ភ្នំពេញៈក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឃាត់ខ្លួនអ្នកបើកបរដែលមិនគោរពតាមលក្ខខណ្ឌសេចក្តីណែនាំ និងប្រព្រឹត្តផ្ទុយពីច្បាប់ចរាចរណ៍មកធ្វើការណែនាំនិងចុះកិច្ចសន្យាយ៉ាងតឹងរ៉ឹងនៅទីស្នាក់ការស្ថានីយផ្លូវល្បឿនលឿន។
ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីអ្នកបើកបរទាំងនោះបានល្មើសនឹងបម្រាមនិងច្បាប់មួយចំនួនដូចជា ការបើកបរហួសល្បឿនកំណត់ បើកបរយឺតជាងល្បឿនកំណត់ បើកបរបញ្ច្រាសទិសចរាចរណ៍ បើកបរលើគន្លងផ្លូវអាសន្ន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើកបរប្រភេទយានយន្តដែលមិនបានអនុញ្ញាត និងឈប់សំចតនៅលើផ្លូវល្បឿនលឿនជាដើម។ នេះបើតាមអះអាងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿន។
ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២២ តុលា អមជាមួយនឹងរូបថតជាច្រើនសន្លឹកថា «ខាងក្រោមនេះជាសកម្មភាពក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្វើការឃាត់ខ្លួនអ្នកបើកបរដែលមិនគោរពតាមលក្ខខណ្ឌសេចក្តីណែនាំនិងប្រព្រឹត្តផ្ទុយពីច្បាប់ចរាចរណ៍មកធ្វើការណែនាំ និងចុះកិច្ចសន្យាយ៉ាងតឹងរ៉ឹងនៅទីស្នាក់ការស្ថានីយផ្លូវល្បឿនលឿន»។
ក្រុមហ៊ុនផ្លូវល្បឿនលឿន ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ ត្រូវចូលរួមគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីកម្លាំងនគរបាលចរាចរណ៍ដែលកំពុងអនុវត្តច្បាប់នៅលើផ្លូវល្បឿនលឿន ២៤ ម៉ោងជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត គឺដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នាផងដែរ។
បុគ្គលិកបម្រើការឱ្យក្រុមហ៊ុនផ្លូវល្បឿនលឿនសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ តុលា ថា បទល្មើស និងភាពមិនប្រក្រតីនៅតែបន្តកើតមាននៅលើផ្លូវល្បឿនលឿន គ្រាន់តែអត្រាល្មើសមានការថយចុះជាងមុន បើធៀបនឹងការបើកឱ្យសាកល្បងនៅថ្ងៃដំបូងៗ។
បុគ្គលិករូបនេះ បានបន្តថា ចំពោះការតេមកលេខ ១៣៩៩ ដើម្បីស្វែងរកជំនួយ និងសួរព័ត៌មាន នៅតែមានចំនួនច្រើន ហើយមានការកើនឡើងជារៀងរាល់ថ្ងៃ ខណៈថ្ងៃចុងសប្តាហ៍គឺមានចំនួនច្រើនជាងគេទាំងការធ្វើចរាចរណ៍និងការតេមកភ្នាក់ងារជួយសង្គ្រោះ។
បុគ្គលិកដដែលនេះបានបញ្ជាក់ថា៖ «ក្នុងពេលសាកល្បងឱ្យប្រើប្រាស់ផ្លូវនេះ ខាងសមត្ថកិច្ចផ្លូវល្បឿនលឿនយើង មិនទាន់ផាកពិន័យជាប្រាក់ទេ គឺគ្រាន់តែឃាត់ខ្លួន ដើម្បីធ្វើការណែនាំ និងចុះកិច្ចសន្យាព្រមានកុំឱ្យមានកំហុសជាថ្មី។ នៅពេលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនោះវិធានការពិន័យតាមច្បាប់នឹងត្រូវបានអនុវត្ត។ ដូច្នេះសូមអ្នកបើកបរគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា»។
តាមកំណត់ត្រាស្ថិតិយានយន្តនិងស្ថានភាពចរាចរណ៍ ដោយរាប់ចាប់ពីថ្ងៃបើកសាកល្បងកាលពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ មានយានយន្តចំនួន ១៩០ ៣៤៦ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿននេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្ថិតិនេះគឺត្រូវបានដកស្រង់ចេញពីច្រកចេញចូលនៅតាមស្ថានីយទាំង ៨ ទីតាំងហើយករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤ ភាគរយប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រា។
