សៀមរាបៈ បន្ទាប់ពីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣២០០ គ្រួសារ នៅតំបន់ពាក់ស្នែងព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរម្នាក់ នៅខេត្តសៀមរាបដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង។
លោកនាយករដ្ឋមន្ត្រី បានឱ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំសម្រាប់ដោះស្រាយជីវភាពខណ:ស្ត្រីជាម្ដាយរូបនោះបានពកូនទាំងមានជំងឺនេះមកចូលរួមក្នុងកម្មវិធីសំណេះសំណាល។ នេះបើតាមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ម្តាយកុមារីរូបនេះឱ្យដឹងថា កូនរបស់គាត់ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ ឆ្នាំ ពេលមានអាយុ ១ ខែ ៣ ថ្ងៃ មានអាការៈមិនប្រក្រតី ហើយម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប តែមិនបានប្រសើរ ដល់កុមារអាយុរហូតដល់ ២ ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងខិតខំជួយសង្គ្រោះជីវិតកុមារីរូបនេះឱ្យអស់ពីលទ្ធភាព៕