
សៀវភៅ ព្រឹត្តិច្បាប់អន្តរជាតិ។ រូបថត សហការី
ភ្នំពេញៈ ក្រុមអ្នកស្រាវជ្រាវនៃសមាគមនអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៃកម្ពុជា បានបោះពុម្ពចេញសៀវភៅ ១ ក្បាល មានចំណងជើង «ព្រឹត្តិបត្រច្បាប់អន្តរជាតិ» មានកម្រាស់ ១៧៣ ទំព័រ ដោយបានបង្ហាញខ្លឹមសារនៃ ច្បាប់អន្តរជាតិ កាតព្វកិច្ចសន្ធិសញ្ញា គោលការណ៍ព្រំដែន វិវាទកោះ វិវាទព្រាសាទព្រះវិហារ និងសំណុំរឿងក្ដីនៅក្នុងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលជាបញ្ហាទាក់ទងវិវាទអន្តរជាតិ។
សៀវភៅ «ព្រឹត្តិបត្រច្បាប់អន្តរជាតិ» នេះ គឺជាស្នាដៃដំបូងរបស់សមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៃកម្ពុជា ដែលសមាគមនេះ បានទទួលការអនុញ្ញាតច្បាប់ផ្លូវការ ពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២២។
អារម្ភកថា នៃសៀវភៅនេះបានសរសេរថា៖ «សមាគមមិនមានបំណងអ្វីក្រៅតែពីរួមចំណែក និងបំពេញបន្ថែម ដល់ការរៀនសូត្រ និងជាពន្លឺដល់និស្សិត អ្នកសិក្សាស្រាវជ្រាវខ្មែរយើងដើម្បីចាប់បានជាពុទ្ធិបន្ថែមផង និងប្រើជាឯកសារយោងផងដែរ។ យើងខ្ញុំសូមបញ្ជាក់ថា សំណេរក្នុងសៀវភៅនេះ ផ្ដោតសំខាន់តែទិដ្ឋភាពច្បាប់អន្តរជាតិប៉ុណ្ណោះ មិនផ្សារភ្ជាប់នឹងបញ្ហានយោបាយឡើយ»។
លោក យោង ចាន់សុភារ អនុប្រធានសមាគមនអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៃកម្ពុជា បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ១៩ ខែតុលាថា សៀវភៅនេះ បានរំលេចឡើងនូវគោលការណ៍ច្បាប់អន្តរជាតិ កាតព្វកិច្ចសន្ធិសញ្ញា គោលការណ៍ព្រំដែនមិនកែប្រែ និងជាពិសេសទៅទៀតបាននាំអ្នកអានទៅយល់ដឹងអំពីរឿងក្តីប្រាសាទព្រះវិហារ ព្រោះទាក់ទងនឹងបញ្ហាផែនទីនិងអធិបតេយ្យប្រទាញប្រទង់រវាងកម្ពុជាថៃ និងចាត់ទុកថាជារឿងប្រវត្តិសាស្ត្រដែលគួរយល់ដឹងមុនគេ។ លើសពីនេះអ្នកសិក្សានឹងបានឈ្វេងយល់អំពី របបកោះ វិវាទកោះ និងនីតិវិធីត្រួសៗអំពីសាលាក្តីខ្មែរក្រហមផងដែរ។
លោកថ្លែងថា៖ «សំណួរគឺថា តើយើងបានត្រៀមលក្ខណសម្បត្តិច្បាប់គ្រប់គ្រាន់ហើយឬនៅពេលមានវិវាទច្បាប់កើតឡើង។ សូមលើកទឹកចិត្តឱ្យអ្នកសិក្សាយើង ចូលរូមជាមួយសមាគមសិក្សាស្រាវជ្រាវជាបន្តទៅមុខទៀត ដើម្បីរួមបង្កើតស្នាដៃជាការបន្សល់ទុកដល់អ្នកជំនាន់ក្រោយ»។
លោកបានលើកឡើងថា ពិតណាស់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ ការកំណត់ព្រំដែនដីគោក និងសមុទ្រ ការវិនិយោគផ្ទាល់ពីបរទេស ដំណោះស្រាយវិវាទដោយសន្តិវិធីតាមប្រព័ន្ធយុត្តាធិការ និងកិច្ចការអន្តរជាតិឯទៀត ត្រូវការអ្នកជំនាញច្បាប់ជាចាំបាច់ រឿងក្តីប្រាសាទព្រះវិហារបានឆ្លងកាត់ទៅតុលាការយុត្តិធម៌អន្តរជាតិ២លើកមកហើយ ដែលនេះជាឧទាហរណ៍ជាក់ស្តែងមួយសម្រាប់កម្ពុជា។
