បន្ទាប់ពី​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្តី​អំពី​ការកើន​ឡើង​ច្រើន​នៃ​បទល្មើស​ព្រៃឈើ ក្រសួងបរិស្ថាន ថា​គ្មាន​ភាព​ចាំបាច់​ក្នុងការ​ឆ្លើយតប​នឹង​របាយការណ៍​របស់​សហគមន៍​ព្រៃឡង់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ឡើយ​។

តាម​សេចក្ដី​ថ្លែងការណ៍​ដែល​ចុះ​ថ្ងៃទី​ ២០ ខែ​តុលា ឆ្នាំ​ ២០២២ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត​មាន​៖ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ រកឃើញ​ថា បទល្មើស​ព្រៃឈើ​មានការ​កើនឡើង​ច្រើនជាង​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ តាំងពី​ក្រសួង​បរិស្ថាន​បាន​ហាមឃាត់​បណ្ដាញ​សហគមន៍​ព្រៃឡង់​មិនឱ្យ​ចុះ​ល្បាត​។ ហើយ​ជន​ប្រព្រឹត្ត​បទល្មើស​មាន​សេរីភាព​ចេញចូល​ព្រៃឡង់​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន ដោយ​គ្រាន់តែ​បង់ប្រាក់​ជូន​មន្ដ្រី​តាម​ស្នាក់ការ​ត្រួតពិនិត្យ ជា​ថ្នូរ​នឹង​ការទទួលបាន​ការអនុញ្ញាត​ឱ្យ​ប្រព្រឹត្ដ​បទល្មើស​ក្នុង​ព្រៃឡង់​។

ចាប់តាំងពី​ដើម​ឆ្នាំ​ ២០២២ ​មក សកម្មភាព​ល្មើសច្បាប់ នៅ​ជុំវិញ​តំបន់​ព្រៃឡង់ បន្ដ​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដូចជា​៖ ការកាប់​បំផ្លាញ​ដើមឈើ​ធំៗ​នៅក្នុង​តំបន់​ព្រៃឡង់ ដោយ​ជន​អនាធិបតេយ្យ និង​ក្រុមហ៊ុន អង្គរផ្លាយវ៉ូត និង​ក្រុមហ៊ុន Think Biotech Co., Ltd ស្ថិតក្នុង​ខេត្ដ​ក្រចេះ ក្រុមហ៊ុន Thy Nha Co., Ltd Development, and Investment ក្រុមហ៊ុន​ម៉ាយខលឡូជីស្ទីក និង​ក្រុមហ៊ុន PNT ស្ថិតក្នុង​ខេត្ដ​ព្រះវិហារ​។ នេះ​បើតាម​សេចក្ដី​ថ្លែងការណ៍​ដដែល​។

ទន្ទឹម​នេះ របាយការណ៍​រកឃើញ​ទៀត​ថា ការដឹកជញ្ជូន​ឈើ​ជាច្រើន​តាម​រទេះក្របី រថយន្ដ​កែច្នៃ និង​គោយន្ដ​ក្នុង​មួយ​ថ្ងៃៗ និង​ឧបករណ៍​សម្រួល​ដល់​ការកាប់​ឈើ ចូលទៅ​ក្រុមហ៊ុន ដោយ​ពុំមាន​ចំណាត់ការ​ច្បាស់លាស់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។

ជុំវិញ​បញ្ហា​នេះ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​ថា​បច្ចុប្បន្ន​នេះ បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​លែង​កើតមាន​ទៀត​ហើយ នៅមាន​បទល្មើស​ខ្នាត​តូច ដែល​មន្ត្រី​ជំនាញ​ជាពិសេស​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន បន្ត​ទប់ស្កាត់​ និង​បង្ក្រាប​ជាប្រចាំ​។

លោក នេត្រ ភក្ត្រា​ថា​៖ «​ក្រសួង​បរិស្ថាន​គ្មាន​ភាពចាំបាច់​ក្នុងការ​ឆ្លើយតប​លើ​របាយការណ៍​របស់​ភាគី​ទី​៣ ណាមួយ​ទេ​។ ក្រសួង​បរិស្ថាន​សូម​គូស​បញ្ជាក់​ថា ក្រសួង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្រោម​ដែន​យុត្តាធិការ​របស់ខ្លួន​ប្រកបដោយ​ការទទួល​ខុសត្រូវ​ និង​វិជ្ជាជីវៈ​»​។

