ភ្នំពេញៈកម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» របស់តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយបានចាប់ផ្ដើមជាផ្លូវការ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ។ ជាកម្មវិធីដែលលោក អ៊ួន បឋម រត់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបក្នុងចម្ងាយផ្លូវ៣០៣គីឡូម៉ែត្រដោយប្រើរយៈពេល ៩ ថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២២ ។
គោលបំណងសំខាន់នៃកម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» ធ្វើឡើងដើម្បីរៃអង្គាសថវិកាចំនួន ៤០ ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទ្រទ្រង់ព្យាបាលផ្នែកមហារីកដែលមន្ទីរពេទ្យសង្កេតឃើញថាមានសញ្ញាកើនឡើងគួរឱ្យព្រួយបារម្ភ។
សូមជម្រាបជូនថា មន្ទីរពេទ្យកុមារអង្គរចាប់ផ្ដើមបើកទទួលការពិនិត្យ ព្យាបាល និងថែទាំកុមារដែលមានជំងឺមហារីកតាំងពីឆ្នាំ២០១២មក។ ក្នុង ១ ឆ្នាំៗ មន្ទីរពេទ្យនេះ ត្រូវការថវិកាពី ៣៥០ ០០០ ដុល្លារទៅ ៤៥០ ០០០ ដុល្លារ ដើម្បី
ទ្រទ្រង់ដល់ការពិនិត្យ ព្យាបាល និងថែទាំកុមារដែលមានជំងឺមហារីក ហើយបើគិតមកទល់ពេលនេះ មន្ទីរពេទ្យកុមារអង្គរបានព្យាបាលកុមារដែលមានជំងឺមហារីកចំនួន ៥០៨ នាក់រួចមកហើយ។
លោកស្រី ស៊ិន កេតអរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃមន្ទីរពេទ្យកុមារអង្គរបានថ្លែងថា មន្ទីរពេទ្យកុមារអង្គរបានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកលើកុមារមានដូចជា ជំងឺមហារីកបាតភ្នែក មហារីកឆ្អឹងខ្នង មហារីកជាលិកា មហារីកខួរក្បាល និងជំងឺមហារីកគ្រាប់ឈាម។
ដ្បិតតែមន្ទីរពេទ្យកុមារអង្គរមានវេជ្ជបណ្ឌិតដែលមានជំនាញក្នុងការព្យាបាលជំងឺមហារីកទាំងនេះក៏ពិតមែន ប៉ុន្តែបើតាមលោកស្រីស៊ិន កេតអរុណ ការព្យាបាលជំងឺមហារីកត្រូវការថវិកាច្រើនជាងការព្យាបាលជំងឺប្រភេទដទៃទៀត ដោយសារតែវាទាមទារនូវបច្ចេកទេសចាំបាច់មួយចំនួនដូចជា ការវះកាត់ ការចាក់ថ្នាំគីមី ការបាញ់កាំរស្មីឡាស៊ែរ ការចាក់ថ្នាំបង្កក ជាលិកានិងការគ្រប់គ្រងការឈឺចាប់ជាដើម។
គួររំឭកដែរថា នេះមិនមែនជាលើកទី ១ ទេ ដែលលោក អ៊ួន បឋម ហៅ សាយ បានរៀបចំកម្មវិធីរត់ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។ កាលពីឆ្នាំ ២០២០ លោក អ៊ួន បឋម ហៅសាយ ធ្លាប់បានរៀបចំកម្មវិធីរត់រយៈពេល ៩៧ ថ្ងៃ ជុំវិញប្រទេសកម្ពុជា និងរៃអង្គាសប្រាក់បានចំនួន៥០ម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលប្រឈមនឹងការខ្វះខាតថវិកាដើម្បីផ្ដល់សេវាព្យាបាលជំងឺដល់កុមារ។
រាល់ការបរិច្ចាគទាំងអស់របស់សប្បុរសជននឹងបញ្ជូនទៅកាន់គណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់។ តារាចម្រៀងលោក អ៊ួន បឋម ដែលបានចាប់ផ្ដើមបោះជំហានរត់ម្ដងទៀតនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ បានអំពាវនាវដល់សប្បុរសជនជាតិ និងអន្ដរជាតិឱ្យជួយបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុងបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជាឱ្យរួចផុតពីក្រញាំនៃជំងឺមហារីកដ៏កាចសាហាវ៕