ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២០ និង ២១ ខែតុលានេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៣ ម៉ឺននាក់ ចំណែកអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត ៦ ពាន់នាក់ រីឯអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង ១ ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់ គ ជ ប បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្នថ្ងៃទី ២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ លទ្ធផលបណ្តោះអាសន្នថ្ងៃទី ២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ (សម្រាប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២) នៅទូទាំងប្រទេស រួមមាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៥ ៧៣២ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤១៥ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៤ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥ ០២៨ នាក់។
គជប បញ្ជាក់ថា សរុបរយៈពេល ២ ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទទួល គឺ៖«មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣២ ១៦៥ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥ ៨៥៧ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៩៩៤ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១០ ១៧០ នាក់»។
បើតាម គជប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គជប ក៏បានអំពាវនាវសូមឱ្យពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។
សម្រាប់ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២៥ និង ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅបោះ ឆ្នោត ឱ្យបានគ្រប់ៗគ្នា៕