ភ្នំពេញៈសម្រាប់​អាណត្តិ​ទី​២ ក្នុង​តួនាទី​ជា​ប្រធាន​គណៈមេធាវី​អាណត្ដិ​ទី​១៤ លោក លី ច័ន្ទតុលា បាន​ស្នើ​សមាជិក-សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី​ទាំងអស់​​ផ្ដល់​កិច្ច​សហការ​គាំទ្រ​ដោយ​សកម្ម​ក្នុង​ការ​អនុវត្ត​​ទិសដៅ​ការងារ​អាទិភាព​ចំនួន ​១៣ ​ចំណុច​ដើម្បី​បន្ត​និរន្តរភាព​នៃ​វឌ្ឍនភាព​ការងារ​របស់​គណៈមេធាវី​ឱ្យ​កាន់តែ​ប្រសើរ​ និង​បន្ត​លើក​កម្ពស់​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​។

លោក លី ច័ន្ទតុលា បាន​ថ្លែង​បែបនេះ ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៤ នៅ​អគារ​ទីស្ដីការ​គណៈមេធាវី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២០ ​តុលា​។

លោក​ថា៖ «​សម្រាប់​អាណត្តិ​ទី២ ​របស់​ខ្ញុំ ដើម្បី​បន្ត​និរន្តរភាព​នៃ​វឌ្ឍនភាព​ការងារ​របស់​គណៈមេធាវី​ឱ្យ​កាន់តែ​ប្រសើរ​ និង​បន្ត​លើក​កម្ពស់​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី ខ្ញុំ​សូម​កិច្ចសហការ​គាំទ្រ​ដោយ​សកម្ម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​គណៈ​មេធាវី​លើ​ទិសដៅ​ការងារ​អាទិភាព​ចំនួន​ ១៣ ​ចំណុច​»។

ទិសដៅ​អាទិភាព​ទាំង ១៣ ចំណុច​នេះ​រួមមាន​ទី​១ ​បន្ត​អនុវត្ត​​តាម​គោលនយោបាយ​ដឹកនាំ​និង​បេសកកម្ម​របស់​គណៈមេធាវី ដែល​បាន​ដាក់​ចេញ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ ​«រួមគ្នា​ដើម្បី​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី»។ ទី២​បន្ត​រួមចំណែក​ជាមួយ​នឹង​រាជរដ្ឋាភិបាល​​ក្នុង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​តុលាការ។ ទី៣​ បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ក្រមសីលធម៌ បទបញ្ជា​ផ្ទៃក្នុង និង​សេចក្តី​សម្រេច​នានា​របស់​គណៈមេធាវី​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ចំណែក​ចំណុច​ទី៤ លោក​នឹង​បន្ត​ពិនិត្យ​ និង​ពិភាក្សា​លើ​ច្បាប់ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ ​ដើម្បី​ធ្វើ​វិសោធនកម្ម​ឱ្យ​ស្រប​តាម​បច្ចុប្បន្ន​ភាព​នៃ​សង្គម​ និង​ផលប្រយោជន៍​នៃ​វិជ្ជាជីវៈ​មេធាវី​។ ទី៥ ​បន្ត​ពិនិត្យ​ និង​ការពារ​មេធាវី​នៅ​ក្នុងការ​ប្រកប​វិជ្ជាជីវៈ​ស្របតាម​ច្បាប់​ជា​ធរមាន និង​ទី៦ ​បន្ត​ពិនិត្យ តាមដាន និង​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​មេធាវី​ក្នុង​ការអនុវត្ត​វិជ្ជាជីវៈ ដែល​មិន​គោរព​តាម​ច្បាប់ និង​វិធាន​របស់​គណៈ​មេធាវី និង​សិក្សា​ឡើង​វិញ​អំពី​យន្តការ​ដាក់​ទណ្ឌកម្ម​វិន័យ​របស់​ក្រុមប្រឹក្សា​គណៈ​មេធាវី​។

ចំណុច​​ទី​៧ លោក​បាន​ស្នើកិច្ច​សហការ​គាំទ្រ​ដោយ​សកម្ម​ពី​សមាជិក​ សមាជិកា​ក្រុមប្រឹក្សា​គណៈ​មេធាវី​បន្ត​កិច្ចពិភាក្សា​ និង​ដោះស្រាយ​បញ្ហា​នៃ​ការអនុវត្ត​សិទ្ធិ​របស់​មេធាវី​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌។​ ទី៨ ​បន្ត​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ដែល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ខុស​ច្បាប់ និង​ទី៩​ បន្ត​ពិនិត្យ សម្រេច និង​រៀបចំ​យន្តការ ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ស្តីពី​គ្រឿង​កិត្តិយស​គណៈ​មេធាវី សម្រាប់​ផ្តល់​ជូន​មេធាវី​ដែល​មាន​ស្នាដៃ​លេចធ្លោ​នៅក្នុង​ការ​ជួយ​ដល់​គណៈ​មេធាវី វិជ្ជាជីវៈ​មេធាវី និង​កិច្ចការ​យុត្តិធម៌​សង្គម។

