ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល សហជីព វិស័យឯកជនជាង ៥០ នាក់ បានជួបសន្ទនាគ្នាកាលពីថ្ងៃទី ២០ តុលា ជុំវិញផលប្រយោជន៍និងកត្តាប្រឈមក្នុងវិស័យកសិកម្មពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាអ្វីដែលសង្គមស៊ីវិលមើលឃើញថា កិច្ចព្រមព្រៀងនេះហាក់មិនមានផលប្រយោជន៍ដល់អ្នកប្រកបរបរកសិកម្មខ្នាតតូច ខណៈមន្ត្រីរដ្ឋាភិបាលអះអាងថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ក្នុងការទាក់ទាញវិនិយោគិនឱ្យចូលមកក្នុងប្រទេស។
កិច្ចសន្ទនារវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការសន្ទនាក្នុងន័យស្ថាបនារវាងដៃគូពាក់ពាក់ព័ន្ធដើម្បីជាប្រយោជន៍ឱ្យកិច្ចព្រមព្រៀងនេះកាន់តែរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា។
អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានឱ្យដឹងថា កិច្ចសន្ទនានេះក៏ជាវេទិកាដែលអ្នកស្រាវជ្រាវនិងក្រុមអ្នកទទួលផលពី FTA បានពិភាក្សាគ្នា ដើម្បីផ្ដល់ជាធាតុចូលធ្វើឱ្យកិច្ចព្រមព្រៀងទ្វេភាគីមួយនេះកាន់តែមានប្រយោជន៍ដល់កម្ពុជា។
អង្គការនេះបានបញ្ជាក់ថា «កិច្ចសន្ទនាផ្នែកគោលនយោបាយរបស់សង្គមស៊ីវិលទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំហានទី២ គឺជាគម្រោងដែលអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាទទួលបានមូលនិធិជំនួយដោយ BMZ បានបង្កើតឡើងដើម្បីបានអនុវត្តសកម្មភាពចម្បងៗមួយចំនួន រួមមាន ការវិភាគគោលនយោបាយសង្ខេប Policy Brief ការបណ្តុះបណ្តាលបង្កើនការយល់ដឹងទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដល់ក្រុមគោលដៅជាសហជីព អង្គការសង្គមស៊ីវិល យុវជន និងប្រជាពលរដ្ឋទូទៅ ជាពិសេសកសិករ »។
កិច្ចសន្ទនានេះគឺជាផ្នែកមួយនៃគម្រោងដែលនឹងរៀនសូត្រក៏ដូចជា ការចែករំលែកចំណេះដឹងទាក់ទងនឹងភាពសេរី និងភាពត្រឹមត្រូវនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងន័យផ្តល់ចំណេះដឹងនិងការវិវត្តចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមអះអាងរបស់អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ។
លោក ហុក សុទ្ធា អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងឱកាសនោះថា FTA គឺជាកិច្ចព្រមព្រៀងមួយដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយសម្រាប់កម្ពុជា ការដែលបង្កើតឱ្យមានកិច្ចព្រមព្រៀងនេះឡើងជាមួយបណ្តាប្រទេសដទៃគឺដើម្បីទាញវិនិយោគិនមកវិនិយោគនៅក្នុងប្រទេសក្នុងពេលដែលកម្ពុជាមិនទាន់មានលទ្ធភាពក្នុងការផលិត និងបង្កើតដោយខ្លួនឯង។
