កណ្តាលៈ អគារ​ទំនើប​សម្រាប់​ហ្វឹកហាត់​បាញ់​គ្រាប់ពិត​អាវុធ​ខ្លី សម្រាប់​បំពេញ​តម្រូវការ​បណ្ដុះ​បណ្ដាល​កងកម្លាំង​នគរបាល​ជាតិ​ ឱ្យកាន់​តែមាន​គុណ​ភាព និង​មាន​សមត្ថ​ភាពវិជ្ជាជីវៈ​ច្បាស់លាស់​ក្នុង​ការ​បំពេញ​ការងារ​ ស្ថិត​នៅ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុង​ឃុំដីឥដ្ឋ ស្រុក​គៀន​ស្វាយ​ខេត្ត​កណ្តាល​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់ជាផ្លូវ​ការនាថ្ងៃ​ទី ១៩ ខែតុលា​។

លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ថ្លែង​ពេល​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​ទំនើប ​សម្រាប់​ហ្វឹក​ហាត់​បាញ់​គ្រាប់​ពិត​អាវុធខ្លី​នេះ ដោយ​ចាត់​ទុក ជាសមិទ្ធ​ផល​ថ្មី​មួយ​ទៀត​សម្រាប់​បំពេញ​តម្រូវ​ការ​បណ្ដុះ​បណ្ដាល​កង​កម្លាំង​នគរបាល​ជាតិ​ឱ្យកាន់តែ​មាន​គុណ​ភាព និង​មាន​សមត្ថ​ភាព​វិជ្ជាជីវៈ​ច្បាស់​លាស់ សម្រាប់​ចេញ​ទៅ​បម្រើ​ប្រទេសជា​តិ និង​ប្រជាជន និង​ការ​បណ្ដុះ​បណ្ដាល​ផ្សេង​ទៀតដែល​មាន​នៅបណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា​។

លោក​បាន​ថ្លែអំណរ​គុណ​ដល់​លោក យឹម លាង ដែល​បាន​ចូលរួម​ឧត្ថម្ភ​គាំទ្រដំណើរការ​កសាង​អគារ​ទំនើប​បាញ់គ្រាប់​ពិត​នេះ និង​លោក ឈន សារ៉ា​ណេ ដែល​ជួយសា​ងសង់អគារ​ទទួល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​អគារ​ស្នាក់នៅ​ សម្រាប់​នគរ​បាល​ជាតិ នៅ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «លាសា​នគរបាល​ជាតិ​ភូមិ​ភាគនា​នា ក៏កំពុង​មាន​ការ​អភិវឌ្ឍ ទាំងកា​រសិក្សារៀន​សូត្រ និងការ​កសាង​ហេដ្ឋារច​នាសម្ព័ន្ធ​ថ្មីៗ ដូច​ជា​អគារ​សិក្សា អគារ​ស្នាក់​នៅ ផ្លូវ និង​ប្រព័ន្ធលូ ដែ​លជាជំនួយ​ឧត្ថម្ភពី​អភិបាល​ខេត្ត​ពាក់​ព័ន្ធ​»។

លោក​ ស ខេង បាន​ឱ្យដឹ​ងថា ក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​អាទិ​ភាពដល់​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា តាម​រយៈ​ការឧត្ថម្ភ​ជាច្រើន​ ដល់​ការអភិវឌ្ឍ​ហេដ្ឋារច​នាសម្ព័ន្ធ និង​បំពាក់​សម្ភារ​សិក្សា និង​ហ្វឹក​ហាត់​នានា​ឱ្យស្រប​តាម​តម្រូវការ​ជាក់​ស្ដែង និង​បា​ន​ផ្ដល់ការ​លើក​ទឹកចិត្ត​ដល់​ថ្នាក់​ដឹកនាំ​ និងគ្រូនគរ​បាលជាតិ ទៅ​តាម​រូបភាព​ផ្សេងៗ​ ដើម្បីលើក​កម្ពស់ការ​ងារ និង​ស្មារតី​ទទួល​ខុសត្រូវ​។

លោក​ ស ខេង មាន​ជំនឿថា រាល់​និស្សិត និង​សិក្ខាកាម​ទាំងអស់​នឹង​ក្លាយ​ជាន​គរបាល​ជាតិ​ប្រក​បដោយ​សក្ដានុពល។

លោក សេង ផល្លី ប្រធាន​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា បាន​បង្ហាញ​របាយ​ការណ៍​ក្នុង​ពិធី​នេះ​ថា អគារ​ទំនើបហ្វឹក​ហាត់​បាញ់​គ្រាប់​ពិតអាវុធ​ខ្លី ដែល​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវ​ការ​នៅថ្ងៃ​នេះ គឺជា​អគារ​ដែល​ទទួល​សាងសង់ដោយ​លោក យឹម លាង អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ដោយចំណាយ​ទឹក​ប្រាក់​ជាង​ ៦០ ​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ថ្លែង​ថា៖ ​«អគារ​នេះ​ ដំណើរ​ការ​សាង​សង់​រយៈ​ពេល​ជាង ​៥ ខែ លើទីតាំង​អគារ​ក្បាច់​គុន​ចាស់ មាន​លក្ខណៈទំនើប​ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ។ អគារ​នេះ អាច​ហ្វឹក​ហាត់បាញ់គ្រាប់​ពិតបាន​១០​នាក់​ក្នុង ១ លើក ​ដោយមាន​ប្រព័ន្ធ​ការពារ​ក្បាល​គ្រាប់ និង​សំឡេង​ចេញ​ក្រៅ»​។

ក្រៅពី​ការ​សម្ពោធ​អគារ​បាញ់គ្រាប់​ពិត ពិធី​នេះ​ក៏បាន​សម្ពោធ​ អគារ​ទទួល​ភ្ញៀវជាតិ​ អន្តរ​ជាតិ និង​ការ​ស្នាក់​នៅដែល​ចំណាយ​ថវិកា​ជាង ២​ លាន​ដុល្លារ ក្រោម​ការ​ឧបត្ថម្ភ​ពីលោក លោក ឈន សារ៉ាណេ អគ្គនាយករង​នៃអគ្គនាយ​កដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ផង​ដែរ​។ ប៉ុន្ដែអគារ​ទាំងនេះ​កំពុង​បន្ត​ដំណើរ​ការសាង​សង់​នៅឡើយ​៕