ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា គ្រោងស្ថាបនាផ្លូវវាងក្រុងសៀមរាបចំនួន ២ ខ្សែ ក្រោមគម្រោងថវិកាប្រមាណ ១៤០ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងដែលស្ថិតនៅស្រុកអង្គរធំ ខេត្តសៀមរាប។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូនចេញផ្សាយនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២។
ការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននេះធ្វើឡើងដោយផ្អែកតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពេលអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣ ២០០ គ្រួសារថ្មីទៀតដែលបានស្ម័គ្រចិត្តរើលំនៅចេញពីរមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំបានឱ្យគោលការណ៍រួចហើយ ឯកឧត្ដម ជា សុផារ៉ា [រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់] ក៏បានរាយការណ៍។ រឿងនេះខ្ញុំក៏គួរតែបញ្ជាក់បន្ដិចម្សិលមិញ (ថ្ងៃទី ២១ ខែតុលា) ឯកឧត្ដម ស៊ុន ចាន់ថុល បានវាយមកឱ្យខ្ញុំតាម WhatsApp គឺមានផ្លូវ ១ ខ្សែ ដែលវាងក្រុងសៀមរាបខាងជើងគឺនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងដែលមានប្រវែងជាង ៥៥ គីឡូម៉ែត្រ ត្រូវបញ្ចប់ការសិក្សា ហើយគ្រោងនឹងប្រើប្រាស់ថវិកាចំនួន ៤៦ លានដុល្លារអាមេរិក»។
លោកនាយករដ្ឋមន្ដ្រីបានឱ្យដឹងថា គម្រោងសាងសង់នេះត្រូវស្នើឡើង ក្រោមប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងអនុវត្តនៅឆ្នាំ ២០២៤។
លោកបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវនេះ នឹងត្រូវសាងសង់ដោយក្រាលប្រភេទបេតុង AC ដែលមានទទឹង ១១ ម៉ែត្រ បែងចែកជា ២ កំណាត់។កំណាត់ទី ១ ប្រវែង ៣៧,៣៧ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ទីប្រជុំជនស្រុកថ្មពួកដល់ផ្លូវជាតិលេខ ៦៧ ដោយប្រើប្រាស់ថវិកាប្រមាណ ៣១ លានដុល្លារអាមេរិក និងកំណាត់ផ្លូវទី២ ប្រវែង ១៨ គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ ៦៧ ដល់ផ្លូវជាតិលេខ ៦៤ ប្រើប្រាស់ថវិកាប្រមាណ ១៤ លានដុល្លារអាមេរិក។
លោកបានបញ្ជាក់់ថា៖ «អាហ្នឹង គឺគម្រោងផ្លូវមួយអាចនឹងពាក់ព័ន្ធនឹងខាងតំបន់យើងនេះ (តំបន់អភិវឌ្ឍន៍ពាក់ស្នែង)»។
ចំណែកគម្រោង ១ ទៀត លោកនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា គឺស្ថាបនាផ្លូវវាងក្រុងសៀមរាប ប៉ែកខាងត្បូង គឺប្រវែង ៤៥,៧៧ គីឡូម៉ែត្រត្រូវបានបញ្ចប់ការសិក្សារួចហើយ ដែលគ្រោងនឹងប្រើប្រាស់ថវិការហូតទៅដល់ ៩៤,១ លានដុល្លារអាមេរិកដែលគម្រោងនេះ អាចនឹងប្រើឥណទានពីសាធារណរដ្ឋកូរ៉េ។
លោកថ្លែងថា៖ «អ៊ីចឹង ចំណុចនេះ ខ្ញុំគ្រាន់តែបញ្ជាក់ថា អាចថ្ងៃក្រោយ ហេដ្ឋារចនាសម្ព័ន្ធនឹងរីកដុះដាលជាងនេះ ដើម្បីបម្រើឱ្យទិសដៅអភិវឌ្ឍន៍នៅតំបន់ទីនេះ (តំបន់អភិវឌ្ឍន៍ពាក់ស្នែង) គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដែលយើងត្រូវធ្វើខ្លួនឯង ដែលខ្ញុំផ្ដល់នូវការអនុញ្ញាតឱ្យធ្វើ មិនខុសពីហេដ្ឋារចនាសម្ព័ន្ធទៅរុនតាឯកទេ»។
លោកបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងបន្តអភិវឌ្ឍរបៀបនេះ ដោយបង្កើតឱ្យមានតំបន់កន្លែងដីឡូត៍មានសាលារៀន មន្ទីរពេទ្យ និងត្រៀមដីទុកដើម្បីកសាងវត្តអារាមនៅពេលក្រោយផងដែរ ដើម្បីប្រជាពលរដ្ឋអាចទៅធ្វើបុណ្យបាន។
យ៉ាងណាក្ដី ជុំវិញដំណើរការស្ថាបនាផ្លូវទាំង ២ ខែ្សនេះ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនពុំទាន់បានឆ្លើយតបនឹងការសុំអត្ថាធិប្បាយពី ភ្នំពេញ ប៉ុស្ដិ៍ នៅឡើយទេ កាលពីរសៀលថ្ងៃទី ២៤ តុលា៕