លោកបានបញ្ជាក់ថា៖ «នៅនិយាយក្នុងបរិបទប្រទេសកម្ពុជាយើងមានបងប្អូនយើងភាគច្រើនគាត់សួរថា យើងមិនមានឱកាសចំណេញនៅក្នុងកិច្ចព្រមព្រៀងនេះទេ។ ប៉ុន្តែ អ្នកជំនាញ និងក្រសួងបាននិយាយថា បើគ្មានផលចំណេញ កម្ពុជាមិនខំធ្វើ FTA ទេ។ បើសិនជាគិតតែប្រទេសកម្ពុជាយើងមានទំហំតែ ១៦ លាននាក់ទេ តើមានបណ្តាប្រទេសផ្សេងៗ អ្នកវិនិយោគហ្នឹងគេមកវិនិយោគនៅយើងអត់?»។
លោកបានបន្តថា៖ «តើគេនឹងបោះទុនវិនិយោគមកកម្ពុជាដែរអត់ បើគ្រាន់តែសម្រាប់លក់ឱ្យកម្ពុជាយើង។ ផ្ទុយទៅវិញ គេសង្កេតឃើញថា នៅពេលប្រទេសកម្ពុជាយើង ធ្វើ FTA នេះជាមួយអាស៊ាន ជាមួយនឹងប្រទេសផ្សេងទៀត គឺមានទីផ្សារធំ។កាលណាយើងមានFTAនេះ ផលិតផលរបស់យើងនាំចេញទៅប្រទេសដៃគូគឺមិនជាប់ពន្ធដែលនឹងទាក់ទាញអ្នកវិនិយោគមកបោះទុននៅកម្ពុជាយើង»។
យ៉ាងណាក្ដី លោក ប៉ែន សូនី នាយក FAEP បានលើកឡើងថា បើទោះជាកិច្ចព្រមព្រៀង FTA ពិតជាមានសារប្រយោជន៍ដល់កម្ពុជា ប៉ុន្តែតាមការស្រាវជ្រាវជាក់ស្តែងរបស់FAEPជាមួយប្រជាកសិករក្នុងវិស័យកសិកម្មខ្នាតតូច បានបង្ហាញថា FTAគឺមិនបានផ្តល់ផលដល់ប្រជាកសិករនោះទេ។ ជាមួយនឹងការរកឃើញនេះ លោក រំពឹងថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គួរតែចូលរួមអន្តរាគមន៍ និងសិក្សាបន្ថែមទៀតពីកិច្ចព្រមព្រៀងនេះដើម្បីធ្វើយ៉ាងណាឱ្យផលប្រយោជន៍ដែលទទួលបានគឺបានចូលដល់ប្រជាកសិករកម្ពុជា ដែលកំពុងប្រឈមនឹងហានិភ័យនៃកង្វះទីផ្សារ។
លោកបានបញ្ជាក់ថា៖ «បើយើងមើលក្នុងប្រព័ន្ធ FTA នេះវាធ្វើឱ្យកសិករយើងស្មុគស្មាញពិបាកណាស់ មិនអាចធ្វើទៅតាមបានទេដែលអាចនាំចូលក្នុងទីផ្សារ។ ខ្ញុំសុំស្នើឱ្យក្រសួងពាណិជ្ជកម្មហ្នឹងសូមពិនិត្យទទួលយកគំនិតមតិយោបល់ប្រជាកសិករយើងឱ្យបានច្រើន មុននឹងយើងចាប់ផ្តើមកិច្ចព្រមព្រៀង FTA ជាមួយប្រទេសដទៃ»។
ក៏ប៉ុន្តែលោក ហុក សុទ្ធា បានសង្កត់ធ្ងន់ថា បើទោះជាបច្ចុប្បន្ន FTA មិនទាន់ផ្តល់ផលធំធេងដល់ប្រជាកសិករប្រកបរបរក្នុងវិស័យកសិកម្មខ្នាញតូចក៏ដោយ ក៏ FTA បានបង្កើនឱ្យមានទំហំទីផ្សារសម្រាប់កម្ពុជាកាន់តែធំផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀងគ្នា។ ចំណែក RCEP គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមាន សមាជិកអាស៊ានទាំង ១០ ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង ៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ដែលរដ្ឋាភិបាលធ្លាប់បានអះអាងថា កិច្ចព្រមព្រៀមទាំង ២ នេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា៕