ភ្នំពេញៈ អង្គការអុកស្វាម (OXFAM) បានចេញផ្សាយគោលនយោបាយសង្ខេបមួយស្តីពីការ «ផ្តោតការយកចិត្តទុកដាក់លើកាតព្វកិច្ចផ្នែកគោលនយោបាយឱ្យកាន់តែខ្លាំងចំពោះវិស័យហិរញ្ញវត្ថុរបស់អាស៊ាន» ដោយជំរុញឱ្យពង្រឹងកាតព្វកិច្ចផ្នែកគោលនយោបាយហិរញ្ញវត្ថុ ដើម្បីការពារសិទ្ធិស្ត្រីនៅក្នុងតំបន់អាស៊ាន។
ក្រោមជំនួយរបស់ហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) និងកម្មវិធីលើកកម្ពស់ យេនឌ័រ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិ-ពាណិជ្ជកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ (GRAISEA) គោលនយោបាយនេះនឹងត្រូវដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ នៅមុនកិច្ចប្រជុំកំពូលអាស៊ាននាខែវិច្ឆិកាខាងមុខ។
អនុសាសន៍នៅក្នុងគោលនយោបាយនេះត្រូវបានសំយោគ និងសម្រិតសម្រាំងក្នុងអំឡុងកិច្ចសន្ទនាពហុភាគី ដែលបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ «ការពង្រឹង ហិរញ្ញវត្ថុប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងតំបន់អាស៊ាន» កាលពីខែកន្លងទៅ។
តំណាងពីរាជរដ្ឋាភិបាលកម្ពុជា សមាជិកសភាជាតិ និងវិស័យឯកជន និងសង្គមស៊ីវិលនៅក្នុងតំបន់អាស៊ាន បានចូលរួមនៅក្នុងកិច្ចសន្ទនានេះ ដើម្បីពិនិត្យមើលរួមគ្នាលើការរកឃើញ និងអនុសាសន៍សំខាន់ៗពីរបាយការណ៍រួមក្រោមចំណងជើងថា «Harvesting Inequality៖ ផលប៉ះពាល់សង្គមពីការវិនិយោគរបស់ស្ថាប័នហិរញ្ញវត្ថុទៅក្នុងវិស័យកសិ-ពាណិជ្ជកម្មនៅតំបន់អាស៊ី»។
លោកស្រី Bernadette Victorio ប្រធានកម្មវិធី FFA ថ្លែងថា អនុសាសន៍ផ្នែកគោលនយោបាយអំពាវនាវឱ្យវិស័យហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអាស៊ានគិតគូរដើម្បីកាត់បន្ថយ ហានិភ័យសង្គម និងគ្រោះថ្នាក់នៅក្នុងវិស័យកសិ-ពាណិជ្ជកម្មតាមរយៈផ្តោតការយកចិត្តទុកដាក់លើ កាតព្វកិច្ចផ្នែកគោលនយោបាយឱ្យកាន់តែខ្លាំង និងការវាយតម្លៃផលប៉ះពាល់។
លោកស្រីថ្លែងថា៖ «កង្វះវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ ដែលប្រកាន់ខ្ជាប់នូវបទដ្ឋាន និងអនុសញ្ញាអន្តរជាតិ រួមផ្សំនឹងភាពទន់ជ្រាយនៃតុល្យភាពអំណាចនៅថ្នាក់តំបន់ និងតាមប្រទេសនីមួយៗ បន្តផ្តល់លទ្ធភាពឱ្យមានការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្រ្តីជារឿយៗ»។
លោកស្រី Bernadette បន្ថែមថា រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុនៅអាស៊ានត្រូវមានការប្តេជ្ញាចិត្ត និងប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយដែលគោរព និងលើកតម្កើងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងស្តង់ដាពិភពលោកលើហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ។
គោលនយោបាយសង្ខេបនៅក្នុងរបាយការណ៍ Harvesting Inequality របស់ FFA-GRAISEA បានលើកឡើងទៀតថា៖ «បើទោះជារដ្ឋាភិបាលបានរៀបចំឱ្យមាន និងដាក់ចេញនូវបទប្បញ្ញត្តិស្តីពីសិទ្ធិការងារ និងសមភាពយេនឌ័រក៏ដោយ លក្ខខណ្ឌការងាររបស់កម្មករក្នុងវិស័យម្ហូបអាហារ និងកសិកម្ម [នៅអាស៊ី] មិនទាន់មានស្មើគ្នានៅឡើយទេ»។
