បន្ទាយមានជ័យៈ ក្រុមមន្ត្រីជំនាញកសិកម្មនៅថ្ងៃទី ២១ ខែតុលាបានបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺអុតក្តាមសត្វគោក្របីបានចំនួន ១៤៩៦ ក្បាល នៅភូមិចំនួន ៣ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការចុះចាក់ថ្នាំការពារជំងឺសត្វគោក្របីនេះ មានការចូលរួមពីក្រុមអន្តរាគមការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលស្រុកព្រះនេត្រព្រះ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរឃុំឈ្នួរមានជ័យ ភ្នាក់ងារសុខភាពសត្វភូមិ និង ប្រជាការពារ។
របាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យុទ្ធនាការចាក់ថ្នាំការពារជំងឺអុតក្តាមសត្វគោក្របី របស់ប្រជាកសិករគឺមកពីភូមិចំនួន ៣ គឺភូមិគោកត្រាច, គោកពង្រ និងភូមិរពាក់ ដែលគោសរុបមានចំនួន ១ ៥០៧ ក្បាល និងក្របី ១៣៥ ក្បាល ក្នុងនោះ មន្ត្រីជំនាញចាក់បានគោសរុប ១ ៣៩៥ ក្បាល និងក្របី ១០១ ក្បាល ដែលមានប្រជាកសិករជាម្ចាស់សត្វចូលរួមសរុប ១ ៣០ នាក់ (ស្ត្រី ៤៧ នាក់)។
យុទ្ធនាការនេះធ្វើឡើងក្រោមវត្តមានលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, លោក ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ព្រមទាំង លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