ភ្នំពេញៈ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ និយាយថា កង្វះខាតបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការជាកត្តានាំឱ្យនិយោជិតជាស្ត្រី បោះបង់ការបំបៅដោះកូនដោយទឹកដោះម្តាយ ហើយងាកមកបំបៅកូនដោយប្រើប្រាស់ម្សៅទឹកដោះគោជំនួសវិញ ដែលកត្តានេះ ទាមទារឱ្យធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ។
នៅថ្ងៃទី ១៩ ខែតុលានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមគ្នាជាមួយអង្គការ Helen Keller បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគម្រោង និងពិភាក្សាលើផែនការសកម្មភាពរបស់គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការជាមួយថ្នាក់គ្រប់គ្រងរោងចក្រ និងសហគ្រាស នៅភោជនីយដ្ឋានទន្លេបាសាក់២។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ថ្នាក់គ្រប់គ្រងនៅតាមរោងចក្រ សហគ្រាស ចូលរួមពិភាក្សានូវផែនការសកម្មភាពនានាដែលគម្រោងកំពុងអនុវត្ត និងទទួលបានចំណេះដឹង និងសារគន្លឹះទាក់ទងនឹងអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ ដើម្បីចូលរួមផ្សព្វផ្សាយ និងជំរុញដល់បុគ្គលិក និយោជិតជាស្ដ្រី ឱ្យចូលរូមបំបៅដោះកូនដោយទឹកដោះ។
ក្នុងឱកាសនោះ លោក អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ បានថ្លែងថា ដៃគូពាក់ព័ន្ធបានសហការគ្នា អនុវត្តគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ។ លោកបន្តថា គម្រោងនេះ គឺបានផ្តោតសំខាន់ឱ្យមានបន្ទប់បំបៅដោះកូន និងបង្កើតនូវការយល់ដឹងដល់និយោជិត និងនិយោជកស្តីពីអាហារូបត្ថម្ភ និងការបំបៅដោះកូនដោយទឹកដោះម្តាយ។
យ៉ាងណា លោក សង្កេតឃើញថា កង្វះបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ គឺហេតុធ្វើឱ្យស្ត្រីម្តាយ ផ្លាស់ប្តូរគំនិត និងឥរិយាបថពីការបំបៅកូនដោយទឹកដោះ ទៅចាប់យកការបំបៅកូនដោយទឹកដោះគោម្សៅជំនួសវិញ ហើយជាពិសេសគឺក្នុងអំឡុងពេលដែលពួកគេបានវិលត្រឡប់មកបំពេញការងារវិញ ក្រោយសម្រាលមាតុភាពរយៈពេល ៣ ខែ។
លោក បានបញ្ជាក់ថា៖ «សព្វថ្ងៃនេះ ស្ត្រី ឬនិយោជិតគ្រប់រូប ចំណាយពេលវេលារបស់ខ្លួនស្ទើរតែទាំងអស់របស់ខ្លួនក្នុង ១ ថ្ងៃៗនៅកន្លែងធ្វើការ និងនៅឆ្ងាយពីផ្ទះ។ ដោយហេតុនេះ ទីកន្លែងធ្វើការ បានក្លាយជាកត្តាតួអង្គសំខាន់ក្នុងវិស័យលើកស្ទួយអាហារូបត្ថម្ភសម្រាប់មាតា កុមារ និងទារក និងសម្រាប់លើកស្ទួយសុខភាពដល់និយោជិត»។
លោក បញ្ជាក់បន្តថា៖ «យើងត្រូវការចាំបាច់ និងអ្នកចាប់ផ្តើមក្នុងការបង្ហាញឆន្ទៈ ដើម្បីអនុវត្តការងារដ៏មានការសារៈសំខាន់ក្នុងការគាំទ្រដល់ស្ត្រី។ ការបង្កើតឱ្យមានបន្ទប់បំបៅដោះកូន និងអាហារូបត្ថម្ភ ពុំមែនផ្តល់ផលប្រយោជន៍សម្រាប់តែនិយោជិតជាស្ត្រីប៉ុណ្ណោះទេ។ វាថែមទាំងជួយលើកកម្ពស់សុខភាព និងការអភិវឌ្ឍរបស់កុមារ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍរីកលូតលាស់របស់ប្រទេសជាតិផងដែរ»។