របកគំហើញនៅក្នុងរបាយការណ៍គោលនយោបាយសង្ខេបនេះអះអាងថា ស្ថាប័នហិរញ្ញវត្ថុពិតជា រួមចំណែកបង្កើតឱ្យមានវិសមភាពតាមរយៈការអនុវត្ត «មិនបានល្អ លើនិរន្តរភាពផ្នែកសមភាពយេនឌ័រ សិទ្ធិការងារ តម្លាភាព និងគណនេយ្យភាព» បើទោះជាបរិយាប័ន្ន ហិរញ្ញវត្ថុត្រូវបានសម្រេចយ៉ាងល្អប្រសើរក៏ដោយ។
របាយការណ៍ Harvesting Inequality របស់ FFA-GRAISEA រកឃើញថា ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដែលមានឥទ្ធិពលហើយសកម្មនៅតាមបណ្តាប្រទេសអាស៊ី ចំនួន ៥៤ មាន ១៣ ដែលទទួលបានពិន្ទុជាមធ្យមទាប ពោលគឺ ២/១០ សម្រាប់សមភាពយេនឌ័រ សិទ្ធិមនុស្ស សិទ្ធិការងារ តម្លាភាព និងគណនេយ្យភាព។ នេះបើផ្អែកលើលក្ខណវិនិច្ឆ័យនៃវិធីសាស្ត្រ អន្តរជាតិនៃមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ (FFGI)។
សេចក្តីសង្ខេបគោលនយោបាយ លើកឡើងនូវអនុសាសន៍ផ្នែកគោលនយោបាយទូលំទូលាយចំនួន៤ដល់បណ្តារដ្ឋសមាជិកអាស៊ានរួមមានទី១ រៀបចំបង្កើតវត្តករសាស្ត្រចីរភាពហិរញ្ញវត្ថុដែលលើកកម្ពស់សិទ្ធិមនុស្ស និងស្តង់ដាសង្គម ទី២ ពង្រឹងយន្តការអនុវត្ត ដើម្បីធានាថា គោលការណ៍ណែនាំថ្នាក់ជាតិ និងតំបន់ត្រូវបានយកមកប្រើប្រាស់យ៉ាងពេញលេញ។
អនុសាសន៍ទី៣ គឺអនុម័តបទប្បញ្ញត្តិជាតិស្តីពីកាតព្វកិច្ចផ្នែកគោលនយោបាយសិទ្ធិមនុស្សជាតិសម្រាប់វិស័យ ឯកជន និងស្ថាប័នហិរញ្ញវត្ថុស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពី ធុរកិច្ច និងសិទ្ធិមនុស្ស (UNGPs) និងគោលការណ៍ណែនាំរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) សម្រាប់សាជីវកម្មពហុជាតិសាសន៍។
ចំណែកអនុសាសន៍ទី៤ ធ្វើឱ្យកាន់តែប្រសើរឡើងនូវលទ្ធភាពទទួលបានឥណទាន និងផលិតផលហិរញ្ញវត្ថុសម្រាប់ស្ត្រី។
នៅក្នុងអនុសាសន៍នីមួយៗ សេចក្តីសង្ខេបគោលនយោបាយផ្តល់អនុសាសន៍ជាក់លាក់ចំពោះបរិបទរបស់កម្ពុជា។
លោកស្រី ភាណ សោភ័ណ តំណាងអង្គការអុកស្វាម ប្រចាំកម្ពុជាសម្តែងសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូនសេចក្តីសង្ខេបគោលនយោបាយស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបញ្ហាយេនឌ័រក្នុងវិស័យកសិ-ពាណិជ្ជកម្មជូនរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២។
លោកស្រីថ្លែងថា៖ «អនុសាសន៍ទាំងនេះ គឺជាគន្លឹះក្នុងការកាត់បន្ថយកិច្ចប្រតិបត្តិ ដែលបង្កគ្រោះថ្នាក់ដល់សង្គម ជាពិសេសនៅក្នុងវិស័យកសិ-ពាណិជ្ជកម្មនៅអាស៊ី ដូចជាការរើសអើងផ្នែកយេនឌ័រ ភាពក្រីក្ររ៉ាំរ៉ៃ ប្រាក់ឈ្នួលទាប ជំងឺ របួស និងការកេងប្រវ័ញ្ច នានា»។
អង្គការអុកស្វាមអំពាវនាវឱ្យរាជរដ្ឋាភិបាលរបស់រដ្ឋសមាជិកអាស៊ាន និងគ្រឹះស្ថានហិរញ្ញវត្ថុធានាថា សិទ្ធិកសិករ និងកម្មករជាស្រ្តី និងក្រុមជនបាត់បង់ឱកាសផ្សេងទៀតនៅក្នុងវិស័យកសិ-ពាណិជ្ជកម្មត្រូវបានការពារ៕