បន្ទាយមានជ័យៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​ស្រូវពូជ​ជាង​ ៥០០ ​តោន​ដល់​ប្រជាកសិករ​ជាង​ ៥ ​ពាន់​គ្រួសារ ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។ ទន្ទឹមគ្នា​នោះដែរ​លោក ក៏​បាន​ជំរុញ​ឱ្យ​មាន​មន្ត្រី​បច្ចេកទេស​កសិកម្ម​ធ្វើការ​ស្រាវជ្រាវ និង​ណែនាំ​បច្ចេកទេស​ដាំដុះ​ ដើម្បី​ឱ្យ​ទទួល​បាន​ផលចំណេញ​។

លោក ហ៊ុន សែន ថ្លែងថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថ្មី លោក ឌិត ទីណា ដែល​ទើបតែ​ទទួល​បាន​ការតែងតាំង​បាន​ដើរ​ពិនិត្យ​តាម​បណ្តា​ខេត្ត​នានា និង​បាន​ចែក​ពូជស្រូវ​ដល់​កសិករ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​បាន​រាយការណ៍​ថា ស្រូវពូជ​ដែល​បាន​ចែក​ដល់​កសិករ​មាន​ការដុះ​បាន​ល្អ ប៉ុន្តែ​អ្វីដែល​រកឃើញ​នោះ​គឺមាន​ស្រែ​មួយ​ចំនួន​បាន ​ព្រោះ​ស្រូវពូជ​ក្រាស់​ពេក ដែល​មាន​ការចាំបាច់​ត្រូវការ​​កែសម្រួល​ណែនាំ​ខាង​បច្ចេកទេស​ សម្រាប់​ការដាំដុះ​ពាក់ព័ន្ធ​នឹង​ការព្រោះ​ស្រូវ​ពូជ​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ដី​ខ្លះ​ ១ ​ហិកតា​ត្រូវការ​ត្រឹមតែ​ ៥០ ​គីឡូ​ទេ ក៏ប៉ុន្តែ​យើង​លេង​ដល់​ទៅ​ ១០០ ​គីឡូ​។ អ៊ីចឹង​គឺ បើ​ញឹក​ពេក វា​មិន​រីក​ធំ អាហ្នឹង ​១ ​ផ្នែក​ទៅ​។ ១ ​ផ្នែក​ទៀត របៀប​ប្រើ​ជី ដែល​អាច​ឱ្យ​ការផលិត​ទៅ​វា​មិន​ទទួល​ដល់​នូវ​ការ​ចំណេញ​ទេ​។ ដូច្នេះ​សង្ឃឹម​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ថ្មី​នឹង​ប្រើប្រាស់​នូវ​ឱកាស​នេះ​ ដើម្បី​ស្រាវជ្រាវ និង​រុញ​អ្នកបច្ចេកទេស​ចុះ​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​របស់​យើង ធ្វើ​យ៉ាងម៉េច​ការផលិត​ឱ្យ​ទទួល​បាន​ផល​ហើយ​មាន​ប្រាក់ចំណេញ ដោយ​មិន​ប្រើប្រាស់​ពូជ​ច្រើន​ហួស និង​ជី​ច្រើន​ហួស ប៉ុន្តែ​ទទួល​បាន​ផល​ដូចគ្នា​»​។

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ស្រូវពូជ​ចំនួន​ ៧ ពាន់​តោន​រួចមកហើយ ដោយសារ​រដ្ឋាភិបាល​បាន​បម្រុង​ទុក​វិធានការ​នៅក្នុង​ដៃ ដែល​នោះ​គឺ​ជំពូក​ថវិកា​ដែល​មិនទាន់​បាន​បែងចែក​ត្រូវ​ចែក​នៅពេល​ណា​ដែល​គ្រោះទឹកជំនន់​បាន​ឆ្លង​ផុត​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​​ថា​៖ «​អ៊ីចឹង ប្រសិន​ជា​អា​ជំពូក​មិនទាន់​បែងចែក​គឺជា​ថវិកាបម្រុង​នៃ​ការប្រើប្រាស់​ថវិកា​បែរជា​ចែក​អស់​ទៅ​ក្រសួង​នេះ​ប៉ុណ្ណេះ ក្រសួង​នោះ​ប៉ុណ្ណោះ​ដល់​ទៅ​ពេល​គ្រោះ​មហន្តរាយ​ធម្មជាតិ​មកដល់ យើង​អត់​មាន​ប្រាក់​បម្រុង​សម្រាប់​ការដោះស្រាយ​បញ្ហា​។ អ៊ីចឹង​បាន​ជា​ខ្ញុំ​តែង​ថា បើ​ចង់​ថា នៅសល់​ប្រាក់​ទាក់ទិន​នឹង​ជំពូក​មិនទាន់​បែងចែក ចាំ​ចែក​ដល់​ចុង​ឆ្នាំទៅ ខ្ញុំ​ចុះហត្ថលេខា​ទៅ អនុក្រឹត្យ​បែងចែក​ទៅ ហើយ​ក្រសួង​នានា​យក​ទៅ​ប្រើប្រាស់​ សម្រាប់​ឆ្នាំក្រោយ​ទៅ​ក៏បាន​ដែរ​។ អាហ្នឹង​ទាក់ទិន​នឹង​របៀប​គ្រប់គ្រង​»​។

ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ទទួល​ស្បៀង​ពី​រដ្ឋាភិបាល​។ រូបថត SPM

លោក​បន្តថា​៖ «​ដូច្នេះ​ហើយ​បាន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​តែងតែ​បាន​ឃើញថា នៅ​ពេល​ដែល​មាន​គ្រោះទឹកជំនន់ ឬ​រាំងស្ងួត​ម្តងៗ រាជរដ្ឋាភិបាល​តែង​មាន​អន្តរាគមន៍ ហើយ​មាន​ប្រាក់កាស​»​។

ខណៈ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​ក៏​ធ្លាប់​ទទួល​បាន​អង្ករ​មួយ​ចំនួន​ហើយ​ដែរនោះ​លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ទុក​អង្ករ ​១០០ ​តោន​ និង​ប្រាក់​ ១០​ ម៉ឺន​ដុល្លារ​ សម្រាប់​អាជ្ញាធរខេត្ត​ដើរ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​ដទៃៗ​ទៀត​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គ្រោះធម្មជាតិ​គឺ​វា​ពិបាក​ណាស់​។ គេ​មិនអាច​បញ្ជា​កុំឱ្យ​ភ្លៀង​ធ្លាក់​នោះ​បាន​ទេ​។ នៅលើ​លោក​នេះ គឺ​មិនទាន់​មាន​ប្រទេស​ណាមួយ​ដែល​អាច​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ​បាន​នោះទេ​។ សូម្បីតែ​សហរដ្ឋអាមេរិក ក៏មាន​ពេលខ្លះ​ក៏មាន​ភ្លើង​ឆេះ​ព្រៃ ពេល​ខ្លះ​មាន​ទឹកជំនន់ គ្រោះ​រាំងស្ងួត ខ្យល់ព្យុះ​។ ប្រទេស​ចិន ជប៉ុន និង​ប្រទេស​ជិតខាង​កម្ពុជា​ក៏មាន​បញ្ហា​គ្រោះ​ធម្មជាតិ ដូចជា​ប្រទេស​វៀតណាម​ដែល​មាន​ព្យុះ​បក់បោក​ចូលដល់​ទាំង​ភាគ​កណ្តាល និង​ភាគ​ខាងជើង​ផង រីឯ​ប្រទេស​ថៃ​ក៏មាន​ស្ថានភាព​ទឹកជំនន់​ធ្ងន់ធ្ងរ ដែល​មាន​ទឹកធ្លាក់​ចុះមក​ពី​ថៃ​ចូល​មក​កម្ពុជា​ផងដែរ​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​ក្នុង​ពិធី​នេះ​ថា គិត​ចាប់ពី​ថ្ងៃទី​ ១៤ ខែ​កញ្ញា រហូត​ដល់​ថ្ងៃទី​ ២០ ខែតុលា ទឹកជំនន់​បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ក្រុង ស្រុក​ចំនួន​ ៨ រួមមាន ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ភ្នំស្រុក ស្រុក​ព្រះនេត្រព្រះ ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ម៉ាឡៃ​។

លោក អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ទៀតថា ទឹកជំនន់​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ជាង ​៦ ​ម៉ឺន​នាក់ ដែល​មាន​ជាង​ ១​ ម៉ឺន​គ្រួសារ លង់ទឹក​ស្លាប់​ ៤​ នាក់ ប៉ះពាល់​ផល​ស្រូវ​ជាង​ ៣ ​ម៉ឺន​ហិកតា ខូចខាត​ស្រូវ​ជាង​ ២ ​ម៉ឺន​ហិកតា ដំឡូង​ជាង​ ៣​ ម៉ឺន​ហិកតា ដំណាំ​រួមផ្សំ​ជាង​ ២​ ម៉ឺន​ហិកតា​ប៉ះពាល់​សត្វពាហនៈ​ជិត​ ៣ ០០០ ​ក្បាល​។

លោក អ៊ុំ រាត្រី ថ្លែងថា​៖ «​ជា​ការឆ្លើយតប​បន្ទាន់ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត បាន​ចេញ​សេចក្តី​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ ដោយ​ណែនាំ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង មាត់​អូរ និង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចេញ​សារ​ជា​សំឡេង​ប្រកាស​​ព័ត៌មាន​តាម​ប្រព័ន្ធ​ប្រកាស​ឱ្យដឹង​មុន​ ១ ២៩៤ »​។

នា​រសៀល​ថ្ងៃទី ​២៣ ខែតុលា លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កសិករ ដើម្បី​សិក្សា​អំពី​តម្លៃ​នៃ​ការផលិត​។ ការសិក្សា​នេះ​គឺជា​ជំហាន​ដំបូងបង្អស់ ដើម្បី​ឈាន​ទៅ​កំណត់​នូវ​ការចំណាយ​របស់​កសិករ​ថា តើ​ការចំណាយ​ណាខ្លះ​ដែល​មិនចាំបាច់ ឬ​អាច​កាត់បន្ថយ​បាន​?

លោក ងិន ឆាយ ក៏បាន​ផ្ដល់​ការណែនាំ​ផ្នែក​បច្ចេកទេស​នៃ​ការដាំដុះ ការប្រើប្រាស់​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ជូន​ដល់​កសិករ​ផងដែរ​៕

វីដេអូ៖