ដោយសារតែ​កត្តា​សុខសន្តិភាព​ពេញលេញ លោក​ថា មាន​ឱកាស​គ្រប់គ្រាន់ និង​មាន​ធនធាន​សម្រាប់​ការងារ​អភិរក្ស ហើយ​ដោយសារតែ​ភាព​ប្រសើរឡើង​នៃ​ការអភិរក្ស​នេះ បានធ្វើឱ្យ​កម្ពុជា​អាច​រក​ចំណូល​បាន​ពី​ការអភិរក្ស​របស់​ខ្លួន​តាមរយៈ​ការលក់​ឥណទាន​កាបូន (Carbon Credit) ក្នុង​គម្រោង​រេដបូក គម្រោង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​ព្រៃឈើ និង​ការបង់​សេវា​ប្រព័ន្ធ​អេកូឡូស៊ី (Payment Ecosystem Service)​។

ក្រៅពីនេះ លោក ភក្ត្រា លើក​ឡើង​ថា ក្រសួង​បរិស្ថាន​កំពុង​រៀបចំ គម្រោង​រេដបូក​បន្ថែម​ទៀត លើ​ផ្ទៃដី​ចំនួន ១,១៩ លាន​ហិកតា ដែល​នឹង​ធ្វើឱ្យ​ផ្ទៃដី​គម្រោង​រេដ​បូក​សរុប​នឹង​មាន​ចំនួន ២,៤៦ ​លាន​ហិកតា (​ស្មើនឹង ៣៤,១ ភាគរយ​នៃ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​)។

លោក​បន្ថែម​ថា ការ​ដែល​កម្ពុជា​ទទួល​បាន​ជោគជ័យ​លើ​ការលក់​ឥណទាន​កាបូន​នេះ បាន​លើកតម្កើង​នូវ​កិត្យានុភាព​ជាតិ​កម្ពុជា លើ​ឆាក​អន្តរជាតិ ដែល​មិនមាន​ប្រទេស​ច្រើន​ទេ​ក្នុង​ពិភពលោក​អាចធ្វើ​បាន និង​បាន​ទប់ទល់​ជាមួយនឹង​យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​ក្នុង​រូបភាព​ថា​កម្ពុជា​មាន​បទល្មើស​ព្រៃឈើ​ច្រើន​ជាងគេ​លើ​ពិភពលោក​។

ចំណែក​លោក ខេម សុឃី សមាជិក​សហគមន៍​ព្រៃឡង់ បាន​ប្រាប់​ថា​តាមរយៈ​ការចុះ​ល្បាត​ព្រៃ​ពី​សហគមន៍​មូលដ្ឋាន ដែល​រស់នៅ​ជិត​តំបន់​នោះ សហគមន៍​លោក​សង្កេត​ឃើញ​ថា បទល្មើស​នៅក្នុង​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន បើទោះបី​ជាមាន​ការចុះ​ល្បាត​ពី​សហគមន៍​ការពារ​របស់​ក្រសួងបរិស្ថាន​ក៏ដោយ​។

សូម​បញ្ជាក់​ថា យោងតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ សម្រាប់​រយៈពេល ៨​ ខែ​ឆ្នាំ ២០២២ មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន បាន​ចុះ​ល្បាត​ចំនួន ១៤៦៩២ លើក បង្ក្រាប​បាន​បទល្មើស​ចំនួន ៤២៥០ ករណី ដែល​ភាគច្រើន​ជា​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ បទល្មើស​ព្រៃឈើ និង​បទល្មើស​សត្វព្រៃ​។

មន្ត្រី​ឧទ្យានុរក្ស បាន​ដកហូត​វត្ថុតាង​ជា​ឈើ​អារ​ចម្រុះ​ចំនួន ៧៥៨ ម៉ែត្រគុប ដកហូត​វត្ថុតាង​ជា​មធ្យោបាយ ឧបករណ៍​សម្ភារ​ក្នុងនោះ​រួមមាន​រណារយន្ត​ចំនួន ១៧២៤​ គ្រឿង រថយន្ត ៥១ ​គ្រឿង ត្រាក់ទ័រ​ចំនួន ៧ ​គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន ១៣៨ ​គ្រឿង ម៉ូតូ ១៥២ ​គ្រឿង ដោះ​អន្ទាក់​សត្វ​ចំនួន ២៦៥៨៨ ​អន្ទាក់ ដកហូត​អាវុធ​កែច្នៃ​ចំនួន ៣៤៤ ​ដើម​។ ហើយ​និង​បានធ្វើ​ការអប់រំ​កិច្ចសន្យា​ចំនួន ១១៦៧ ​ករណី បាន​ធ្វើ​ពិន័យ​អន្តរការណ៍​ចំនួន ២៥៨ ​ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ៣៥៣ ​ករណី​៕