ក្រសួងបរិស្ថាន និងអង្គការ WWF បានសហការរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណង ការពារធនធានសត្វព្រៃកម្ពុជាឱ្យបានគង់វង្ស និងរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណៈ ខណៈអ្នកជំនាញថាការបរិភោគសត្វព្រៃមានឱកាសឆ្លងមេរោគផ្សេងៗ។
ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានការផ្ទុះឡើងនូវការចម្លងជំងឺពីសត្វទៅមនុស្សនៅថ្ងៃអនាគត ក៏ដូចជាការពារសត្វព្រៃនៅកម្ពុជា ក្រសួងបរិស្ថាន បានសហការជាមួយ អង្គការWWF ខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត រដ្ឋបាលខណ្ឌព្រៃឈើក្នុងខេត្តមណ្ឌលគិរី និងដៃគូសំខាន់ៗ ផ្តួតផ្តើមរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា មានប្រសាសន៍ថា យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ ពិតជាមានសារៈសំខាន់ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ដៃគូពាក់ព័ន្ធ ដែលបំពេញការងារទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់ និងការផ្តល់សុវត្ថិភាពដល់សត្វព្រៃ។
លោកបន្តថា យុទ្ធនាការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យដែលបានដាក់ចេញកន្លងមក ដែលទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។
លោកថា៖«យុទ្ធនាការនេះ ផ្តោតទៅលើការបញ្ឈប់ការជួញដូរសត្វព្រៃ ហើយបង្វែរទិសដៅទៅលើទីតាំងភោជនីយដ្ឋាន ព្រោះជាកន្លែងជួញដូរសត្វព្រៃ ហើយក្នុងនោះមានភោជនីយដ្ឋានចំនួន ៣២ ដែលបានចូលរួមប្រកាស និងមិនលក់ម្ហូបសត្វព្រៃទេ»។
លោក នេត្រ ភក្ត្រា ឱ្យដឹងថា ក្នុងរយៈពេល ១៨ ខែមកនេះ អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបការជួញដូរសាច់សត្វព្រៃចំនួន ១ ៣៥៣ គីឡូក្រាម ក្នុងខេត្តមណ្ឌលគិរី ដោយមិនរាប់បញ្ចូលខេត្តផ្សេង។
ជាមួយគ្នានេះលោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ ម្ចាស់ភោជនីយដ្ឋាន បញ្ឈប់ការហូប និងការជួញដូរសត្វព្រៃ ដើម្បីផលប្រយោជន៍ជាតិ។
លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជា បានថ្លែងថា យុទ្ធនាការនេះ ជាផ្នែកមួយក្រោមឆត្រនៃយុទ្ធនាការអន្ទាក់សូន្យ ក្រោមការដោះស្រាយបញ្ហារួមពាក់ព័ន្ធសត្វព្រៃ។ លោកគូសបញ្ជាក់ថា យុទ្ធនាការនេះ ទោះបីមិនធ្វើការដាក់អន្ទាក់ចុះមកនៅត្រឹមសូន្យ ប៉ុន្តែនឹងចូលរួមកាត់បន្ថយការដាក់អន្ទាក់បានច្រើន។ លោកថា៖ «សង្ឃឹមថា ម្ចាស់ភោជនីយដ្ឋាន នឹងបន្តផ្សព្វផ្សាយដល់អតិថិជន ឱ្យឈប់ហូបសាច់សត្វព្រៃ និងរំពឹងថាពលរដ្ឋបញ្ឈប់ការលក់ ទិញ និងហូបសាច់ព្រៃ»។
អង្គការ WWF ដែលធ្វើការលើកិច្ចការពារបរិស្ថាន និងអភិរក្សសត្វព្រៃ បានឱ្យដឹងថា ប្រមាណជាង ៦០% ក្នុងចំណោមជំងឺឆ្លងប្រភេទថ្មី ដែលស្រដៀង ឬគ្រោះថ្នាក់ជាងជំងឺកូវីដ ១៩ សុទ្ធសឹងតែជាជំងឺឆ្លងពីសត្វទៅមនុស្ស។ អង្គការបានលើកឡើងថា នៅពេលអ្នកបរិភោគម្ហូបសាច់សត្វព្រៃមួយចាន ក្រៅពីការប្រឈមនឹងហានិភ័យសុខភាពចំពោះខ្លួនឯង អ្នកក៏អាចបង្កហានិភ័យដល់អ្នកដទៃផងដែរ។ ដូចគ្នានេះដែរ ការបរបាញ់ ការដឹកជញ្ជូន ការជួញដូរ និងការកែច្នៃ សុទ្ធសឹងតែជាកត្តាបង្កឱកាសសម្រាប់ការប៉ះពាល់សត្វព្រៃដោយផ្ទាល់ និងអាចចម្លងមេរោគទៅមនុស្ស៕