លោកបន្តថា ដូច្នេះដើម្បីរួមចំណែកកិច្ចការនេះ សមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិកម្ពុជា បានប្រមូលផ្ដុំធនធានមនុស្សរបស់ខ្មែរ ខិតខំធ្វើការសិក្សាស្រាវជ្រាវ សរសេរ អត្ថបទមានលក្ខណៈចម្រុះពណ៌ វែង ឬខ្លី ទៅតាមប្រធានបទជំនាញរបស់ខ្លួនឱ្យស្របទៅនឹងការវិវឌ្ឍថ្មីនៃច្បាប់អន្តរជាតិ ហើយសំណេរអត្ថបទនីមួយៗ សុទ្ធតែមានអំណះអំណាង ច្បាស់លាស់ យោងតាមច្បាប់ ទំនៀមទម្លាប់អន្តរជាតិ យុទ្ធសាស្ត្រតុលាការ និងមជ្ឈត្តការអន្តរជាតិ និងសំណេររបស់អ្នកប្រាជ្ញច្បាប់អន្តរជាតិល្បីៗជាច្រើន។
លោក ចាន់សុភារ បានឱ្យដឹងថា សៀវភៅនេះ គឺជាស្នាដៃដំបូងរបស់សមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៃកម្ពុជា ដែលសមាគមនេះបានទទួលការអនុញ្ញាតច្បាប់ផ្លូវការ ពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ២០២២ នេះ។
លោកបន្តថា ការបង្កើតសមាគមក៏ដូចជាសំណេរក្នុងសៀវភៅនេះ គឺពុំមានបំណងអ្វីក្រៅតែពីប្រមូលផ្តុំបញ្ញាវន្តខ្មែរដែលចូលចិត្តជំនាញច្បាប់អន្តរជាតិ រួមដៃគ្នាលើកកម្ពស់ចំណេះដឹង ទាំងនីតិអន្តរជាតិសាធារណ: រហូតដល់នីតិអន្តរជាតិឯកជន ដែលរួមទាំងច្បាប់ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិរហូតដល់មជឈ្ឈត្តការផ្នែកពាណិជ្ជកម្មអន្តរជាតិ ដែលជាធាតុមិនអាចខ្វះបានសម្រាប់កម្ពុជា។
មេធាវី ហ៊ឹប ណារិទ្ធិ វេស៍ បានសរសេរនៅក្នុងកថាមុខនៃសៀវភៅនេះថា សំណេរអត្ថបទក្នុងសៀវភៅនេះបានបង្ហាញនូវការខិតខំប្រឹងប្រែងស្រាវជ្រាវដ៍ប្រាកដប្រជាមួយទុកជាឯកសារស្រាវជ្រាវបន្តសម្រាប់អ្នកសិក្សានិងអ្នកច្បាប់ស្វែងយល់បន្ថែម។ ការពោលដោយគ្មានអំណះអំណាងផ្លូវច្បាប់នាំឱ្យអ្នកច្បាប់ម្នាក់ បាត់នូវតម្លៃរបស់ខ្លួន ប៉ុន្តែការស្រាវជ្រាវប្រកបដោយភាពប្រាកដនិយមនិងមូលដ្ឋានច្បាប់រឹងមាំវិញនោះគឺជាទ្រព្យសម្បត្តិមានតម្លៃវិសេសវិសាលដែលយើងត្រូវនាំគ្នាលើកតម្កើង។
លោកបានថ្លែងថា៖ «ក្រោយពីបានអានដោយចិត្តទុកដាក់រួចមក ខ្ញុំវាយតម្លៃខ្ពស់ ចំពោះម្ចាស់អត្ថបទទាំងអស់ ដែលខិតខំតាក់តែងយ៉ាងម៉ត់ចត់ ដោយឈរលើច្បាប់អន្តរជាតិ ទំនៀមទម្លាប់អន្តរជាតិ គោលការណ៍ច្បាប់ និងនិយាមអន្តរជាតិជាធរមាន»។
លោកបន្តថា ពិតណាស់កម្ពុជាកំពុងត្រូវការអ្នកច្បាប់អន្តរជាតិជាច្រើននាក់ ច្រើនវិស័យ រាប់ចាប់តាំងពីនីតិអន្តរជាតិសាធារណៈ រហូតដល់នីតិអន្តរជាតិឯកជន ដែលរួមទាំងច្បាប់ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ រហូតដល់តុលាការនិងមជ្ឈត្តការផ្នែកពាណិជ្ជកម្មអន្តរជាតិ។ នៅថ្ងៃណាមួយបណ្តឹងទៅតុលាការ និងមជ្ឈត្តការអន្តរជាតិនឹងជាជម្រើស ដំណោះស្រាយដោយសន្តិវិធី ដែលយើងលំបាកនឹងចៀសផុតដូចកម្ពុជាបានធ្វើរួចហើយនៅក្នុងរឿងក្តីប្រាសាទព្រះវិហារ។
លោកថ្លែងថា៖ «ក្នុងនាមជាមេធាវីម្នាក់ និងក្នុងនាមជាអ្នកសិក្សាច្បាប់អន្តរជាតិម្នាក់ផងដែរនោះ ខ្ញុំយល់ច្បាស់ពីតម្រូវការអ្នកច្បាប់នៅកម្ពុជា ដែលកាន់តែកើនឡើងពី ១ ថ្ងៃ ទៅ ១ ថ្ងៃនៅ ខណៈពេលដែលកម្ពុជាកាន់តែសកម្មក្នុងការទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ន និងទៅអនាគតដ៏វែងឆ្ងាយ។ ដូច្នេះហើយខ្ញុំសូមលើកទឹកចិត្តកូនខ្មែរបន្តចាប់យកចំណេះវិជ្ជាច្បាប់ ជាពិសេសច្បាប់អន្តរជាតិ»៕