
ជនបរទេសគ្មានបណ្ណការងារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែតុលា។ រូបថត GDI
ភ្នំពេញៈចាប់ពីខែមករាដល់ខែតុលា ឆ្នាំនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសចំនួន ៣ ០៨០ ទីតាំង/គោលដៅត្រួតពិនិត្យពលករបរទេសចំនួន ៣០ ៨៣៤ នាក់ បានផាកពិន័យជនបរទេសគ្មានបណ្ណការងារចំនួន ២ ៤១៦ នាក់ គិតជាទឹកប្រាក់ប្រមាណ ១ ២០៨ លានរៀល ខណៈនៅថ្ងៃទី ២០-២២ ខែតុលាបានបណ្តេញជនបរទេសចំនួន ២៦៣ នាក់ មាន ៤ សញ្ជាតិចេញពីកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី ២២ តុលាបានឱ្យដឹងថា នៅថ្ងៃទី ២០-២២ តុលា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចំនួន ២៦៣ នាក់ មាន ៤ សញ្ជាតិ ក្នុងនោះជនជាតិបង់ក្លាដែស ២ នាក់ ជនជាតិថៃ ១៦ នាក់ ជនជាតិចិន ៧៤ នាក់ (តៃវ៉ាន់ ៩ នាក់) និងជនជាតិវៀតណាម ១៧១ នាក់ចេញពីកម្ពុជា ដោយអនុលោមតាមច្បាប់អន្តោប្រវេសន៍។ ជនបរទេសទាំងនេះត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍អន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង។
ប្រភពដដែលបញ្ជាក់ថា៖ «ជនបរទេសចំនួន ២៦៣ នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំ»។
លោក គៀត ចន្ទ័ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើសេចក្តីរាយការណ៍សង្ខេបចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ ជូនលោក ស ខេង ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេសពីថ្ងៃទី ២១ ខែតុលាថា ក្រោមការអនុវត្តប្រកាសអន្តរក្រសួងស្តីពីអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មជារៀងរាល់ឆ្នាំ នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានឯកជននានាទូទាំងប្រទេស។
លោកថ្លែងថា៖ «ជាលទ្ធផល ចាប់ពីខែមករា ដល់ខែតុលានេះ អគ្គនាយកដ្ឋាន បានសហការជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះត្រួតពិនិត្យគោលដៅ ៣ ០៨០ គោលដៅត្រួតពិនិត្យពលករបទេស ៣០ ៨៣៤ នាក់ ផាកពិន័យជនបរទេសគ្មានបណ្ណការងារ ២ ៤១៦ នាក់ គិតជាទឹកប្រាក់ប្រមាណ ១ ២០៨ លានរៀល»។
លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំនេះ ដោយបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តអនុវត្តផែនការនេះឱ្យបានហ្មត់ចត់ស្របតាមវិជ្ជាជីវៈ ការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
លោកថ្លែងថា៖ «សម្រាប់កិច្ចការងារអធិការកិច្ចរបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ត្រូវបន្តកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងក្រុមហ៊ុនរោងចក្រ សហគ្រាស វិនិយោគិននានាហើយការងារនេះផងដែរ ពិតជាបានរួមចំណែក ក្នុងការពង្រឹងការងាររក្សាសន្តិសុខ ក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខនេះ»។
ក្រសួងមហាផ្ទៃ និងក្រសួងការងារ កាលពីថ្ងៃទី ២១ តុលា បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយដោយបានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជំរុញអនុវត្តការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជាឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ប្រភពដដែលបានឱ្យដឹងថា ស្របពេលដែលកិច្ចប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់ កិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមគោលការណ៍របស់រាជរដ្ឋាភិបាល វិធានការនានារបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងដោយយោងតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីអន្តោប្រវេសន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផ្អែកតាមស្ថានភាពជាក់ស្តែង ក្រសួងមហាផ្ទៃ និងក្រសួងការងារ បានចេញប្រកាសអន្តរក្រសួង ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ពិនិត្យតាមដាន និងជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស។
សេចក្ដីប្រកាសបញ្ជាក់ថា ដើម្បីគណៈកម្មការអន្តរក្រសួងនេះអនុវត្តផែនការរបស់ខ្លួនទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិសមត្ថកិច្ចពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំង ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ព្រមទាំងស្ថានតំណាងបរទេសប្រចាំកម្ពុជា ដែលមានការពាក់ព័ន្ធ សូមផ្តល់ការគាំទ្រ និងចូលរួមសហការក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងនេះ ដើម្បីធានាដល់ការ អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ៕