ស្វាយរៀងៈ ប្រជាពលរដ្ឋជាច្រើននៅភូមិសំឡីខាងត្បូង និងភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានបោះបង់ការធ្វើស្រែ ដោយយកដីស្រែដាំដើមប្រចាក់វិញ ព្រោះតែរបរចម្រាញ់ប្រេងប្រចាក់កាក់កបជាងរបរធ្វើស្រែ។ កាលពីមុន ដើមប្រចាក់នេះ មិនត្រូវបានប្រជាពលរដ្ឋយកចិត្តទុកដាក់ទេ ព្រមទាំងមានការកាប់ចោលទៀតផង ដោយសារចង្អៀតដីធ្វើស្រែ។
បុរសវ័យចំណាស់ម្នាក់ គឺលោក ស៊ូ គា ដែលប្រកបរបរចម្រាញ់ប្រេងពីស្លឹកប្រចាក់យកទៅលក់រស់នៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង រៀបរាប់ថា ពីមុនលោកមិនដែលរវីរវល់ទេ រឿងដើមប្រចាក់នេះ។ មិនតែប៉ុណ្ណោះ លោកបានកាប់ចោលទៀតផង ព្រោះវាចង្អៀតដីធ្វើស្រែពេក។ ទោះយ៉ាងណារយៈពេលក្រោយមក ដើមប្រចាក់ក៏បានចាប់ផ្តើមទាក់ទាញអារម្មណ៍ប្រជាពលរដ្ឋឱ្យងាកមករកការដាំដុះដើមប្រចាក់នេះ ហើយបោះបង់ចោលរបរធ្វើស្រែវិញ។
បុរសអ្នកចម្រាញ់ប្រេងពីស្លឹកប្រចាក់ លោក ស៊ូ គា និយាយថា៖ «តែដល់ទៅគ្រប់គ្នាដឹងថា ដើមប្រចាក់ វាមានប្រយោជន៍ក៏ដណ្តើមគ្នាហួងហែង។ ម្យ៉ាងបងប្អូនយើងក្នុងភូមិ ស្ទើរតែពាក់កណ្តាលទៅហើយ បោះបង់ការធ្វើស្រែ ហើយយកដីស្រែដាំដើមប្រចាក់វិញ ពីព្រោះរបរចម្រាញ់ប្រេងប្រចាក់កាក់កបជាងធ្វើស្រែ»។
យូរៗម្តងគេឃើញផ្សែងពណ៌ស រសាត់ តាមខ្យល់ទាំងកណ្តាលថ្ងៃត្រង់ រំលងក្បាលបុរសវ័យចំណាស់ម្នាក់ នោះគឺផ្សែងបារី ដែលលោក ស៊ូ គា កំពុងអង្គុយបង្ហុយ។ ប៉ុន្តែ វាហាក់ដូចជា មានកម្លាំងខ្សោយជាងដុំផ្សែងស្រអាប់ ១ ដុំទៀតនៅក្បែរនោះដែរ ដែលកំពុងហុយចេញពីគុកក្នុងដី ដែលនោះ គឺជាឡ សម្រាប់ដុតចម្រាញ់យកប្រេងពីស្លឹកប្រចាក់។ ថ្វីបើចូលដល់វ័យ ៥៩ ឆ្នាំទៅហើយក្តី ប៉ុន្តែបុរស ដែលមានមាឌស្តើងខ្ពស់ សម្បុរសរូបនេះបាននិយាយតាមសំនៀងភាសាតំបន់ថា លោកឈ្មោះ ស៊ូ គា ហើយគ្រួសាររបស់លោកក៏ស្ថិតក្នុងចំណោមជិត ២០០ គ្រួសារទៀតដែរ ដែលរស់នៅក្នុងភូមិសំឡីខាងត្បូង និងភូមិសំឡីខាងជើងប្រកបរបរចម្រាញ់ប្រេងចេញពីស្លឹកប្រចាក់នេះ ដើម្បីលក់ផ្គត់ផ្គង់ជីវភាព។
លោក ស៊ូ គា ឱ្យដឹងថា លោកបានចាប់យករបរចម្រាញ់ប្រេងពីស្លឹកប្រចាក់ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ទោះយ៉ាងណា លោកកំពុងបន្តរបរចម្រាញ់ប្រេងពីស្លឹកប្រចាក់រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែលោកក៏បានត្អូញត្អែរថា ដើមប្រចាក់នឹងអាចកាន់តែខ្សត់ទៅៗ ព្រោះតែមានអ្នកចម្រាញ់យកប្រេងពីស្លឹកប្រចាក់ ចេះតែកើនឡើងច្រើន។ ហេតុដូច្នេះហើយ ទើបមានតម្រូវការរកកាប់ដើមប្រចាក់ក៏ច្រើនដែរ។
