ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២១ ខែតុលា បានប្រកាសអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជំរុញអនុវត្តការងារ អធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
តាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ២១ ខែតុលា បានឱ្យដឹងថា ស្របពេលដែលកិច្ចប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់ កិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមគោលការណ៍របស់រាជរដ្ឋាភិបាល វិធានការនានារបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងដោយយោងតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីអន្តោប្រវេសន៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផ្អែកតាមស្ថានភាពជាក់ស្តែង ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអន្តរក្រសួង ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ពិនិត្យ តាមដាន និងជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស។
ប្រភពដដែលបានឱ្យដឹងទៀតថា ដើម្បីគណៈកម្មការអន្តរក្រសួងនេះអនុវត្តផែនការរបស់ខ្លួនទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំង ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ព្រមទាំងស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការពាក់ព័ន្ធ សូមផ្តល់ការគាំទ្រ និងចូលរួមសហការក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងនេះ ដើម្បីធានាដល់ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