ភ្នំពេញៈ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នឹងចាប់ផ្តើមអនុវត្តកម្មវិធីសមមូលការអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) នៅក្នុងខេត្តចំនួន ១៤ ដើម្បីផ្ដល់ការអប់រំដល់យុវជនក្រៅសាលា។
កម្មវិធីសមមូលការអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) គឺជាគំនិតផ្តួចផ្តើមមួយ ដែលសហការរវាងអង្គការយូណេស្កូ ក្រសួងអប់រំ និងក្រសួងការងារ ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២។
កម្មវិធីនេះវា គឺជាផ្នែកមួយនៃកម្មវិធីការងារសមរម្យសម្រាប់យុវជននៅកម្ពុជាដំណាក់កាលទី II (DEY II) ដែលផ្តល់មូលនិធិជាចម្បងដោយទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)។
ពេលបញ្ចប់កម្មវិធី សិស្សទទួលបានវិញ្ញាបនបត្រស្មើនឹងថ្នាក់ទី៩ ដែលទទួលស្គាល់ដោយក្រសួងទាំង២។កម្មវិធីនេះនឹងពង្រីកជាមួយមជ្ឈមណ្ឌលសិក្សាចំនួន ២៦ នៅក្នុងខេត្តចំនួន ១៤ ដើម្បីធ្វើឲ្យប្រាកដថា យុវជននៅក្រៅសាលា និងប្រជាជនដែលខ្វះខាតកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាទទួលបានឱកាសសមមូលនៃការអប់រំជាមូលដ្ឋានសម្រាប់ការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ដើម្បីគាំទ្រពួកគេក្នុងការទទួលបានជីវភាពសមរម្យ និងការងារប្រកបដោយផលិតភាព។
ជុំវិញរឿងនេះលោក លៀវ គឹមឡាយ មន្ត្រីអប់រំកម្មវិធីប្រចាំអង្គការយូណេស្កូ បានប្រាប់ថា កម្មវិធី BEEP នេះគឺមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលបោះបង់ការសិក្សា ជាពិសេសថ្នាក់ទី៧ ទី៨ ទី៩ សម្រាប់ឱ្យពួកគាត់រៀនតាមអ៊ីនធឺណិត ដែលមិនប៉ះពាល់ដល់ម៉ោងធ្វើការរបស់ពួកគាត់។
លោកថា៖ «ពេលពួកគាត់រៀនចប់រយៈពេល៣ខែ គឺពួកគាត់អាចទទួលបានវិញ្ញាបនបត្រស្មើនឹងថ្នាក់ទី៩ ដែលធ្វើឱ្យអ្នកដែលបោះបង់ការសិក្សាទាំងអស់ហ្នឹង ទទួលបានការបណ្ដុះបណ្ដាលជំនាញបន្ត ដែលស្ថិតក្រោមការអប់រំរបស់ក្រសួងការងារ ឬក៏នៅវិទ្យាល័យរបស់ក្រសួងអប់រំ»។
លោក លៀវ គឹមឡាយ ថា៖ «ដូច្នេះកម្មវិធីរបស់យើងនេះ គឺមានសារៈប្រយោជន៍ណាស់ ដែលជាស្ពានសម្រាប់យុវជនដែលបោះបង់ការសិក្សាអាចមានឱកាសបន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ»។
កម្មវិធីនេះបានជួយដល់សិស្សតាំងពីឆ្នាំ ២០១៩ មក ដែលមានសិស្សចំនួន១ ៥០០នាក់ បានចុះឈ្មោះចូលរៀន ដោយឡែកសិស្សដែលទទួលជោគជ័យមានចំនួន ៥០០ នាក់ ដែលពួកគាត់បានបន្តនូវជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្រសួងការងារ។
លោក គឹមឡាយ បន្ថែមថា៖ «យើងបង្កើតកម្មវិធីនេះត្រូវមានភាពបត់បែន ដោយសារយើងមើលឃើញយុវជនដែលបោះបង់ការសិក្សានេះ គឺមានភាពលំបាកណាស់ ពួកគាត់បោះបង់ការសិក្សាហើយ ត្រូវទៅធ្វើការពេញម៉ោង»។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រសួងអប់រំសម្រាប់ការអប់រំសិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិបានបង្ហាញពីនិន្នាការធ្លាក់ចុះក្នុងឆ្នាំសិក្សា ២០២១-២០២២ ដែលមានសិស្សបឋមសិក្សាប្រមាណជាង ១៥០ ០០០ នាក់ ដែលបានបោះបង់ការសិក្សា ខណៈដែលសិស្សនៅកម្រិតមធ្យមសិក្សាជាង ១១០ ០០០ នាក់ បានបោះបង់ការសិក្សារបស់ពួកគេ៕