
អគារកាស៊ីណូ ១ កន្លែង នៅក្រុងព្រះសីហនុកាលពីឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) នៅថ្ងៃទី ២០ ខែតុលា បានចេញសេចក្តីណែនាំចំនួន ២ ស្តីពីការធ្វើអាជីវកម្មល្បែងផ្សងសំណាងនៅកម្ពុជារបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងការពារនូវសិទ្ធិស្របច្បាប់របស់ប្រតិបត្តិករក្នុងវិស័យនេះ។ នេះបើតាមសេចក្ដីណែនាំ។
យោងតាមសេចក្តីណែនាំ បានបញ្ជាក់ថា ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងដើម្បីការពារ នូវសិទ្ធិស្របច្បាប់របស់ប្រតិបត្តិករល្បែងផ្សងសំណាង អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីការធ្វើអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់ប្រតិបត្តិករល្បែងផ្សងសំណាងនេះ។
«សេចក្ដីណែនាំនេះ ក្នុងគោលបំណងបង្ក្រាបនូវរាល់សកម្មភាពនិងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងដើម្បីលើកកម្ពស់វិស័យល្បែងពាណិជ្ជកម្មស្របច្បាប់»។
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តីសម្រេចលេខ ៦២ សសរ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានសមាសភាពចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងនោះក៏មានសមាសភាពពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាផងដែរ។
នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទីតាំងលេងល្បែងស៊ីសងខុសច្បាប់នានា ជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីណែនាំ។
រីឯសេចក្ដីណែនាំស្តីពីការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូវិញ គឺក្នុងគោលដៅធានាឱ្យការធ្វើប្រតិបត្តិការកាស៊ីណូ អាចប្រព្រឹត្តទៅបានស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
តាមរយៈសេចក្ដីណែនាំនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក បានណែនាំដល់ប្រតិបត្តិករកាស៊ីណូ ឬកម្មសិទ្ធិករកាស៊ីណូត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណឬបន្តសុពលភាពអាជ្ញាបណ្ណកាស៊ីណូមក គ.ល.ក ដោយត្រូវផ្អែកជាចម្បងលើគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល (សជណ) ដែលបានកំណត់យ៉ាងច្បាស់នូវទីតាំងភូមិសាស្ត្រនៃការស្នើសុំអភិវឌ្ឍកាស៊ីណូ និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រង ល្បែងពាណិជ្ជកម្មនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក បន្តណែនាំថា ប្រតិបត្តិករកាស៊ីណូ ឬកម្មសិទ្ធិករកាស៊ីណូ ដែលទទួលបានអាជ្ញាប័ណ្ណកាស៊ីណូពី គ.ល.ក អាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់នៅក្នុងអាជ្ញាប័ណ្ណកាស៊ីណូប៉ុណ្ណោះ។
បើតាមសេចក្ដីណែនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក ប្រតិបត្តិករកាស៊ីណូឬកម្មសិទ្ធិករកាស៊ីណូដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបានដាក់ពាក្យស្នើសុំ និងកំពុងបំពេញលក្ខខណ្ឌតម្រូវដើម្បីបន្តសុពលភាពអាជ្ញាប័ណ្ណឆ្នាំ ២០២២ គ.ល.ក បានចេញលិខិតបញ្ជាក់នីតិភាពជូនសម្រាប់បន្តនិរន្តរភាពអាជីវកម្មកាស៊ីណូសម្រាប់ឆ្នាំ ២០២២។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បញ្ជាក់ លិខិតបញ្ជាក់នេះស្របច្បាប់ និងអាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់នៅក្នុងលិខិតបញ្ជាក់នីតិភាពប៉ុណ្ណោះ ហើយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ គ.ល.ក។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បន្តថា ប្រតិបត្តិករកាស៊ីណូ ឬកម្មសិទ្ធិករកាស៊ីណូត្រូវដាក់តាំងបង្ហាញអាជ្ញាប័ណ្ណ ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើមនៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ ករណី មានការប្រើប្រាស់អាជ្ញាប័ណ្ណ ឬលិខិតបញ្ជាក់នីតិភាពថតចម្លងនៅទីតាំងផ្សេងនឹងត្រូវចាត់ទុកថា ជាការក្លែងបន្លំ ដែលត្រូវប្រឈមនឹងការចាត់វិធានការនានាតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ប្រតិបត្តិករកាស៊ីណូឬកម្មសិទ្ធិករកាស៊ីណូ ត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ដែលដំណើរការក្នុងបរិវេណកាស៊ីណូ និងកាតព្វកិច្ចផ្សេងៗទៀតឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលាទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទាក់ទងនឹងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា និងអំពាវនាវជាបន្តបន្ទាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់បញ្ហាល្បែងស៊ីសងខុសច្បាប់ និងល្បែងអនឡាយខុសច្បាប់ឱ្យបាន ពីព្រោះបញ្ហានេះនាំឱ្យកើតមានបទល្មើសផ្សេងៗទៀតនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងពេលធ្វើជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជាក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី ១៩ ខែតុលា ដោយបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗដែលកើតមានក្រោយពីថ្មីៗនេះ កម្ពុជាបានក្លាយជាប្រទេសរងគ្រោះដោយសារជនល្មើសយកធ្វើជាកន្លែងប្រព្រឹត្តបទល្មើសនិងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាបទល្មើសគ្រឿងញៀន ជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់នេះជាដើម៕