តាមច្បាប់ការងារកម្ពុជា មាត្រា ១៨៦ បានចែងថា សហគ្រាសទាំងឡាយណាដែលមាននិយោជិតជាស្ត្រីចាប់ពី ១០០ នាក់ឡើងទៅ ត្រូវមានបន្ទប់សម្រាប់បំបៅដោះកូន១ និងទារកដ្ឋានមួយផងដែរ ដែលលោក អ៊ុន សំអឿន ចាត់ទុកថា កង្វះបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ គឺជាឧបសគ្គរារាំងដល់ស្ត្រីក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយតែ ១ មុខគត់ឱ្យបានរយៈពេល ៦ ខែ នៃវត្តមានដំបូងរបស់ទារក និងបន្តបំបៅដោះកូនរហូតដល់កុមារមានអាយុ ២ ឆ្នាំ។
លោក ជុំ សែនវាសនា តំណាងអង្គការ Helen Keller បានលើកឡើងដែរថា គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ នឹងផ្តល់នូវដំណោះស្រាយសមស្របដ៏សំខាន់មួយដែលមានការចំណាយតិចតួច ហើយអនុញ្ញាតឱ្យនិយោជិតជាស្ត្រីនៅតែអាចបន្តបំបៅកូនដោយទឹកដោះម្ដាយនៅពេលពួកគេត្រឡប់មកធ្វើការវិញ។
លោក បានបន្តថា គម្រោងប្រភេទនេះ ក៏អាចផ្ដល់ជាវេទិកាមួយដល់ស្ត្រី ដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ផ្សេងៗទៀតដូចជាការអប់រំអាហារូបត្ថម្ភ និងអនាម័យ ការអប់រំការចិញ្ចឹមទារក និងកុមារ និងការប្រឹក្សាលើរបបអាហារ និងសុខភាពរបស់ស្ត្រី ខណៈការអនុវត្តគម្រោងប្រភេទនេះអាចចាត់ទុកជាយុទ្ធសាស្ត្រឈ្នះឈ្នះមួយសម្រាប់និយោជក និងនិយោជិត។
លោក អះអាងថា៖ «ព្រោះការបង្កបរិយាកាសសមស្របដូចជាផ្ដល់ពេលវេលាសម្រាកដល់ស្ត្រីក្នុងការបំបៅ ដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារ និងឧបករណ៍ គ្រប់គ្រាន់ នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរជាងមុន ទាំងខ្លួនគាត់ផ្ទាល់ និងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពផងដែរ»។
លោកស្រី គង់ សត្យា តំណាងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ក៏បានចាត់ទុកដែរថា គម្រោងនេះ ជាចំណែកមួយជួយផ្សព្វផ្សាយដល់ថ្នាក់គ្រប់គ្រងនៅតាមរោងចក្រសហគ្រាស និងកម្មករនិយោជិតជាស្ត្រីខ្លួនឯងផ្ទាល់ឱ្យទទួលបានចំណេះដឹង និងសារគន្លឹះទាក់ទងនឹងអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ។
លោកស្រី បានបញ្ជាក់ថា៖ «គម្រោងនេះ នឹងចូលរួមជំរុញឱ្យនិយោជិតជាស្ត្រី ចូលរួមប្រើប្រាស់បន្ទប់បំបៅដោះកូន ដើម្បីជាប្រយោជន៍។ បេសកកម្មចម្បងរបស់ក្រសួងការងារ គឺគាំទ្ររដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារ សុខភាព អាហារូបត្ថម្ភឱ្យកាន់តែប្រសើរជូនដល់បុគ្គលិកនិយោជិត និងកម្មករកម្មការិនី នៅតាមរោចក្រ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងកុមារ តាមរយៈធ្វើឱ្យប្រសើរឡើងអាហារូបត្ថម្ភ»។
តាមការប្រកាស គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ នឹងបង្កើតឱ្យមានបន្ទប់បំបៅដោះកូនក្នុងតម្លៃសមស្របមានកម្រិតស្ដង់ដា ដែលអាចទទួលយកបាន និងបង្ករលក្ខណៈងាយស្រួលដល់ស្ត្រីគ្រប់រូបក្នុងការបំបៅដោះកូន ការបូមទឹកដោះដោយមាន ឧបករណ៍គ្រប់គ្រាន់ដូចជាទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងបណ្ណផ្នត់បត់អប់រំសុខភាពដើម្បីផ្លាស់ប្តូរឥរិយាបថជាដើម។
សម្ភារ និងឧបករណ៍ទាំងអស់នេះនឹងត្រូវផ្ដល់ជូនទៅបន្ទប់បំបៅដោះកូនដែលមានស្រាប់តាម កន្លែងធ្វើការផ្សេងៗគ្នាចំនួន ២៨ កន្លែងដែលជាគោលដៅរបស់គម្រោងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត និង កំពង់ធំ។ នេះបើតាមការអះអាងរបស់អង្គការ Helen Keller៕