របរចម្រាញ់ប្រេងនេះ បើគេប្រៀបធៀបទៅនឹងរបរធ្វើស្រែ គឺរបរចម្រាញ់ប្រេងគ្រាន់បើជាង។ ព្រោះបើធ្វើស្រូវក្នុង ១ រដូវ និងលក់ស្រូវចេញទៅវិញ បានមិនដល់ ១ ពាន់ដុល្លារផង ក្នុង ១ ហិកតា ប៉ុន្តែបើចម្រាញ់ប្រេងប្រចាក់ លក់បានពី ១ ៥០០ ដុល្លារ ទៅ ២ ០០០ ដុល្លារ ក្នុង ១ ហិកតា (១ រដូវដូចគ្នា)។ នេះបើតាមលោក ស៊ូ គា ។
លោកនិយាយថា៖ «ដោយសាររបរចម្រាញ់ប្រេងនេះមានចំនួនអ្នកធ្វើកាន់តែកើនឡើងៗបែបនេះ ក៏ធ្វើឱ្យដើមប្រចាក់ខ្សត់ដែរ។ អ្នកដែលគេមានដី ២-៣ ហិកតា គេដាំប្រចាក់មិនបាច់ទៅម៉ៅដើមប្រចាក់គេទេ តែបើគ្នាមានដីត្រឹមកន្លះហិកតា គឺផ្គត់ផ្គង់មិនគ្រប់ទេ។ អ្នកខ្លះកំពុងរានដីស្រែ ប្តូរមកដាំដើមប្រចាក់ជំនួសការធ្វើស្រែវិញ។ ព្រោះទី ១ ស្រូវក៏វាថោក ហើយទី ២ ទៀតយើងជួលគេភ្ជួររាស់ ក៏វាថ្លៃដែរ បច្ចុប្បន្ននេះគេលែងចង់ធ្វើស្រែអស់ហើយ»។
បើតាមលោក ស៊ូ គា ដើមប្រចាក់ អាចមានកម្ពស់ពីត្រឹមចង្កេះមនុស្សចាស់ (ដុះតាមធម្មជាតិ) ប៉ុន្តែដោយសារមានតម្រូវការច្រើន ដូច្នេះគេមិនទុកឱ្យខ្ពស់ទេ។ វាដុះបានត្រឹមចង្កេះ ឬត្រឹមទ្រូងមនុស្សចាស់ គេច្រូតស្លឹកវាទៅចម្រាញ់យកប្រេងលក់។ ចំពោះតម្លៃប្រេងប្រចាក់វិញ មានឈ្មួញកណ្តាល ដែលជាជនជាតិខ្មែរមកចាំទិញដល់ផ្ទះតែម្តង ដោយក្នុង ១ គីឡូក្រាម គេឱ្យតម្លៃ ១៥ ម៉ឺនរៀលឯណោះ។ ប៉ុន្តែក្រោយជំងឺកូវីដស្ងប់ ឈ្មួញឱ្យតម្លៃតែ ៧០ ០០០-៧៥ ០០០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម និងបន្តរហូតមកដល់ពេលនេះ។ ម្យ៉ាងបច្ចុប្បន្ន ដោយសារតែម្នាក់ៗពិបាករកស្លឹកប្រចាក់ពេក នៅពេលនេះ អ្នកភូមិណាដែលមានដីស្រែ គឺគាត់ចាប់ផ្តើមដាំដើមប្រចាក់ឡើងវិញជាបណ្តើរៗហើយ។
មិនខុសពីអ្នកភូមិសំឡីខាងត្បូងទេ អ្នកភូមិសំឡីខាងជើង ក៏ប្រកបមុខរបរនេះដែរ ដូចជាលោក សុខ សាវន់ ដែលរស់នៅភូមិសំឡីខាងជើង រៀបរាប់ថា បច្ចុប្បន្ន អ្នករស់នៅក្នុងភូមិសំឡីខាងជើង ភាគច្រើនបានយកដីដែលធ្លាប់ធ្វើស្រែ មកដាំដើមប្រចាក់ជំនួសស្រូវវិញ។ មូលហេតុដោយសារធ្វើស្រែក្នុង ១ រដូវបានផលស្រូវតែ ៣-៤ តោនប៉ុណ្ណោះ ហើយនេះប្រើជីគីមីបំប៉នផង។
រីឯការដាំដើមប្រចាក់វិញ ប្រើពេលតែ ៣-៤ ខែ ដើមប្រចាក់នឹងផ្តល់ផលមកវិញ ក្នុង ១ ហិកតា ពី ១ ៥០០-២ ០០០ ដុល្លារ។ ប៉ុន្តែបើមិនចង់ចម្រាញ់យកប្រេងទេ ប្រជាពលរដ្ឋអាចលក់ឱ្យទៅអ្នកស្រុកគ្នាឯងបានពី ៦០ ម៉ឺន ទៅ ១ លានរៀលដែរ ក្នុង ១ ហិកតា។ ប៉ុន្តែបើពលរដ្ឋមានចម្ការប្រចាក់ ហើយចម្រាញ់ប្រេងខ្លួនឯងទៀត គឺក្នុង ១ រដូវ (៥-៦ ខែ) អាចរកចំណូលបានពី ១០ ទៅ ១២ លានរៀលឯណោះ គឺទទួលផលបានខ្ពស់ជាងស្រូវ។
