ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការកំណត់បញ្ហាប្រឈម នៃបរិស្ថាន និងដាក់ចេញនូវផែនការសកម្មភាពនានា ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន។
ការជំរុញនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពី “កិច្ចគាំពារបរិស្ថាន” ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពចំណុះក្រសួងបរិស្ថាន ប្រមាណ ២០០ នាក់ នាថ្ងៃទី ១៩ ខែតុលា។ សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងពិភាក្សាក្នុងការកំណត់វិធានការលើបញ្ហាប្រឈមពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន និងលើកទិសដៅឆ្នាំ ២០២៣។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្លែងថា សិក្ខាសាលានេះ ដើម្បីប្រមូលធាតុចូល ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន សម្រាប់ចូលរួម ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
លោកបន្តថា ក្នុងបរិបទប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនគ្រប់វិស័យ ធ្វើឱ្យកំណើនប្រជាជននៅតាមទីប្រជុំជន សកម្មភាពកំណើនសេដ្ឋកិច្ចសង្គម កើនឡើងយ៉ាងឆាប់រហ័ស បាននាំមកនូវបញ្ហាប្រឈមជាច្រើន និងបានបង្កឱ្យមានផលប៉ះពាល់ដល់គុណភាពបរិស្ថាន តុល្យភាពប្រព័ន្ធអេកូឡូស៊ី សម្ព័ន្ធភាពទីក្រុង សុខភាពសាធារណៈ និងសុខុមាលភាពសង្គម។
លោកថ្លែងថា៖ «នៅទីប្រជុំជន នៅក្រុងធំៗបាននិងកំពុងប្រឈមការកើនឡើងនូវបរិមាណសំណល់រឹង រាវ ការថយចុះនូវគុណភាពទឹក ដី ខ្យល់។ ការរំខានដោយសារសំឡេង បញ្ហាកកស្ទះចរាចរណ៍ កំណើនតម្រូវការថាមពល ក៏ដូចជាកង្វះលម្ហបៃតងជាដើម ដែលតម្រូវឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្នែកឯកជនត្រូវរួមគ្នាស្វែងរកវិធានការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា»។
លោកថា ដើម្បីស្វែងរកដំណោះស្រាយពីផលប៉ះពាល់ទាំងនេះ ក្រសួងបរិស្ថាន បានខិតខំយកចិត្តទុកដាក់ប្រែក្លាយបញ្ហាប្រឈម ឱ្យក្លាយទៅជាឱកាស និងសក្តានុពលនានា ហើយជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធត្រូវកំណត់បញ្ហាប្រឈម ដោយដាក់ចេញផែនការ យុទ្ធសាស្ត្រនានា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន។
លោក សៅ សុភាព បញ្ជាក់ថា៖«ដើម្បីធានានូវប្រសិទ្ធភាព ការអនុវត្តភារកិច្ចនៃកិច្ចគាំពារបរិស្ថាន គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការកំណត់បញ្ហាប្រឈម អាទិភាព យុទ្ធសាស្ត្រ ទិសដៅការងារ កិច្ចសហការ»។
លោកបន្ថែមថា៖ «ដាក់ចេញនូវផែនការសកម្មភាព និងថវិកា សំដៅទប់ស្កាត់ កាត់បន្ថយ និងស្តារការបំពុលបរិស្ថាន ការពារគុណភាពបរិស្ថាន រក្សាបាននូវបរិស្ថានល្អស្អាត និងការពារសុខុមាលភាពសាធារណៈ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក ប៉ាក សុខារ៉ាវុត បានថ្លែងដែរថា ដើម្បីលើកកម្ពស់បរិស្ថាន អគ្គនាយកដ្ឋានបានដាក់ចេញនូសសរស្តម្ភចំនួន៣ រួមមាន ការត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន (ទឹក ដី ខ្យល់) ការត្រួតពិនិត្យបំពុលបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសាធារណៈ និងអភិរក្សចម្រុះ ក្នុងការទប់ស្កាត់[ឱ្យបាន]ការបំពុលបរិស្ថាន។
លោកថា មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងបំពុលបរិស្ថាន នៅតាមទីសាធារណៈ រោងចក្រ សហគ្រាស ការគ្រប់គ្រងសារធាតុ និងសំណល់គ្រោះថ្នាក់ ដើម្បីប្រមូលធាតុចូល និងចងក្រងទិន្នន័យទាំងនោះ សម្រាប់ដាក់ចេញវិធានការដោះស្រាយ។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ ថ្លែងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ដែលអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិលើកបញ្ហាប្រឈម និងសំណូមពរផ្សេង។ លោកបន្តថា សម្រាប់ខេត្តសៀមរាប នាពេលបច្ចុប្បន្ន កំពុងជួបបញ្ហាក្នុងការគ្រប់គ្រងសំរាម ខ្វះទីលានចាក់សំរាម ស្របពេលមានកំណើនប្រជាពលរដ្ឋនៅទីប្រជុំជន បើទោះបីជាប្រជាពលរដ្ឋមានរបៀបរៀបរយ ក្នុងការទុកដាក់សំរាមក្តី។
លោកថ្លែងថា៖ «ថ្មីៗនេះបងប្អូនដែលមកកម្សាន្តនៅតាមទីសាធារណៈ មានការយល់ដឹង វេចខ្ចប់សំរាមត្រឹមត្រូវក្រោយពីបរិភោគ។ ប៉ុន្តែនៅក្នុងក្រុងសៀមរាប ក៏មានការប្រឈមពាក់ព័ន្ធ ប្រមូល និងដឹកជញ្ជូនសម្អាត អនាម័យបរិស្ថាន ដោយសារមិនទាន់មានការពង្រីកសេវាដល់ ១២ សង្កាត់នៅឡើយទេ»។
លោកបន្ថែមថា៖ «ម្យ៉ាងវិញទៀតទីលានទុកដាក់សំរាម ក៏មិនទាន់ធ្វើការកែលម្អទៅតាមស្តង់ដា ប៉ុន្តែក្រសួងពាក់ព័ន្ធ កំពុងពិភាក្សាគ្នាលើទីលានចាក់សំរាមថ្មីផងដែរ»។
តាមរយៈសិក្ខាសាលានេះ ភាគីដែលបានចូលរួម បានផ្តល់ជាមតិយោបល់ ក៏ដូចជាសំណូមពរនានា ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន ដើម្បីជាធាតុចូលយ៉ាងសំខាន់ សម្រាប់រួមគ្នាស្វែងរងវិធានការសមស្រប និងកំណត់ទិសការងារ ក្នុងការឆ្លើយតបនឹងការជំរុញប្រសិទ្ធភាព ការគ្រប់គ្រងបរិស្ថាន ប្រកបដោយចីរភាព។ បញ្ហាប្រឈមដែលត្រូវលើកមកជជែកពិភាក្សា រួមមាន វិធានការគ្រប់គ្រងការងារបំពុលទឹក ដី ខ្យល់ និងវិធានការគ្រប់គ្រងសំណល់ ទីប្រជុំជន សារធាតុគ្រោះថ្នាក់ ការបំពុល និងការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន៕