ចំណែក​ទិសដៅ​ការងារ​អាទិភាព​ទី​ ១០ គឺ​បន្ត​ពង្រឹង​កិច្ចការពារ​ក្តី​ជូន​ជនក្រីក្រ និង​ការងារ​ប្រតិភូ​គណៈមេធាវី​នៅ​ទូទាំង​ប្រទេស​ និង​អនុវត្ត​គោល​នយោបាយ​លេខ ០៩៨​/សសគម/២១ ចុះថ្ងៃ​ទី ៥ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២១ ស្តីពី​ការ​ពិគ្រោះយោបល់ និង​ការពារ​ក្តី​ជូន​ជនក្រីក្រ​ដោយ​ ឥត​គិត​កម្រៃ​។ ទិសដៅ​ទី​១១ គឺ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ និង​បញ្ជ្រាប​ការ​យល់ដឹង និង​ការ​ទទួលស្គាល់​តួនាទី​របស់​មេធាវី​ក្នុង​សង្គម ទាំង​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ រួមទាំង​ការ​អនុវត្ត​គម្រោង​មេធាវី ចុះដល់​មូលដ្ឋាន។ ទី​១២ បន្ត​ពង្រឹង​គុណភាព សមត្ថភាព និង​ជំនាញ​ដល់​មេធាវី តាមរយៈ​ការ​បណ្តុះបណ្តាល​ជា​ប្រចាំ ដោយ​បើក​សិក្ខាសាលា ទស្សនកិច្ច​សិក្សា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ដើម្បី​ឆ្លើយតប​នឹង​ការ​វិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច និង​ចរន្ត​នៃ​សកល​ភាវូបនីយកម្ម។ ​រីឯ​ទិសដៅ​ការងារ​អាទិភាព​ទី​១៣ លោក​ ច័ន្ទតុលា លើក​ឡើង​ថា នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​វិជ្ជាជីវៈ​មេធាវី​ឱ្យ​បាន​កាន់តែ​ប្រសើរ​។

សមាជិក​គណៈ​មេធាវី លោក​មេធាវីគឹម រ័ត្នណារ៉ុង បាន​ឱ្យដឹង​ថា គោល​នយោបាយ​ដែល​ជា​ទិសដៅ​ការងារ​អាទិភាព​ ចំនួន ១៣ ចំណុច ដែល​លោក លី ច័ន្ទតុលា ​បាន​​ដាក់​ចេញ​សម្រាប់​អាណត្តិទី​២របស់​គាត់​គឺ​មាន​ភាព​​ល្អ​ប្រសើរ និង​ត្រូវ​គោលដៅ​ក្នុង​ការ​ចូលរួម​ជួយ​សង្គមជាតិ​។

លោក​ថ្លែង ថា​៖ «សម្រាប់​ទិសដៅ ការងារ​អាទិភាព​ទាំង​ ១៣ ​ចំណុច នេះ​មាន​ចំណុច​ខ្លះ ទាក់ទង​​ទៅនឹង​ការ​បន្ត​ពង្រឹង​​​វិជ្ជាជីវៈ​របស់​មេធាវី និង​ចំណុច​ខ្លះ​ទៀត​ទាក់ទង​ការ​ការពារ​ក្ដី​ជូន​​ជនក្រីក្រ​ដោយ​ឥត​គិត​កម្រៃ​ដែល​ ចំ​ណុច​​​ទាំងនេះ​ពិតជា​ល្អ ខ្លាំងណាស់​ក្នុងការ​ចូលរួម​ជួយ​ដល់​សង្គម​ជាតិ​យើង​»។

លោក រ័ត្នណារ៉ុង បាន ឱ្យ​ដឹង​ថា កាល​ពី​អាណត្តិ ទី​១ ក្នុង​ការដឹកនាំ​របស់​លោក ច័ន្ទតុលា បាន​យក ចិត្ត​ទុក​ដាក់ខ្លាំង​លើ​ការ​ពង្រឹង​វិជ្ជាជីវៈ​មេធាវី ហើយ​សមាជិក​គណៈមេធាវី​ទាំង​អស់ បាន​គោរព​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ បាន​ល្អ​ប្រសើរ ដែល​​បាន​ចូលរួម​ជួយ​លើក​មុខមាត់​ដល់​វិជ្ជាជីវៈទាំងមូល​។

កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០២២ គណៈ​មេធាវី​បាន​រៀបចំ​មហាសន្និបាត​លើក​ទី ២៧ និង​​បោះឆ្នោត​ជ្រើសតាំង​​លោក លី ច័ន្ទតុលា ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៤ បន្ត​​​ ១​ អាណត្តិ​ទៀត​ដោយ​សំឡេង​គាំទ្រ ២ ០១៦ ​សំឡេង ស្មើនឹង ៩៨,៥៨% នៃ​សំឡេង​សរុប ២ ០៤៥ សំឡេង​។

លោក ច័ន្ទតុលា បាន​ថ្លែង​ថា លទ្ធផល​នៃការ​បោះឆ្នោត​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សហភាតា​នៃ​គណៈមេធាវី​បាន​ផ្តល់​នូវ​ការ​ជឿជាក់ និង​ទុកចិត្ត​លើ​ការដឹកនាំ​គណៈមេធាវី​ក្នុង​អាណត្តិ​ទី១ របស់​លោក​។

លោក​បាន​ថ្លែង​ថា​៖ «អ្វី​ដែល​ជាការ​តបស្នង​សង​គុណ​ចំពោះ​សហភាតា​វិញ គឺ​ការប្តេជ្ញា​ចិត្ត​បន្ត​ខិតខំ​ប្រឹងប្រែង​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ និង​បេសកកម្ម​ដែល​បាន​ដាក់​ចេញ​សម្រាប់​ដឹកនាំ​គណៈ​មេធាវី ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​សមិទ្ធផល​ថ្មីៗ​ និង​ដើម្បី​លើក​កម្ពស់​ឧត្តមភាព​ និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង សេចក្តី​ថ្លៃថ្នូរ​ និង​ក្រមសីល​ម៌​មេធាវី ជាពិសេស​ធានា​ឱ្យបាន​នូវ​ផលប្រយោជន៍​របស់​មេធាវី​ និង​ការ​ទទួលស្គាល់​តួនាទី​មេធាវី​ក្នុង​សង្គម ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​ និង​អន្តរជាតិ​»៕