លោកឱ្យដឹងថា គ្រួសាររបស់លោកមានដីស្រែ ៣ ហិកតា ហើយលោកដាំដើមប្រចាក់ទាំងអស់ ដើម្បីយកស្លឹកមកចម្រាញ់ជាប្រេងលក់។ វិធីចម្រាញ់ប្រេងប្រចាក់ គេត្រូវការតែស្លឹកចាស់ៗទេ ព្រោះស្លឹកចាស់ចម្រាញ់ទៅជាប្រេងបានល្អ តែបើស្លឹកខ្ចីវិញចម្រាញ់ប្រេងមិនបានល្អទេ គឺគុណភាពវាស្រាល។ ក្នុងស្លឹកប្រចាក់ចំនួន ៦ ការុង (បេ) គេអាចចម្រាញ់ប្រេងបានជិត ២ លីត្រ និងប្រើពេល ៤-៥ ម៉ោង។
ចំពោះផលប្រយោជន៍របស់ប្រចាក់ គឺគេយកទៅធ្វើជាប្រេងខ្យល់ ឬយកទៅផ្សំធ្វើជាឱសថផ្សេងៗទៀត ជាពិសេស បើមានគ្រោះថ្នាក់មុតដៃ-ជើងចេញឈាម គ្រាន់តែយកប្រេងប្រចាក់ទៅលាបលើមុខរបួសបាត់ចេញឈាមភ្លាម និងថ្លោះគ្រេច ក៏ពូកែដែរ។
លោកប្រាប់ថា៖ «បើយើងធ្វើរបរនេះអត់សូវខ្វះខាតលុយកាក់ទេ យើងមានលុយគ្រាន់ដោះស្រាយជីវភាពរហូត។ បច្ចុប្បន្ននេះ បើតាមខ្ញុំដឹង គឺអ្នកស្រុកសំឡីខាងជើងស្ទើរតែ ១ ភូមិ គេចង់ឈប់ធ្វើស្រែហើយ ព្រោះគេចម្រាញ់ប្រេងប្រចាក់រកចំណូលបានជាងធ្វើស្រែ»។
បើតាមលោក សុខ សាវន់ ដោយសារមានតម្រូវការទីផ្សារល្អ ហេតុដូច្នេះហើយ ទើបអ្នកភូមិនាំគ្នាសម្រុកដាំដើមប្រចាក់ឡើងវិញ ព្រោះដើមប្រចាក់នេះងាយស្រួលដាំណាស់ ប្រៀបដូចជាដាំដើមដំឡូងមីដែរ ដោយគ្រាន់តែកាប់យកគល់វាទៅដោតក្នុងដី វាដុះហើយ។ ការដុះចេញស្លឹកអាចចាប់ពីរយៈពេល ៣ ខែ ទៅ ១ ឆ្នាំ តែបើគេចង់ឱ្យដើមវាឆាប់ចេញស្លឹក ក៏គេអាចបាចជីដូចជាស្រូវដែរ។
លោក ភិន ចន្ថា មេឃុំសំឡី ស្រុកកំពង់រោទ៍ ឱ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋជាង ២០០ គ្រួសាររស់នៅក្នុងភូមិសំឡីខាងត្បូង និងភូមិសំឡីខាងជើង បាននាំគ្នាប្រកបរបរចម្រាញ់ប្រេងប្រចាក់លក់។ ដោយសាររបរមួយនេះទទួលបានចំណូលច្រើនជាងធ្វើស្រែរហូតមានអ្នកភូមិខ្លះបានបោះបង់ចោលការធ្វើស្រែ ហើយយកដីដែលធ្លាប់ធ្វើស្រែទៅដាំដើមប្រចាក់វិញ។ ដីស្រែរបស់គាត់ ក្នុង ១ ហិកតា ដែលពីមុនគេទិញថ្លៃ ៤ ពាន់ដុល្លារ សម្រាប់ពេលនេះគាត់លែងលក់ហើយ បើទោះជាឱ្យគាត់ ១ ម៉ឺនដុល្លារក៏ដោយ ក៏គាត់មិនលក់ដែរ។
លោកថ្លែងថា៖ «បើនិយាយពីរឿងជីវភាពវិញ គឺគាត់មានជីវភាពល្អប្រសើរខ្លាំងជាងកាលពីធ្វើស្រែទៅទៀត។ ពីមុន កាលពីធ្វើស្រែមិនបាន គាត់ចង់លក់ដីស្រែ តែដល់ពេលផ្អើលធ្វើប្រេងប្រចាក់បាន គាត់ក៏ឈប់លក់ដីស្រែវិញ»៕