ក្រសួងបានបញ្ជាក់ថា៖ «ក្នុងចំណោមយានយន្តចំនួនជាង១៩ម៉ឺនគ្រឿងដែលបានចរាចរណ៍ក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយនេះ មានករណីត្រូវការការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះសរុបចំនួន ៥០៦ ខ្សែដែលបានទាក់ទងទៅកាន់លេខ ១៣៩៩ »។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានថ្លែងថា ផ្លូវល្បឿនលឿនបានបើកឱ្យសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ។ ប៉ុន្តែលោកថា ចំពោះបទល្មើសនៅលើផ្លូវនេះគឺមិនអាចសាងល្បងនោះទេ ព្រោះអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែលទាមទារឱ្យមានការពង្រឹងច្បាប់និងត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវដោយគ្មានការលើកលែង។
លោកបានបញ្ជាក់ថា៖ «ការអនុវត្តច្បាប់នេះមិនគួររង់ចាំរហូតទាល់តែដាក់ឱ្យប្រើប្រាស់ជាផ្លូវការទេ។គួរតែអនុវត្តរយៈពេល ១ សប្តាហ៍បន្ទាប់ (ពីដាក់ឱ្យប្រើប្រាស់) ដើម្បីការពារសុវត្ថិភាពរបស់អ្នកបើកបរ ព្រោះឃើញស្ថានភាពហាក់បីដូចជាគ្រោះថ្នាក់ណាស់។ មានរូបភាពខ្លះថតដាក់ហ្វេសប៊ុក តិចទុក បើកក្នុងល្បឿន ១ ដ៏លឿនមែនទែន ហើយសុទ្ធតែលេខហុងស៊ុយទៀត ១៦៨ អី ហើយខ្លះលើសហ្នឹងទៀត ដែលគេអនុញ្ញាតត្រឹម ១២០ គីឡូក្នុង ១ ម៉ោងហ្នឹង»។
លោក គឹម បញ្ញា រំពឹងថា គណៈគ្រប់គ្រងផ្លូវនឹងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងផាកពិន័យតាមច្បាប់និដាក់កាមេរ៉ាសុវត្ថិភាពឬមន្ត្រីត្រួតពិនិត្យច្បាប់ឱ្យបានច្រើនកន្លែងនៅលើផ្លូវនេះ និងបានស្នើឱ្យពិនិត្យជាថ្មីចំពោះករណីពលរដ្ឋដែលនៅតែយកម៉ូតូធុនតូចបើកចូលក្នុងផ្លូវនេះដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
លោកបានបន្តថា៖ «ប្រជាពលរដ្ឋជិះម៉ូតូអីហ្នឹង ក៏គួរតែធ្វើការរឹតបន្តឹងអនុវត្តច្បាប់ទៅលើពួកគាត់ដែរ សុំឱ្យអាជ្ញាធរមូលដ្ឋាននិងក្រសួងពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុនសហការគ្នាផ្សព្វផ្សាយអំពីទោសទណ្ឌ និងបំពាក់កាមេរ៉ាកន្លែងដែលមានបញ្ហាឱ្យបានច្រើនដើម្បីតាមដានមើល និងរកដំណោះស្រាយ ហើយចាត់វិធានការ។ អាជ្ញាធរក៏គួរតែពិនិត្យមើលដែរ និងស្វែរកយល់ ប្រសិនបើករណីជិះម៉ូតូចូលនៅតែមាន ព្រោះខ្លាចផ្លូវនេះគាត់ធ្លាប់ធ្វើដំណើររកស៊ីទទួលទានអី យើងត្រូវដោះស្រាយដោយបង្កើតផ្លូវឆ្លងកាត់ឱ្យគាត់»។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលមានចម្ងាយជាង ១៨០ គីឡូម៉ែត្រ ត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូន ប្រកាសបើកដំណើរការសាកល្បងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលាដោយអ្នកដំណើរអាចប្រើពេលប្រមាណ ២ ម៉ោងប៉ុណ្ណោះពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលខុសពីកន្លងមកត្រូវចំណាយពេលពី ៥ ទៅ ៦ ម៉ោងតាមផ្លូវជាតិលេខ ៤ ។ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ ផ្លូវល្បឿនលឿននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាផ្លូវការដែលអ្នកបើកបរ អាចនឹងត្រូវចំណាយថវិកាចន្លោះពី ១២ ដុល្លារដល់ ៦០ ដុល្លារ ទៅតាមប្រភេទយានយន្តដែលបានកំណត់៕
វីដេអូ៖