​កង​កម្លាំង​ពលី​ក្នុង​ពេល​បំពេញ​បេសកកម្ម​ការពារ​សន្ដិភាព​ តាម​បណ្ដា​ប្រទេស​នានា​ ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​ គិត​ចាប់​ពី​ឆ្នាំ​ ២០០៦​ រហូតមក​ គឺ​មាន​ចំនួន ​១០ ​នាក់​។​ ក្នុងនោះ​ កងកម្លាំង​បាន​ ពលី​នៅ​ប្រទេស​ម៉ាលី​ចំនួន​ ៥ ​នាក់​ ដែល​រងគ្រោះ​ដោយសារ​ព្យុះ ​១ នាក់​ ដោយសារ​ជំងឺ​កូវីដ​ ១ ​នាក់​ និង​ដោយ​បញ្ហា​ផ្សេងៗ​ទៀត​ចំនួន ​៣ នាក់​។ ​ចំណែក​កងកម្លាំង​នៅ​ប្រទេស​អាហ្វិ្រក​កណ្ដាល​ បាន​ពលី​ដោយសារ​ជំងឺ​គ្រុនចាញ់​ម្នាក់​ និង​ដោយ​ការ​ពួន​ស្ទាក់​ ៤ ​នាក់​។ ក្រៅពី​នេះ​ក៏មាន​កង​កម្លាំង​ដែល​រង​របួស​ចំនួន​ ១៤ ​នាក់​ ផង​ដែរ​។

លោក​ថា​ បើ​ផ្អែក​តាម​ការ​វាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ចុង​ឆ្នាំ​ ២០២១​ កម្ពុជា​ទទួល​បាន​លំដាប់​លេខ​ ២៨​ ក្នុង​ចំណោម ​១២២ ​នៃ​ប្រទេស​បរិច្ចាគ​កម្លាំង​។ ​ការ​បញ្ជូន​កម្លាំង​នារី​ទទួលបាន​លំដាប់​លេខ​​ ១៣​ ក្នុង​ចំណោម​ ១២២ ​នៃ​ប្រទេស​បរិច្ចាគ​កម្លាំង ​និង​នៅ​ក្នុង​សហគមន៍​អាស៊ាន​ទទួល​បាន​លំដាប់​លេខ​ ៣ ​ការ​បញ្ជូន​កម្លាំង​នារី​ទទួលបាន​លំដាប់​លេខ​ ២ ​​។​​ កង​យោធពល​ខេមរភូមិន្ទ​បាន​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិតខាង​ ប្រទេស​ក្នុង​តំបន់​ និង​អន្តរជាតិ​ ពិសេស​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ថែម​ទៀត​។​ បន្ត​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ និង​ទំនាក់ទំនង​ល្អ​ដើម្បី​ជំរុញ​បង្កើន​សមត្ថភាព ការពារជាតិ​ ពង្រឹង​សាមគ្គីភាព​ ឈរ​លើ​គោលការណ៍​ឯករាជ្យ​ អព្យាក្រឹត ​គោរព​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក៕