ភ្នំពេញៈ រយៈពេល ២ ខែ នៃការងារបោសសម្អាតមីន ក្នុងខេត្តគោលដៅចំនួន ៥ ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន លទ្ធផលសម្រេចបាន គឺជាង ៣១ ភាគរយ ដោយបានរកឃើញគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបជាង ១ ២០០ គ្រាប់។ នេះបើតាមអនុប្រធានទី១ អាជ្ញាធរមីន។
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន បានឱ្យដឹង នៅថ្ងៃទី ១៩ ខែតុលាថា គិតត្រឹមរយៈពេល ២ ខែ គឺចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ការងារបោសសម្អាតមីនក្នុងខេត្តចំនួន ៥ សម្រេចលទ្ធផលបាន ៣១,១៨ ភាគរយហើយ។
លោកថ្លែងថា៖ «ខេត្តចំនួន ៥ នោះ មានដូចជា ខេត្តតាកែវ កំពង់ឆ្នាំង កំពង់ចាម កំពត និងខេត្តស្វាយរៀង ដែលការងារបោសសម្អាតមីននេះ ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ដែលសម្រេចបាន ៣១,១៨ ភាគរយ ស្មើនឹងទំហំផ្ទៃដីសរុបចំនួន ៨ ៧០៣ ០៨២ ម៉ែត្រក្រឡា នៃផែនការផ្ទៃដីសរុបចំនួន ២៧ ៩១៣ ២៥៦ ម៉ែត្រក្រឡា»។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ការបោសសម្អាតមីននេះ ក្រុមការងារបានរកឃើញ និងកម្ទេចចោលនូវគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣៨ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៦០៣ គ្រាប់។
បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអនុវត្តគម្រោង «សម្តេចតេជោ សម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» អាជ្ញាធរមីនបានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ធ្វើការបោសសម្អាតមីននៅខេត្តចំនួន ៥ នេះ ចាប់តាំងពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ មក។
លោក លី ធុជ ថ្លែងថា៖ «ខេត្តទាំង ៥ នេះ ក៏ត្រៀមប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោផងដែរ ដែលក្នុងនោះអង្គភាពស៊ីម៉ាក់ បានដាក់ពង្រាយកម្លាំងសរុបចំនួន ៣៧ ក្រុម មានអ្នកជំនាញការឯកទេសកម្ចាត់មីនជាង ៣៦០ នាក់ រួមទាំងសម្ភារគាំទ្រប្រតិបត្តិការ និងគ្រឿងចក្របោសសម្អាតមីនផងដែរ»។
យោងតាមអាជ្ញាធរមីន អង្គភាពស៊ីម៉ាក់ បានប្រតិបត្តិការរំដោះផ្ទៃដីមានមីនក្នុងទំហំផ្ទៃដី ៨ ៧០៣ ០៨២ ម៉ែត្រក្រឡា។ ក្នុងនោះបានបោសសម្អាតរួច មានដូចជា ក្នុងខេត្តតាកែវ បានចំនួន ២ ៥១៥ ២៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៩,៣៥% ខេត្តកំពង់ឆ្នាំង ចំនួន ៤៩៤ ៥០០ ម៉ែត្រក្រឡា ស្មើនឹង ៧៩,០៥%។
ខេត្តកំពង់ចាម ចំនួន ៤៨០ ៥២៩ ម៉ែត្រក្រឡា ស្មើនឹង ៣៩,៨៩ % ខេត្តកំពត ចំនួន ១ ៩៩២ ១៥៧ ម៉ែត្រក្រឡា ស្មើនឹង ២០,៤១% និងខេត្តស្វាយរៀង បានចំនួន ៣ ២២០ ៦២៧ ម៉ែត្រក្រឡា ស្មើនឹង ២៥,៣៦%។
បើតាមលោក លី ធុជ ការងារបោសសម្អាតមីន គ្រោងសម្រេចមុនផែនការកំណត់ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ នឹងក្លាយជាខេត្តអស់មីន នៅចុងខែតុលានេះ ខណៈខេត្តកំពង់ចាម អាចអស់បញ្ហាគ្រាប់មីននៅចុងឆ្នាំ ២០២២។ ដោយឡែកខេត្តកំពត និងខេត្តស្វាយរៀង អាចបញ្ចប់ក្នុងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។
លោកថា៖ «លទ្ធផលនៃការបោសសម្អាតមីននេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅសេសសល់ក្រោយសង្គ្រាម ដែលធនធានទាំងនេះ បានមកពីការបំផុសឱ្យមានចលនាជាតិលុបបំបាត់គ្រាប់មីនឱ្យអស់ក្នុងឆ្នាំ ២០២៥ របស់សម្តេចតេជោ»។
ក្នុងរយៈពេលប្រតិបត្តិការនេះដែរ អង្គភាពស៊ីម៉ាក់ បានជួបឧបសគ្គមួយចំនួន ដោយសារកត្តាគ្រោះធម្មជាតិទឹកជន់លិចចម្ការមីននៅរដូវវស្សា ហើយក្នុងករណីគ្រោះធម្មជាតិនេះ អង្គភាពស៊ីម៉ាក់បានធ្វើការផ្លាស់ប្តូរចល័តកម្លាំងចូលចម្ការមីនដែលមិនលិចទឹក។ ចំពោះចម្ការមីន ដែលមានឧបសគ្គទឹកលិច នឹងត្រូវឆ្លើយតបនៅពេលក្រោយ។ នេះបើតាមការលើកឡើងពីលោកទេសរដ្ឋមន្ត្រី លី ធុជ៕