សៀមរាបៈ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង មានចំនួនសរុប ៩ ០៦៥ គ្រួសារហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា រហូតមកដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្លែងរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣ ២០០ គ្រួសារ ដែលស្ម័គ្រចិត្តចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបនៅថ្ងៃទី ២២ ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ពលរដ្ឋចំនួន ៩ ០៦៥ គ្រួសារដែលព្រមចាកចេញពីតំបន់អង្គរនោះ មានចំនួន ៥ ៨៦៥ គ្រួសារព្រមទៅនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក និងចំនួន ៣ ២០០ គ្រួសារទៅនៅតំបន់ពាក់ស្នែង។
លោករដ្ឋមន្ត្រីក្រសួងដែនដីបានឱ្យដឹងទៀតថា ក្នុងចំណោមប្រជាពលរដ្ឋ ទៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ចំនួន ៥ ៨៦៥ គ្រួសារ បានទទួលកិត្តិយសជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ៣លើករួចហើយគឺ លើកទី១ ចំនួន ១ ១១៧ គ្រួសារ លើកទី២ ចំនួន ២ ៨៥៣ គ្រួសារ និងលើកទី៣ ចំនួន ១ ៨៩៥ គ្រួសារ។ ដោយឡែក អ្នកទៅស្ម័គ្រចិត្តទៅតំបន់ពាក់ស្នែងចំនួន ៣ ២០០ គ្រួសារ ទើបបានជួបសំណេះសំណាលជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកដំបូងនៅថ្ងៃទី២២ ខែតុលានេះ។
លោក ជា សុផារ៉ា បញ្ជាក់ថា ក្រុមការងារតម្រង់ទិស ក៏បានសម្របសម្រួលជាមួយប្រជាពលរដ្ឋ ឱ្យស្ម័គ្រចិត្តរុះរើតូបស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបាន ៤២៩ តូប បានដាំកូនឈើឡើងវិញ លើទីតាំងដីដែលបានរុះរើតូប បានចំនួន ១២ ៥០០ ដើម ផងដែរ៕